(ភ្នំពេញ)៖ ប្រាសាក់ ជាស្ថាប័នមួយស្ថិតក្នុងចំណោមស្ថាប័នហិរញ្ញវត្ថុ លំដាប់កំពូលចំនួន ៥នៅកម្ពុជា ដែលសម្រេចបានសមិទ្ធផលដ៏ល្អមួយទៀត គឺទទួលបានសមតុល្យប្រាក់បញ្ញើសន្សំច្រើនជាង ១,០០០ លានដុល្លារអាមេរិក។
ប្រាសាក់ បានចាប់ផ្ដើមធ្វើប្រតិបត្តិការដំបូងនៅក្នុងឆ្នាំ ១៩៩៥ ហើយបានទទួលអាជ្ញាប័ណ្ណប្រកបអាជីវកម្មជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើពីធនាគារជាតិ នៃកម្ពុជាក្នុងឆ្នាំ ២០១០។
ក្នុងរយៈពេលជិត៨ឆ្នាំ នៃការផ្ដល់សេវាប្រាក់បញ្ញើសន្សំជូនដល់អតិថិជន ប្រាសាក់ទទួលបានទំនុកចិត្តពីអតិថិជន និងសាធារណជនយ៉ាងខ្លាំង ដោយទទួលបានសមតុល្យប្រាក់បញ្ញើសន្សំគួរឲ្យកត់សម្គាល់។ សមិទ្ធផលនេះស្តែងចេញពីកត្តាជាច្រើនដូចជា៖ i) បទបញ្ញត្តិដ៏រឹងមាំនៃប្រព័ន្ធធនាគារនិងហិរញ្ញវត្ថុ ii) ទំនុកចិត្តរបស់សាធារណជនក្នុងវិស័យធនាគារ iii) ភាពសម្បូរបែបនៃសេវាបញ្ញើសន្សំរបស់ប្រាសាក់ iv) ការបម្រើសេវារបស់ប្រាសាក់ដែលមានវិសាលភាពធំទូលំទូលាយ តាមរយៈ បណ្ដាញសាខា ម៉ាស៊ីនអេធីអឹមទូទាំងប្រទេស សេវាធនាគារចល័ត និងប្រព័ន្ធធនាគារស្នូលដ៏ទំនើប v) ការប្តេជ្ញាចិត្តខ្ពស់របស់បុគ្គលិកប្រាសាក់ជាង ៧,០០០នាក់ ក្នុងការផ្តល់សេវាល្អប្រសើរជូនអតិថិជន។
បច្ចុប្បន្ននេះ ប្រាសាក់ ផ្ដល់ជូននូវសេវាសន្សំច្រើនបែប រួមមាន គណនីសន្សំ គណនីសន្សំចម្រើនគ្មានកាលកំណត់ គណនីសន្សំតាមផែនការ គណនីកូនចម្រើន គណនីចម្រើនតាមលំដាប់ គណនីបញ្ញើមានកាលកំណត់ និងគណនីមូលនិធិសោធននិវត្តន៍។ គណនីបញ្ញើមានកាលកំណត់ ត្រូវបានអភិវឌ្ឍឡើងដើម្បីបំពេញតម្រូវការរបស់អតិថិជនដែលមានទុននៅទំនេរសម្រាប់វិនិយោគ ឬ រក្សាទុកក្នុងរយៈពេលមួយកំណត់ជាក់លាក់។ រយៈពេលនៃគណនីបញ្ញើមានកាលកំណត់ គឺចាប់ពី ១ខែ រហូតដល់ ៣៦ខែ ដោយទទួលបានអត្រាការប្រាក់ខ្ពស់រហូតដល់ ៨% ក្នុងមួយឆ្នាំ។
លោក សាយ សូនី នាយកប្រតិបត្តិគ្រប់គ្រងទីផ្សារនៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ បានមានប្រសាសន៍ថា «យើងខ្ញុំពិតជាមានសេចក្តីមោទនភាពណាស់ដែលប្រាក់បញ្ញើសន្សំនៅប្រាសាក់កើនឡើងយ៉ាងខ្លាំងដូច្នេះ។ ហើយយើងខ្ញុំនៅតែបន្តការងាររបស់យើងខ្ញុំ ឲ្យកាន់ តែខ្លាំងក្លាថែមទៀតក្នុងការបម្រើសេវាដ៏ល្អជូនចំពោះអតិថិជន ដើម្បីឲ្យសមនឹងការគាំទ្ររបស់ពួកគាត់» ។
លោក សាយ សូនី បានឲ្យដឹងថា៖ «ការប្រើប្រាស់សេវាប្រាក់បញ្ញើសន្សំនៅប្រាសាក់ ទទួលបានទាំងអត្រាការប្រាក់ខ្ពស់ សុវត្ថិភាព និងចូលរួមផ្តល់ឱកាសដល់កសិករជនបទ និងម្ចាស់អាជីវកម្មប្រមាណជាជិត ៤០០ពាន់នាក់ ក្នុងការចាប់ផ្តើម និងពង្រីកអាជីវកម្មរបស់ខ្លួន។ ក្រៅពីនេះផងដែរ អតិថិជនប្រាសាក់ទាំងអស់ ក៏បានចូលរួមជាមួយប្រាសាក់ក្នុងការផ្តល់អគារបណ្ណាល័យចំនួន ២៥ខ្នងដល់សាលារៀននៅតាមតំបន់ជនបទ»។
