(ភ្នំពេញ)៖ គិតត្រឹម១៥ថ្ងៃដំបូងនៃខែមេសានេះ ក្រុមហ៊ុនចំនួន៣ទៀតហើយ បានទទួលច្បាប់អនុញ្ញាតពី ក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជា (CDC) បង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ថ្មីៗចំនួន៣ នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ខេត្តតាកែវ និងខេត្តកំពង់ស្ពឺ សរុបទុនវិនិយោគជិត១០លានដុល្លារអាមេរិក ដោយបង្កើតការងារថ្មីជូនប្រជាពលរដ្ឋកម្ពុជា ជិត៣ពាន់កន្លែង។
យោងតាមគេហទំព័រ Facebook ផ្លូវការរបស់ CDC បានបញ្ជាក់ថា តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានសម្រេចចេញ «វិញ្ញាបនប័ត្រចុះបញ្ជីជាស្ថាពរ» ជូនដល់ក្រុមហ៊ុន ដូចខាងក្រោម៖
១៖ ក្រុមហ៊ុន NEWEST GARMENT (CAMBODIA) CO.,LTD: គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិត្រពាំងទា សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ៤.២២លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១,២២៥កន្លែង ។
២៖ ក្រុមហ៊ុន HUA CHENG YI WEN GARMENT CO.,LTD: គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិកណ្តឹងធំ ឃុំកណ្តឹង ស្រុកបាទី ខេត្តតាកែវ មានទុនវិនិយោគប្រមាណ ២.៥៧លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន៦៥៣កន្លែង ។
៣៖ ក្រុមហ៊ុន RUN YI (CAMBODIA) CO.,LTD: គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិបុស្សតានៃ ឃុំកាហែង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ ២.៧៣លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន១,០៥៨កន្លែង។
សូមជម្រាបថា នៅត្រីមាសទី១ ឆ្នាំ២០១៨នេះ CDC បានចេញច្បាប់អនុញ្ញាតឲ្យបើករោងចក្រ តំបន់ពាណិជ្ជកម្ម ចំនួន៣៩ក្រុមហ៊ុន សរុបទុនវិនិយោគជិត៥០០លានដុល្លារអាមេរិក។
២៖ ក្នុងខែកុម្ភៈ រោងចក្រថ្មីចំនួន១៥ទៀតហើយ ត្រូវបាន CDC ចេញច្បាប់អនុញ្ញាតឲ្យបង្កើតនៅកម្ពុជា សរុបទុនវិនិយោគជាង១៨០លានដុល្លារ បង្កើតការងារថ្មី៧៤៥៨កន្លែង។
៣៖ ខែមីនា រោងចក្រ និងមណ្ឌលពាណិជ្ជកម្មថ្មីៗចំនួន១៤ទៀត ត្រូវបាន CDC ចេញច្បាប់អនុញ្ញាតឲ្យបង្កើតនៅកម្ពុជា សរុបទុនវិនិយោគជាង២៤០លានដុល្លារ បង្កើតការងារជាង១ម៉ឺនកន្លែង។