(ភ្នំពេញ)៖ របាយការណ៍របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការនគរបាលជាតិ ដែលអង្គភាព Fresh News ទទួលបាននៅល្ងាចថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៨នេះ បានបញ្ជាក់ថា ថ្ងៃទីមួយ នៃពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ មានគ្រោះថ្នាក់ចរាចរណ៍កើតឡើង ១៤លើក បណ្ដាលឲ្យមនុស្សស្លាប់ ៦នាក់, របួសធ្ងន់១១នាក់ និងរបួសស្រាល១៤នាក់ (គិតចាប់ម៉ោង២រសៀលថ្ងៃទី១៣ ដល់ត្រឹមម៉ោង០២រសៀលថ្ងៃទី១៤ ខែមេសា)។
បើតាមរបាយការណ៍ខាងលើ ករណីគ្រោះថ្នាក់ចរាចរណ៍នេះ មានការកើនឡើងបើប្រៀបធៀបនឹងឆ្នាំ២០១៧ ហើយមូលហេតុដែលនាំឲ្យមានគ្រោះថ្នាក់ គឺល្បឿន២លើក, ប្រជែង២លើក, មិនគោរពសិទ្ធ៤លើក, បត់គ្រោះថ្នាក់៣លើក, ស្រវឹង១លើក, ងងុយដេក១ និងកត្ដាយាន១លើក។
ដោយឡែករាជធានី-ខេត្ត ដែលមានគ្រោះថ្នាក់ និងរងគ្រោះច្រើន៖ ខេត្តបន្ទាយមានជ័យ១លើក ស្លាប់២នាក់, ព្រះវិហារ១លើក ស្លាប់ម្នាក់, តាកែវ២លើក ស្លាប់២នាក់ របួស៣នាក់ និងខេត្តត្បូងឃ្មុំ១លើក ស្លាប់ម្នាក់។
ប្រធាននាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ លោកឧត្តមសេនីយ៍ឯក រុន រ័ត្នវាសនា ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលធ្វើដំណើរទៅស្រុកកំណើត និងធ្វើដំណើរកម្សាន្ដតាមរមណីយដ្ឋានផ្សេងៗ ត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់ និងគោរពច្បាប់ចរាចរណ៍ឲ្យបានគ្រប់ៗគ្នា៕