(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៨នេះ បានចេញសេចក្ដីជូនដំណឹង អំពីសកម្មភាពចូលរួមរបស់ លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងលទ្ធផលសន្និសីទអន្តរជាតិថ្នាក់រដ្ឋមន្ត្រី ស្តីពីសុវត្ថិភាពអ្នជំងឺលើកទី៣ ពីថ្ងៃទី១៣ ដល់ទី១៤ ខែមេសា ឆ្នាំ២០១៨។
លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង អមដំណើរដោយលោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន អគ្គនាយកបច្ចេកទេសសុខាភិបាល និងលោកវេជ្ជបណ្ឌិត ស៊ុង វិនតាក់ ប្រធាននាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ នៃក្រសួងសុខាភិបាល បានអញ្ជើញចូលរួមសន្និសីទអន្តរជាតិថ្នាក់រដ្ឋមន្ត្រី ស្តីពីសុវត្ថិភាពអ្នជំងឺលើកទី៣ ដែលបានប្រព្រឹត្តទៅនៅទីក្រុងតូក្យូ ប្រទេសជប៉ុន ដែលមានគណៈប្រតិភូ នៃបណ្តាប្រទេសចំនួន៤២ ដឹកនាំដោយលោក លោកស្រី ជារដ្ឋមន្ត្រីក្រសួងសុខាភិបាល មកពីគ្រប់តំបន់លើសាកលលោក គណៈប្រតិភូនៃអង្គការសុខភាពពិភពលោក និងអង្គការអន្តរជាតិនានា នៅលើសាកលលោក និងដៃគូនានា សរុបប្រមាណជា៥០០នាក់។
សន្និសីទអន្តរជាតិថ្នាក់រដ្ឋមន្ត្រីនេះ បានរៀបចំជាដំបូងនៅប្រទេសអង់គ្លេស លើកទី២នៅប្រទេសអាល្លឺម៉ង់ និងលើកទី៣ គឺប្រទេសជប៉ុនទទួលធ្វើជាម្ចាស់ផ្ទះ។ សន្និសីទលើកទី៣នេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណង ដើម្បីលើកកម្ពស់សុខភាព និងដាក់បញ្ចូលសារសំខាន់ នៃសុវត្ថិភាពអ្នកជំងឺ នៅក្នុងមូលដ្ឋាន សុខាភិបាល ដែលផលិតចេញបានពីអង្គសន្និសីទក្នុងរយៈពេល២ថ្ងៃ ទៅក្នុងប្រព័ន្ធសុខាភិបាលរបស់ប្រទេសនីមួយៗ នៅទូទាំងពិភពលោក ព្រមទាំងលើកកម្ពស់កិច្ចសហប្រតិបត្តិការ ចែករំលែកបទពិសោធន៌ ព័ត៌មាន និងដំណោះស្រាយនានាជុំវិញប្រធានបទ នៃអង្គសន្និសីទនេះផងដែរ។
ថ្ងៃទី១ នៃអង្គសន្និសីទ មានការជួបប្រជុំឧត្តមមន្ត្រី អ្នកជំនាញការ ទីប្រឹក្សានិងអ្នកបច្ចេកទេសសុខាភិបាល ដោយមានធ្វើបទបង្ហាញ និងពិភាក្សា ដាក់ចេញនូវសារសំខាន់ៗ ពាក់ព័ន្ធទៅនឹងបញ្ហាសុវត្ថិភាពអ្នកជំងឺ ហើយដាក់ជូនកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីនៅថ្ងៃទី២ នៃសន្និសីទអន្តរជាតិ ដែលលោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង បានអញ្ជើញចូលរួម ដោយបានថ្លែងបទអន្តរាគមន៌ផ្តោតលើចំណុចសំខាន់ៗដូចតទៅ៖
