(កណ្ដាល)៖ លោកគ្រូ-អ្នកគ្រូ និងសិស្សានុសិស្ស នៃសាលាអនុវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុន សែន កោះចូរ៉ាម ដែលស្ថិតនៅក្នុងស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល នាថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៨ ដែលជាថ្ងៃចូលឆ្នាំថ្ងៃទី១ បានមូលមតិគ្នា ប្រារព្ធពិធីជួបជុំ អតីតសិស្ស គ្រប់ជំនាន់ និងរំលឹកគុណគ្រូ ជាលើកទី៣ ដោយមានអតីតសិស្សចូលរួម និងលោកគ្រូ-អ្នកគ្រូ ៥០០នាក់។
ការជួបជុំអតីតសិស្ស និងគ្រូ ជាលើកទី៣ ខាងលើនេះ ក៏មានការពិសារ នូវអាហារសាមគ្គី ព្រមទាំងការជូន នូវកាដូអនុស្សាវរីយ៍ ពីសំណាក់អតីតសិស្ស ជូនទៅដល់ លោកគ្រូ-អ្នកគ្រូ ដែលបានចូលនិវត្តន៍ ដែលកន្លងទៅ ពួកគាត់បានខិតខំបង្រៀន និងទូន្មានប្រៀនប្រដៅពួកគេ រហូតដល់ពួកគេសព្វថ្ងៃ មានជីវភាពធូរធាររៀងៗខ្លួន។
ដោយក្នុងនោះ មានអ្នកខ្លះ ធ្វើជាមន្រ្តីរាជការមានស័ក មានអំណាច អ្នកខ្លះធ្វើវិជ្ជៈបណ្ឌិត ព្រោះតែសមិទ្ធផលទាំងនេះហើយ ទើបធ្វើឲ្យពួកគេមិនអាចបំភ្លេចគុណ លោកគ្រូ-អ្នកគ្រូ បានឡើយ។ នេះហើយជាសញ្ញាណមួយ បានបញ្ជាក់ពីទឹកចិត្ត នៃការគោរពស្រលាញ់ចំពោះសិស្ស ជាមួយលោកគ្រូ-អ្នកគ្រូ ដែលមិនអាចកាត់ថ្លៃបានឡើយ។
ក្នុងឱកាសនោះដែរ លោកនាយកសាលាអនុវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុន សែន កោះចូរ៉ាម បានលើកឡើងថា កម្មវិធីជួបជុំអតីតសិស្ស និងលោកគ្រូអ្នកនេះ មានអត្ថន័យជ្រាលជ្រៅណាស់។
ទី១៖ វាបានបង្កើតភាពសាមគ្គីភាពគ្នា និងការនឹករលឹកគ្នា រវាងអតីតសិស្សយើងគ្រប់ជំនាន់ ឲ្យបានរំលឹកឡើងវិញ នូវអនុស្សាវរីយ៍ ដែលបានសិក្សាកន្លងទៅនៅទីនេះ។
ទី២៖ សម្ដែងនូវភាពកត្តញ៉ូ កត្តវេទី ដល់លោកគ្រូ-អ្នកគ្រូ ដែលបានបង្ហាត់បង្រៀន ដល់លោក-លោកស្រី និងប្អូនៗ អតីតសិស្សទាំងអស់ហើយប្អូនៗ ក៏បានមានថ្ងៃនេះ មានអ្វីៗទាំងអស់សម្រាប់ថ្ងៃនេះ គឺបានដោយសារការជ្រុំជ្រែង ការបង្ហាត់បង្រៀន របស់លោកគ្រូ-អ្នកគ្រូយើង។
លោកនាយកសាលា បានបន្ថែមទៀតថា «ភាពកត្តញ៉ូនេះហើយ ដែលធ្វើឲ្យខ្ញុំ និងគណៈគ្រប់គ្រង លោកគ្រូ-អ្នកគ្រូទាំងអស់ មានមោទនភាពក្រៃលែង ដែលញាំងឲ្យកម្លាំងចិត្ត កម្លាំងកាយខិតខំប្រឹងប្រែងថែមទៀត ដើម្បីបណ្ដុះបណ្ដាលសិស្សយើង ជំនាន់ក្រោយៗទៀត ឲ្យមានជោគវាសនាដូចអតីតសិស្សយើងជំនាន់មុនៗ»៕