លោក សូនី បន្ថែមទៀតថា «តាងនាមឲ្យគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់ ខ្ញុំសូមថ្លែងនូវអំណរគុណយ៉ាងស្មោះអស់ពីដួងចិត្ត ចំពោះលោក លោកស្រីជា ក្រុមប្រឹក្សាភិបាល ថ្នាក់ដឹកនាំ និងបុគ្គលិកទាំងអស់ ដែលបានខិតខំប្រឹងប្រែង យកចិត្តទុកដាក់ អស់ពីកំលាំងកាយ កំលាំងចិត្ត ប្រាជ្ញាស្មារតី ក្នុងការចូលរួមចំណែកយ៉ាងសកម្ម ដើម្បីទប់ទល់នឹងបញ្ហាប្រឈមនានា និងបានធ្វើឲ្យក្រុមហ៊ុនមានការរីកចម្រើនជាលំដាប់ និងឈានមុខគេក្នុងប្រទេសកម្ពុជា។ ជាងនេះទៅទៀតសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះរាជរដ្ឋាភិបាលកម្ពុជា និយ័តករ ធនាគារជាតិនៃកម្ពុជា អាជ្ញាធរមូលដ្ឋាន និងអតិថិជនទាំងអស់ ដែលតែងតែគាំទ្រ និងប្រើប្រាស់សេវារបស់ប្រាសាក់។
ជាថ្មីម្តងទៀត ជំនួសមុខឲ្យគណៈគ្រប់គ្រងប្រាសាក់ លោក សាយ សូនី ក៏សូមសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះធនាគារជាតិនៃកម្ពុជា ដែលបានផ្តល់ អាជ្ញាប័ណ្ណជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើពីសាធារណជន ដល់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រាសាក់ ដើម្បីផ្តល់សេវាប្រាក់បញ្ញើសន្សំជូនដល់អតិថិជនគោលដៅរបស់ខ្លួន។
ឆ្លៀតក្នុងឱកាសដ៏ថ្លៃថ្លានេះ ខ្ញុំសូមបួងសួងដល់ទេវតាឆ្នាំថ្មី ព្រះនាម “មហោទរាទេវី” គុណបុណ្យព្រះរតនៈត្រៃយ៍ គុណកែវទាំងបី និងវត្ថុសក្តិសិទ្ធិក្នុងលោក សូមជួយប្រោសប្រទានពរជ័យ បីបាច់ថែរក្សាដល់អតិថិជន សាធារណជន និងអាជ្ញាគ្រប់លំដាប់ថ្នាក់ និងក្រុមគ្រួសារ ទាំងអស់ប្រកបនូវពុទ្ធពរទាំងបួនប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
ចំណុចទាំង ៧ ក្នុងការស្វែងយល់ពីប្រាសាក់ និងសេវាប្រាក់បញ្ញើសន្សំរបស់ប្រាសាក់៖
១៖ ប្រាសាក់ទទួលបានអាជ្ញាប័ណ្ណប្រកបអាជីវកម្មជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើពីធនាគារជាតិនៃកម្ពុជា។
២៖ អត្រាការប្រាក់៖ គ្រប់អតិថិជនប្រាក់បញ្ញើអាចរីករាយជាមួយនឹងការទទួលបានអត្រាការប្រាក់បញ្ញើចាប់ពី ២% ដល់ ៧.៧៥% ដោយបូកបន្ថែមអត្រាការប្រាក់ ០.២៥% មានន័យថាអតិថិជនសេវាប្រាក់បញ្ញើសន្សំអាចទទួលបានអត្រាការប្រាក់រហូតដល់ ៨% ក្នុងមួយឆ្នាំ។
៣៖ លក្ខខណ្ឌទទួលបានសេវា៖ ជាអតិជនដែលមានឯកសារបញ្ជាក់អត្តសញ្ញាណច្បាស់លាស់ មានអាយុចាប់ពី ១៦ឆ្នាំឡើងទៅ។ អតិថិជនត្រូវមានចំណូលស្របច្បាប់ មិនជាប់ទោសឧក្រិដ្ឋ ឬ បទល្មើសផ្សេងៗ។ អតិថិជនជាឯកត្តជន ឬ ជាគ្រឹះស្ថាននានា សុទ្ធតែអាចប្រើប្រាស់ប្រាក់បញ្ញើសន្សំរបស់ប្រាសាក់បាន។
៤ ៖ ទឹកប្រាក់ដាក់លើកដំបូង ពេលបើកគណនីអាចចាប់ពី ៥ដុល្លារអាមេរិក ដល់ ៥០០ ដុល្លារអាមេរិក ឬ សមមូលនឹងប្រាក់រៀល និងបាត ទៅតាមប្រភេទគណនីនីមួយៗ។
៥៖ ប្រតិបត្តិការធនាគារ៖ អតិថិជនអាចធ្វើប្រតិបត្តិការធនាគារតាមរយៈការិយាល័យ ម៉ាស៊ីនអេធីអឹម ម៉ាស៊ីតឆូតកាត សេវាធនគារចល័តប្រាសាក់។
៦៖ អតិថិជនចំណេញពេលវេលា ដោយអាចទូទាត់វិក្កយបត្រទឹក ភ្លើង តាមរយៈម៉ាស៊ីនអេធីអឹម ម៉ាស៊ីនឆូតកាត និងសេវាធនាគារចល័ត។
សម្រាប់ព័ត៌មានបន្ថែម អតិថិជនអាចទាក់ទងមកកាន់លេខ៖ 086 999 911 ឬ 023 999 911៕