(ភ្នំពេញ)៖ អគ្គិសនីកម្ពុជា បានឲ្យដឹងថា នៅវេលាម៉ោង១២៖០៥នាទីយប់ ឈានចូលថ្ងៃទី១៥ ខែមេសា ឆ្នាំ២០១៨នេះ មានករណីដាច់ចរន្តអគ្គិសនី នៅបន្ទប់ភ្លើងលេខ109-F6 មូលហេតុដោយសារក្រុមហ៊ុន ស៊ីនទ្រី កាយសំរាមប៉ះខ្សែបណ្ដាញតង់ស្យុងទាប (LV) ក្រោមដី ដែលមានទីតាំងស្ថិតនៅភូមិមិត្តភាព សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
បើតាមអគ្គិសនីកម្ពុជា ទោះបីការដាច់ភ្លើងនេះនៅកណ្ដាលរាត្រីក៏ដោយ ក្រុមការងារបច្ចេកទេសមិនបណ្ដាយឲ្យអតិថិជនអត់អគ្គិសនីប្រើប្រាស់នោះទេ ពោលក្រុមការងារបានធ្វើការបណ្ដែតខ្សែបណ្ដាញអាកាស និងភ្ជាប់ចរន្តអគ្គិសនីជូនអតិថិជនឲ្យមានចរន្តប្រើប្រាស់ឡើងវិញ នៅវេលាម៉ោង០២៖១៨នាទីយប់ នាថ្ងៃទី១៥ ខែមេសា ឆ្នាំ២០១៨។
អគ្គិសនីកម្ពុជា សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋឲ្យមានការប្រុងប្រយ័ត្នខ្ពស់ នៅពេលបំពេញការងារនៅជិតគន្លងខ្សែបណ្ដាញអគ្គិសនី ពីព្រោះអាចបណ្ដាលឲ្យមានការរអាក់រអួលក្នុងការផ្គត់ផ្គង់ចរន្តអគ្គិសនី និងគ្រោះថ្នាក់ជាយថាហេតុ៕