(កំពង់ចាម)៖ ពិតជារឿងមួយដ៏គួរឲ្យអាសូរពន់ពេក សម្រាប់ជនជាតិឥស្លាមមួយគ្រួសារ ពេលកំពុងតែជិះទូកទៅលេងទឹកនៅចុងកោះ ស្រាប់តែលិចទូកបណ្ដាលឲ្យស្លាប់៤នាក់ នៅឃុំពាមជីកង ស្រុកកងមាស ខេត្តកំពង់ចាម។

ស្នងការនគរបាលខេត្តកំពង់ចាម លោកឧត្តមសេនីយ៍ទោ ឯម កុសល បានប្រាប់អង្គភាព Fresh News ឲ្យដឹងនៅព្រឹកថ្ងៃទី១៥ ខែមេសា ឆ្នាំ២០១៨នេះថា ហេតុការណ៍នេះកើតឡើង នៅវេលាម៉ោង០៤៖០០នាទីល្ងាច ថ្ងៃទី១៤ ខែមេសា ពោលថ្ងៃទី១នៃបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ។

លោកឧត្តមសេនីយ៍ស្នងការ ក្រោយកើតហេតុការណ៍នេះភ្លាមៗ កម្លាំងសមត្ថកិច្ចបានចេញអន្ដរាគមន៍ដើម្បីជួយសង្គ្រោះដោយប្រើប្រាស់ពេលអស់ជាង២ម៉ោង ទើបរកឃើញជនរងគ្រោះ៣នាក់ បានស្លាប់បាត់បង់ជីវិត ក្នុងនោះមាន ម្ដាយ និងកូន២នាក់ ដោយឡែកក្មួយម្នាក់ទៀតទើបរកឃើញនៅវេលាម៉ោង៩ព្រឹកមិញនេះ។

ក្រោយពិនិត្យសាកសពរួចរាល់ នគរបាលជំនាញបានប្រគល់សពជូនក្រុមគ្រួសារ ដើម្បីធ្វើបុណ្យតាមប្រពៃណី៕