ទី១៖ ការយកចិត្តទុកដាក់ និងការដាក់ចេញនូវគោលនយោបាយជាតិ គាំពារសុខភាពសង្គមរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា លើការផ្តល់សេវាសុខភាពជាសាកល សម្រាប់ប្រជាជនកម្ពុជា ជាពិសេសការផ្តល់សេវាសុខភាពដោយរដ្ឋ ជាអ្នកចេញថ្លៃសេវាជំនួសតាមរយៈ មូលនិធិសមធម៌សម្រាប់ជនក្រីក្រ និងបេឡាជាតិសន្តិសុខសង្គមសម្រាប់កម្មករ-កម្មការិនីក្នុង និងក្រៅប្រព័ន្ធ អ្នកធាក់ស៊ីក្លូ សមាជិក សមាជិកា ក្រុមប្រឹក្សាភូមិ-ឃុំ-សង្កាត់ មន្ត្រីសាធារណៈ មន្ត្រីធ្វើសកម្មភាពដោះមីន អតីតយុទ្ធជន ជនពិការ និវត្តន៌ជន ជនចាស់ជរាគ្មានទីពឹង និងការផ្តល់សាច់ប្រាក់ផ្ទាល់ ជូនដល់ស្រ្តីសម្រាលកូន ជាដើម ដែលជាការចូលរួមចំណែកផងដែរ លើការគិតគូរពីសុវត្ថិភាព និងសុខភាពអ្នកជំងឺរបស់រាជរដ្ឋាភិបាលកម្ពុជា។
ទី២៖ បទពិសោធន៌ដែលកម្ពុជា បានអនុវត្តគោលនយោបាយសុវត្ថិភាពអ្នកជំងឺ និងការកែលម្អគុណភាពសេវាសុខាភិបាល ដោយបានដាក់បញ្ចូលរួចហើយ នូវបញ្ហាសុវត្ថិភាពអ្នកជំងឺ និងអ្នកផ្តល់សេវា ទៅក្នុងប្រព័ន្ធសុខាភិបាលកម្ពុជា។
ទី៣៖ តួនាទីរបស់គ្រូពេទ្យ និងការបង្កើននូវសុវត្ថិភាពអ្នកជំងឺ នៅក្នុងបរិបទដែលក្រសួងសុខាភិបាលកម្ពុជា ក៏ដូចជាសាកលលោក កំពុងអនុវត្តន៍ ការផ្តល់សេវាសុខភាពជាសាកល។
បន្ថែមលើនេះ លោករដ្ឋមន្ត្រី ម៉ម ប៊ុនហេង បានផ្តល់ជាអនុសាសនជូនអង្គសន្និសីទ លើចំណុចសំខាន់ៗ ដូចខាងក្រោមនេះ៖
១៖ ត្រូវរៀបចំឲ្យមានជាផ្នែក «សុវត្ថិភាពអ្នកជំងឺ និងអ្នកផ្តល់សេវា» នៅក្នុងប្រព័ន្ធសុខាភិបាល ដូចជាការបង្កើតឲ្យមានគណៈកម្មការសុវត្ថិភាព និងគុណភាពអ្នកជំងឺនិងអ្នកផ្តល់សេវា ជាដើម។
២៖ បង្កើតនូវវប្បធ៌មរាយការណ៌ ដោយតម្លាភាពសម្រាប់អ្នកជំងឺ និងអ្នកផ្តល់សេវា។
៣៖ បង្កើតនូវប្រព័ន្ធទទួលស្គាល់គុណភាព សម្រាប់មូលដ្ឋានសុខាភិបាល ដើម្បីធានាគុណភាព និងសុវត្ថិភាពសេវាខ្ពស់ ដែលត្រូវផ្តល់ជូនអ្នកជំងឺ។
៤៖ រៀបចំឲ្យមាន ឬធ្វើបច្ចុប្បន្នភាព ច្បាប់ និងបទដ្ឋានគតិយុទ្ធ គោលការណ៍ណែនាំ និងឧបករណ៌ ឬសម្ភារវាយតម្លៃ ដែលពាក់ព័ន្ធនឹងសុវត្ថិភាពអ្នកជំងឺ ក្នុងគ្រប់ទម្រង់នៃប្រព័ន្ធសុខាភិបាល
៥៖ ត្រូវអភិវឌ្ឍន៍ផែនការសកម្មភាពសម្រាប់គុណភាព និងសុវត្ថិភាព ព្រមទាំងតាមដានការអនុវត្តជាប្រចាំ នៅតាមថ្នាក់នីមួយៗ នៃប្រព័ន្ធសុខាភិបាល។
៦៖ បញ្ជ្រាបចូលទៅក្នុងកម្មវិធីបណ្តុះបណ្តាលទាំងមុន និងក្រោយធ្វើការនូវ ប្រធានបទសុវត្ថិភាពអ្នកជំងឺ និងអ្នកផ្តល់សេវា។
៧៖ រៀបចំឲ្យមានកិច្ចប្រជុំជាប្រចាំឆ្នាំលើ «សុវត្ថិភាពអ្នកជំងឺ និងអ្នកផ្តល់សេវា» ដើម្បីចែករំលែកបទពិសោធន៌ វឌ្ឍនភាព និងបញ្ហាប្រឈម ពីបណ្តាប្រទេសលើសាកលលោក ព្រមទាំងផ្តល់អនុសាសន៍សម្រាប់ការអនុវត្តបន្ត។
៨៖ ចាត់តាំងឲ្យមានជាជនបង្គោលសម្រាប់ប្រទេសនីមួយៗ សម្រាប់ទំនាក់ទំនងផ្សារភ្ជាប់ជាមួយ
