ងាកពីសង្គ្រាមស៊ីរី! អ៊ីស្រាអ៊ែលប្រើរថក្រោះ បាញ់ផ្លោងទៅតំបន់ហ្គាសា និងផ្តាច់ជីវិតជនជាតិប៉ាឡេស្ទីន ០៤នាក់!
14-04-2018 20:03
(ហ្គាសា)៖ ខណៈដែលសង្គ្រាមនៅប្រទេសស៊ីរី កំពុងតែស្ថិតនៅក្នុងស្ថានភាពគួរឲ្យព្រួយបារម្ភបំផុតនោះ អ៊ីស្រាអែលឯណេះវិញបានប្រើប្រាស់រថក្រោះ បាញ់ផ្លោងគ្រាប់ទៅលើតំបន់ភាគខាងត្បូងហ្គាសា ដែលគ្រប់គ្រងដោយក្រុមហាម៉ាស់ នៅថ្ងៃសៅរ៍នេះតែម្តង ដោយបណ្តាលឲ្យជនជាតិប៉ាឡេស្ទីន ០៤នាក់បន្ថែមទៀតស្លាប់ និងមួយចំនួនរងរបួស។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នាយប់ថ្ងៃសៅរ៍ ទី១៤ ខែមេសា ឆ្នាំ២០១៨។
គួរបញ្ជាក់ថា ការធ្វើបាតុកម្មប្រឆាំងអ៊ីស្រាអែល បានផ្ទុះឡើងបីសប្តាហ៍មកហើយនៅតំបន់ព្រំដែនហ្គាសា និងអ៊ីស្រាអែល ដោយសរុបមកទល់នឹងពេលនេះ បានបណ្តាលឲ្យជនជាតិប៉ាឡេស្ទីនជាង ២០នាក់ស្លាប់ និងជាង ១,០០០នាក់រងរបួស ក្នុងការបង្ក្រាប ហើយអន្តរជាតិហាក់មិនទាន់អាចរកដំណោះស្រាយ បាននៅឡើយទេ៕