(ភ្នំពេញ)៖ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក ថោង ខុន បានថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី១៥ ខែមេសា ឆ្នាំ២០១៨នេះថា សម្រាប់ព្រឹត្តិការណ៍អង្គរសង្ក្រាន្ត រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៨នេះ ទទួលបានភ្ញៀវទេសចរជាតិ និងអន្តរ ប្រមាណជាង ៦៦ម៉ឺននាក់ កើន២៩.២៣% បើប្រៀបធៀបឆ្នាំ២០១៧ ប្រមាណជាង៥១ម៉ឺននាក់ប៉ុណ្ណោះ។
លោករដ្ឋមន្ត្រី ថោង ខុន បានបញ្ជាក់ទៀតថាក្នុងចំណោម ភ្ញៀវទេសចរទាំង៦៦ម៉ឺននាក់ក្នុងនោះរួមមាន៖ ភ្ញៀវជាតិមានចំនួនប្រមាណ ៦៥ម៉ឺននាក់ កើន ៣៣% បើប្រៀបធៀបឆ្នាំ២០១៧ ប្រមាណ ៥០ម៉ឺននាក់ និង ភ្ញៀវអន្តរជាតិចំនួន ១៣,០៣៦ កើន០.០៣% ប្រៀបធៀបឆ្នាំ២០១៧ ចំនួន ១៣,០៣២នាក់ (ភ្ញៀវទេសចរទិញសំបុត្រចូលទស្សនាប្រាសាទ) ។
លោករដ្ឋមន្ត្រីបញ្ជាក់ថា ចំពោះស្ថិតិអន្តរជាតិខាងលើ គឺជាភ្ញៀវដែលបានទិញសំបុត្ររចូលទស្សនាអង្គរ មិនទាន់បានគិតពីភ្ញៀវមិនទាន់បានចូលប្រាសាទ ដោយភ្ញៀវមួយចំនួន ដើរកំសាន្តសប្បាយរីករាយនៅខាងក្រៅនៅទ្បើយ។
លោក ថោង ខុន បានលើកឡើងថា កំណើននៃភ្ញៀវទេសចរច្រើនដូច្នេះ ដោយសារតែកត្តាធំៗដែលរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន បានខិតខំប្រឹងប្រែងថែរក្សានូវសុខសន្តិភាព ស្ថិរភាពនយោបាយ និងជំរុញការអភិវឌ្ឍន៍កំណើនសេដ្ឋកិច្ច ឲ្យប្រជាជនកាន់តែមានជីវភាពធូរធារ អាចមានលទ្ធភាព ក្នុងការដើរលេងកម្សាន្តគ្រប់ទីកន្លែងទូរទាំងប្រទេសកម្ពុជា ដោយគ្មានការព្រួយបារម្ភឡើយ៕