(ភ្នំពេញ)៖ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក ថោង ខុន បានថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី១៥ ខែមេសា ឆ្នាំ២០១៨នេះថា នៅថ្ងៃដំបូងនៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ មានភ្ញៀវទេសចរជាតិ និងអន្តរជាតិសរុបប្រមាណ១,០៨០,០០០នាក់ ដើរកម្សាន្តនៅតាមរមណីយដ្ឋាននានា មានកណើនចំនួន២៦.២៥ភាគរយបើបធៀបនឹងរយៈពេលដូចគ្នា ឆ្នាំ២០១៧។
លោករដ្ឋមន្ត្រី ថោង ខុន បានបញ្ជាក់ទៀតថា ក្នុងចំណោមភ្ញៀវទេសចរជាង១លាននាក់នោះ មានភ្ញៀវជាតិប្រមាណ១,០៥៦,០០០នាក់ កើនឡើងប្រមាណ ២៨.៣% និងភ្ញៀវអន្តរជាតិមានប្រមាណ ២៤,០០០នាក់ កើនឡើងប្រមាណ២១.៧៥%។
លោក ថោង ខុន បានលើកឡើងថា កំណើននៃភ្ញៀវទេសចរច្រើនដូច្នេះ ដោយសារតែកត្តាធំៗដែលរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន បានខិតខំប្រឹងប្រែងថែរក្សានូវសុខសន្តិភាព ស្ថិរភាពនយោបាយ និងជំរុញការអភិវឌ្ឍន៍កំណើនសេដ្ឋកិច្ច ឲ្យប្រជាជនកាន់តែមានជីវភាពធូរធារ អាចមានលទ្ធភាព ក្នុងការដើរលេងកម្សាន្តគ្រប់ទីកន្លែងទូរទាំងប្រទេសកម្ពុជា ដោយគ្មានការព្រួយបារម្ភឡើយ៕