(បន្ទាយមានជ័យ)៖ ឧបនាយករដ្ឋមន្ដ្រី កែ គឹមយ៉ាន ប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ និងលោកស្រី ម៉ៅ ម៉ាល័យ ប្រធានកិតិ្តយសសមាគមនារីដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៨នេះ បានចូលជាអធិបតី ក្នុងពិធីបើកសង្រ្កាន្ដបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។
ក្នុងឱកាសនោះ ឧបនាយករដ្ឋមន្ដ្រី កែ គឹមយ៉ាន និងលោកស្រី ម៉ៅ ម៉ាល័យ បានប្រារព្ធពិធីសែនក្រុងពាលី និងពូនភ្នំខ្សាច់ សុំសេចក្តីសុខសប្បាយជូនប្រជាពលរដ្ឋទាំងអស់ពិសេសប្រជាពលរដ្ឋខេត្តបន្ទាយមានជ័យ។
ទាំងលោក កែ គឹមយ៉ាន និងលោកស្រី ម៉ៅ ម៉ាល័យ បានឲ្យដឹងថា សង្រ្កាន្តបន្ទាយឆ្មារឆ្នាំចនេះ យើងរៀបឲ្យមានជាការលេងល្បែងកំសាន្តប្រជាប្រីយ៍ខ្មែរ ទាញព្រត័ ចោលឈូង បោះអង្គយ លាក់កន្សែង កីឡាធ្លាក់ទឹក ប្រលងនារីឯកអាយុ៦០ឆ្នាំឡើង ឡើងសសរខ្លាញ់ ប្រលងរាំថូនស្គដៃ។
លោក កែ គឹមយ៉ាន បានបន្ថែមជាពិសេសកាដូឆ្នាំថ្មី ឆ្នាំច សម្រាប់លោកតា លោកយាយអ្នកបន្ទាយឆ្នារ ចាប់ពីអាយុ៧០ឆ្នាំឡើងទៅ ដែលមកលេងកំសាន្តនៅប្រាសាទបន្ទាយឆ្មារ នឹងទទួលបាន អាហារបីថ្ងៃ ការព្យាបាលជំងឺដោយមិនគិតថ្លៃ ឃីតមួយកញ្ចប់ (គិតជាទឹកប្រាក់ប្រមាណជាង១០ម៉ឺនរៀល)។ តាមផែនការគ្រោងទុកនឹងមានលោកតា លោកយាយ ប្រមាណជា២,០០០ នាក់ដែលនឹងមកចូលរួម។
ឆ្លៀតក្នុងឱកាសនេះ ឧបនាយករដ្ឋមន្ត្រីកែ គឹមយ៉ាន និងលោកស្រី ម៉ៅ ម៉ាល័យ បានសូមបួងសួងដល់គុណព្រះរតនត្រ័យ វត្ថុស័កសិទ្ធិទាំងអស់ក្នុងលោក និងទេវតារក្សាព្រះរាជាណាចក្រកម្ពុជា ជាពិសេសទេវតាឆ្នាំថ្មី ឆ្នាំច សំរិទ្ធិស័ក ព.ស២៥៦២ ព្រះនាមមហោធរៈទេវី សូមជួយប្រសិទ្ធពរជ័យបវរមហាប្រសើរជូនដល់បងប្អូនប្រជាពលរដ្ឋជាទីស្រលាញ់ទាំងអស់ សូមប្រកបដោយពុទ្ធពរនិងពរប្រាំប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ៕