(ភ្នំពេញ)៖ លោកទេសរដ្ឋមន្ដ្រី ញឹម វណ្ណដា ទទួលបន្ទុកអនុប្រធានប្រចាំការ និងលោកស្រី បានអញ្ជើញសំណេះសំណាល និងជប់លៀងអបអរសាទរពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ជាមួយបងប្អូនកម្មករ កម្មការិនីនៃរោងចក្រកាត់ដេរសំលៀកបំពាក់ ធានស៊ុនកម្ពុជា ស្ថិតក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។
លោក ស៊ិន ម៉េហូ ប្រធានគ្រប់គ្រងរោងចក្រកាត់ដេរសំលៀកបំពាក់ ធានស៊ុនកម្ពុជា បានសម្ដែងក្ដីរំភើបរីករាយ និងស្វាគមន៍ចំពោះវត្តមាន លោកទេសរដ្ឋមន្ត្រី ញឹម វណ្ណដា និងលោកស្រី នៅក្នុងឱកាសសំណេះសំណាល និងជប់លៀងអបអរសាទរពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ជាមួយបងប្អូនកម្មករ កម្មការរិនី នៃរោងចក្ររបស់លោក។ វត្តមានរបស់ទេសរដ្ឋមន្ត្រី ញឹម វណ្ណដា គឺជាការលើកទឹកចិត្ត និងផ្តល់ភាពសប្បាយរីករាយដល់បងប្អូនកម្មករ កម្មការិនី ដែលខិតខំប្រែងប្រែងធ្វើការងារក្នុងរោងចក្រទៅតាមផ្នែកនីមួយៗក្នុងរយៈពេលកន្លងមក។
លោកប្រធានគ្រប់គ្រងរោងចក្រកាត់ដេរ ធានស៊ុនកម្ពុជា បានលើកឡើងថា ចាប់តាំងពីការបង្កើតរោងចក្រនេះមកចំនួនកម្មករ កម្មការិនី មានការកើនឡើងពីជាង១០០នាក់ រហូតដល់ជាង១០០០នាក់ ហើយការបញ្ជាទិញសំលៀកបំពាក់របស់រោងចក្រក្នុងឆ្នាំ២០១៧ មានការកើនឡើងជាងឆ្នាំ២០១៦ ហើយលោករំពឹងទុកថា រោងចក្ររបស់លោកនឹងទទួលការបញ្ជាទិញបន្ថែមទៀត ក្នុងឆ្នាំខាងមុខ ហើយចំនួនកម្មករ កម្មការិនីចូលធ្វើការនឹងមានចំនួនច្រើនបន្ថែមទៀត។ លោក ស៊ិន ម៉េហូ បានកោតសរសើរដល់រាជរដ្ឋាភិបាលកម្ពុជា ដែលបានបង្កបរិយាកាសងាយស្រួល ដល់ការវិនិយោគលើវិស័យវាយណភណ្ឌដល់បណ្តាវិនិយោគិនចិន នៅក្នុងប្រទេសកម្ពុជា។
នៅចំពោះមុខបងប្អូនកម្មករ កម្មការិនី រោងចក្រកាត់ដេរសំលៀកបំពាក់ ធានស៊ុនកម្ពុជា លោកទេសរដ្ឋមន្ត្រី ញឹម វណ្ណដា បានសម្តែងភាពសប្បាយរីករាយនៅពេលបានជួបសំណេះសំណាល ជាមួយបងប្អូននៅពេលនេះមុនពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរមកដល់។ លោក ញឹម វណ្ណដា បាននាំពាក្យផ្តាំផ្ញើសួរសុខទុក្ខ របស់សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាល ជូនដល់បងប្អូនកម្មករ កម្មការិនី មិនថានៅរោងចក្រនេះទេ គឺនៅគ្រប់រោងចក្រទាំងអស់ក្នុងទូទាំងប្រទេស។
លោកទេសរដ្ឋមន្ត្រី បានលើកទឹកចិត្តដល់បងប្អូនកម្មករទាំងអស់ឲ្យបន្តការខិតខំប្រឹងប្រែង ដើម្បីបង្កើនផលិតភាពការងារក្នុងរោងចក្រធានា បានការបង្កើនបានចំណូលប្រចាំខែខណៈរាជរដ្ឋាភិបាលតែងតែបង្កបរិយាកាសល្អប្រសើរ ដល់ការវិនិយោគនៅកម្ពុជា និងកំពុងបន្តស្វែងរកការវិនិយោគអន្តរជាតិបន្ថែមទៀតសំដៅលើកកំពស់ និងបង្កើនការងារដល់ប្រជាពលរដ្ឋ។
លោកបានរំលឹកដល់បងប្អូនកម្មករ កម្មការិនីទាំងអស់ក្នុងការប្រុងប្រយ័ត្ន និងមានសុខសុវត្ថិភាពក្នុងពេលធ្វើទៅជួបជុំគ្រួសារសាច់ញាតិ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរសូមឲ្យបងប្អូនកម្មករ កម្មការិនីទាំងអស់ ត្រលប់មកបម្រើការងារនៅរោងចក្រវិញគ្រប់ៗគ្នា នៅពេលពិធីបុណ្យចប់សព្វគ្រប់។
មុនបញ្ចប់ពិធីសំណេះសំណាល ទេសរដ្ឋមន្ត្រី ញឹម វណ្ណដា បានចូលរួមសប្បាយរីករាយ ដោយការចាប់ឆ្នោតយករង្វាន់ផ្សេងៗ និងរាំលេងកំសាន្តជាមួយបងប្អូនកម្មករ កម្មការិនីនៃរោងចក្រធានស៊ុនកម្ពុជា ក្នុងបរិយាកាសស្និទ្ឋស្នាលក្នុងមហាគ្រួសារខ្មែរតែមួយ៕