បណ្តាញសាកលលោកលើសុវត្ថិភាពអ្នកជំងឺ និងអ្នកផ្តល់សេវា
៩៖ ធ្វើឲ្យបានល្អប្រសើរឡើងនូវប្រព័ន្ធព័ត៌មាន ដើម្បីធានាថាការសម្រេចចិត្តណាមួយ ត្រូវបានធ្វើឡើងដោយមានទិន្នន័យត្រឹមត្រូវយកជាការបាន។
គួរកត់សម្គាល់ថា មានការជួបប្រជុំដោយឡែកជាលក្ខណៈទ្វេភាគី រវាងលោក ម៉ម ប៊ុនហេង ជាមួយសមភាគីជប៉ុនលោក កាត់ស៊ូណូប៊ូ កាតូ រដ្ឋមន្ត្រីក្រសួងសុខាភិបាលការងារ និងសុខុមាលភាព នៃប្រទេសជប៉ុន ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ លើវិស័យសុខាភិបាល រឹតចំណងមិត្តភាព រវាងប្រទេសទាំងពីរ ដែលទទួលបានលទ្ធផលល្អ ដោយភាគីជប៉ុននឹងបន្តជួយដល់វិស័យសុខាភិបាលកម្ពុជាជាបន្តទៀត។
អង្គសន្និសីទបានបញ្ចប់ទៅដោយជោគជ័យ នៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៨ ដោយបានចេញសេចក្តីប្រកាសទីក្រុងតូក្យូ ស្តីពីសុវត្ថិភាពអ្នកជំងឺ ដែលមានខ្លឹមសារជាសង្ខេប ដូចខាងក្រោមនេះ៖
* បញ្ជាក់នូវការប្តេជ្ញាចិត្តយ៉ាងខ្លាំងក្លាដើម្បីអនុវត្តន៌
«សកម្មភាពរួមជាសាកលលើសុវត្ថិភាពអ្នកជំងឺ» នៃបណ្តាប្រទេសលើសាកលលោក ដោយយកចិត្តទុកដាក់ ដាក់បញ្ចូលជាអាទិភាពក្នុងគោលនយោបាយ និងសកម្មភាពសម្រាប់វិស័យសុខាភិបាល នូវសុវត្ថិភាពអ្នកជំងឺ ក្នុងពេលខិតខំអនុវត្តការផ្តល់សេវាសុខភាពជាសាកល។
* បន្តគាំទ្រអនុវត្តនូវការផ្លាស់ប្តូរក្នុងប្រព័ន្ធ និងការប្រតិបត្តិធ្វើឲ្យបានល្អប្រសើរឡើងនូវសុវត្ថិភាពអ្នកជំងឺ ចូលរួមចំណែកក្នុងការសម្រេចបាននូវសុខភាពសាកល និងគោលដៅអភិវឌ្ឍន៌ប្រកបដោយចេរភាព។
* ពង្រឹងសមត្ថភាពក្នុងការដឹកនាំ និងគ្រប់គ្រងក្នុងការគាំទ្រមជ្ឈមណ្ឌលថែទាំអ្នកជំងឺ ពង្រឹង និងអនុវត្តដំណើរការប្រព័ន្ធសុវត្ថិភាពអ្នកជំងឺ បង្កើតវប្បធម៌សុវត្ថិភាព អប់រំបណ្តុះបណ្តាលបុគ្គលិកសុខាភិបាល និងក្រុមគ្រួសារអ្នកជំងឺ លើផ្នែកសុវត្ថិភាពអ្នកជំងឺ កាត់បន្ថយហានិភ័យ និងចែករំលែកបទពិសោធន៌ល្អៗ ព្រមទាំងគំរូធ្វើបានជោគជ័យលើកិច្ចការនេះ។
* សហការជាមួយអ្នកជំងឺ និងក្រុមគ្រួសារដែលមានផលប៉ះពាល់ អង្គការអន្តរជាតិ និងដៃគូនានា បង្កើននូវភាពច្បាស់លាស់ ធ្វើសកម្មភាពរួមគ្នា លើសុវត្ថិភាពអ្នកជំងឺថែមទាំងបង្កើតឲ្យមាន «ទិវាសាកលលោកសុវត្ថិភាពអ្នកជំងឺប្រចាំឆ្នាំ» ដែលត្រូវប្រព្រឹត្តទៅនៅថ្ងៃទី១៧ ខែកញ្ញា ជារៀងរាល់ឆ្នាំ។
គណៈប្រតិភូក្រសួងសុខាភិបាលកម្ពុជា ដឹកនាំដោយលោក ម៉ម ប៊ុនហេង នៅព្រឹកថ្ងៃទី១៥ ខែមេសា ឆ្នាំ២០១៨ស្អែកនេះ នឹងធ្វើដំណើរមាតុភូមិនិវត្តន៌ ហើយនឹងនាំមកនូវផលប្រយោជន៌ជាច្រើន លើកិច្ចសហប្រត្តិបត្តិការសម្រាប់ការអភិវឌ្ឍវិស័យសុខាភិបាល នៃប្រទេសកម្ពុជា៕