(សៀមរាប)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅល្ងាចថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៨នេះ បានអញ្ជើញបណ្តែតកន្ទោង (គោមទឹក) ដើម្បីជម្រុះនូវឧបទ្រុពចង្រៃទាំងឡាយចោល និងនាំមកនូវសេចក្តីសុខព្រមទាំងលាភសំណាង ដល់ជនរួមជាតិទូទាំងប្រទេសនៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ។
នៅល្ងាចមិញនេះដែរ សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ក៏បានជាអធិបតីក្នុងពិធីទាញព្រ័ត្រមិត្តភាពអង្គរសង្ក្រាន្តឆ្មាំថ្មី នៅថ្ងៃទី១ នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរយើង នៅមុខប្រសាទអង្គរវត្តផងដែរ។
តាមរយៈទំព័រ Facebook សម្ដេចតេជោ ហ៊ុន សែន បានបង្ហោះខ្លឹមសារ ជូនពរបងប្អូនជនរួមជាតិ សូមជួបតែសេចក្តីសុខក្នុងឱកាសចូលឆ្នាំថ្មី។
សូមជម្រាបថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅថ្ងៃទី១៣ ខែមេសា ឆ្នាំ២០១៨ បានអញ្ជើញបើក «ព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ២០១៨» ដែលប្រារព្ធធ្វើឡើងនៅមុខប្រាសាទបាយ័ន ហើយនៅថ្ងៃនេះ សម្ដេចទាំង២ នឹងនៅបន្ដចូលរួមព្រឹត្តិការណ៍ដ៏ធំនេះផងដែរ៕