(សៀមរាប)៖ របាយការណ៍របស់លេខាធិការដ្ឋាន នៃគណៈបញ្ជាការការពារ ក្នុងពិធីបុណ្យអង្គរសង្ក្រាន្ត បានឲ្យដឹងថា ព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៃថ្ងៃទី១នៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ត្រូវនឹងថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៨ សភាពការណ៍សន្តិសុខ សណ្តាប់ធ្នាប់មានភាពល្អប្រសើរ បទល្មើសព្រហ្មទណ្ឌ កើតឡើងនោះឡើយ។
របាយការណ៍ដដែលបានបញ្ជាក់ថា គិតពីម៉ោង០៧៖០០នាទី ដល់ម៉ោង១៧៖០០នាទី ថ្ងៃទី១៤ ខែមេសា ពិនិត្យជារួមសភាពការណ៍សន្តិសុខ សណ្តាប់ធ្នាប់ មានភាពល្អប្រសើរ ប្រជាពលរដ្ឋ ភ្ញៀវជាតិ-អន្តរជាតិ បានមកចូលរួមលេងកំសាន្តសប្បាយក្នុងកម្មវិធីអង្គរសង្ក្រាន្ត ក្រោមការយកចិត្តទុកដាក់ប្រកបដោយឆន្ទៈ និងស្មារតីទទួលខុស ត្រូវខ្ពស់ក្នុងការការពារសន្តិសុខ សុវត្ថិភាព និងការរៀបចំសណ្តាប់ធ្នាប់ របស់សមត្ថកិច្ចនៅគ្រប់គោលដៅទាំងអស់។ នេះបើយោងតាមគេហទំព័រ អគ្គស្នងការនគរបាលជាតិ។
គណៈបញ្ជាការការពារ ក្នុងពិធីបុណ្យអង្គរសង្ក្រាន្ត បានឲ្យដឹងថា សភាពការណ៍បទល្មើសព្រហ្មទណ្ឌ ពុំមានអ្វីកើតឡើងគួរកត់សម្គាល់ ដោយឡែកសភាពការណ៍គ្រោះថ្នាក់សង្គម ក៏ពុំមានអ្វីកើតឡើងគួរកត់សម្គាល់ផងដែរ។
លទ្ធផលកិច្ចប្រតិបត្តិការវិញ សមត្ថកិច្ចនគរបាលបានសហការជាមួយសមត្ថកិច្ចពាក់ព័ន្ធការពារសុវត្ថិភាពជូនថ្នាក់ដឹកនាំ ពិសេសសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក្នុងឱកាសអញ្ជើញចូលរួមពិធីអុជធូបទទួលទេវតាឆ្នាំថ្មី ក្នុងតំបន់ a1 ប្រកបដោយសុវត្ថិភាព, បានស្រាវជ្រាវរកឃើញលិខិតឆ្លងដែន១ក្បាល ប្រគល់ជូនភ្ញៀវទេសចរជនជាតិចិន១នាក់ នៅតំបន់ a2 (ជាករណីជ្រុះបាត់ រួចមកប្តឹងសមត្ថកិច្ច), បានសហការនៅគ្រប់គោលដៅប្រារព្ធពិធី ដើម្បីសម្រួលលំហូរចរាចរណ៍ និងបញ្ជៀសការកកស្ទះ ព្រមទាំងបានពង្រាយកម្លាំងត្រៀមអន្តរាគមន៍ ពេលមានហេតុការណ៍កើតឡើងជាយថាហេតុ, បានចុះផ្សព្វផ្សាយអប់រំស្តីពីការងារបង្ការ និងពន្លត់អគ្គីភ័យបានចំនួន១៤០មូលដ្ឋាន និងបានចែកខិត្តប័ណ្ណផ្សព្វផ្សាយលេខទូរស័ព្ធទំនាក់ទំនងចំនួន ២៨០សន្លឹក ព្រមទាំងបានចេញរថយន្តពន្លត់ អគ្គីភ័យចំនួន៤គ្រឿង ប្រើប្រាស់ទឹកចំនួន ២៣ឡាន បាញ់នៅតាមទីតំបន់កំសាន្តសប្បាយនានា (តំបន់ a2 និង a4) ដើម្បីកាត់បន្ថយកម្តៅ និងការហុយដី។
ដោយឡែកសភាពការណ៍ក្រៅតំបន់ពិធីក្នុងខេត្ត (តំបន់ C) សភាពការណ៍បទល្មើសព្រហ្មទណ្ឌ ពុំមានអ្វីកើតឡើងគួរកត់សម្គាល់, សភាពការណ៍គ្រោះថ្នាក់សង្គម កើតឡើង ២លើក គឺអគ្គីភ័យ១លើកឆេះផ្ទះ១ខ្នង និងវិលមុខដួល១លើក ជនជាតិហូឡង់ដ៏ម្នាក់។
រីឯលទ្ធផលកិច្ចប្រតិបត្តិការវិញ បានចេញរថយន្តពន្លត់អគ្គីភ័យចំនួន៦គ្រឿង (នគរបាល៥គ្រឿង អាវុធហត្ថ ១គ្រឿង) ជួយអន្តរាគមន៍ពន្លត់អគ្គីភ័យ ១លើក នៅក្រុងសៀមរាប ដោយប្រើប្រាស់ទឹកចំនួន ៦ឡាន ទប់ស្កាត់ការរីករាលដាលបង្កជាគ្រោះមហន្តរាយធ្ងន់ធ្ងរ (ឆេះផ្ទះ ១ខ្នង មូលហេតុឆ្លងចរន្តអគ្គិសនី), បានបញ្ជូនជនជាតិហូឡង់ដ៏ម្នាក់ ភេទស្រី (វិលមុខដួលនៅក្រុងសៀមរាប) ទៅសង្រ្គោះនៅមន្ទីរពេទ្យបង្អែក ឲ្យមានសុខភាពល្អប្រសើរឡើងវិញ, បានស្រាវជ្រាវរកឃើញកាមេរ៉ា១គ្រឿង ប្រគល់ជូនភ្ញៀវទេសចរជនជាតិចិនម្នាក់ នៅក្រោយប្រាសាទបន្ទាយស្រី (ស្រុកបន្ទាយស្រី) និងកំពុងស្រាវជ្រាវតាមបណ្តឹងរបស់ភ្ញៀវទេសចរជនជាតិមីយ៉ាន់ម៉ាម្នាក់ (ភេទស្រី) ពាក់ព័ន្ធករណីជ្រុះបាត់កាបូបលុយនៅសង្កាត់នគរធំ ក្រុងសៀមរាប៕