(ភ្នំពេញ)៖ មិនខុសពីតាមបណ្ដាខេត្តផ្សេងឡើយ នៅព្រឹកថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៨នេះ លោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សា និងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ អញ្ជើញដឹកនាំរៀបចំបើកព្រឹត្តិការណ៍សង្ក្រាន្ដវត្តភ្នំ នៅបរិវេណរមណីយដ្ឋានប្រវត្តិសាស្ដ្រវត្តភ្នំ ដើម្បីអបអរសាទពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ។
ព្រឹត្តិការណ៍សង្ក្រាន្ដវត្តភ្នំនេះ នឹងត្រូវប្រារព្ធធ្វើឡើង រយៈពេល៣ថ្ងៃពេញតែម្ដង ពោលចាប់ពីថ្ងៃទី១៤-១៥-១៦ ខែមេសា ឆ្នាំ២០១៨ ជាមួយនឹងការរាំលេងកំសាន្ដ ការតុបតែង ដាក់បង្ហាញអំពីស្ថាបត្យកម្មសំណង់របស់ខ្មែរតាំងពីសម័យបុរាណ និងសម្ភារៈខ្មែរដូចជា តម្បាញហូល ផាមួង ស្បែក ក្រមា និងផលិតផលនំ និងបង្អែមខ្មែរជាដើម។
ជាមួយគ្នានោះដែរ នៅពេលរាត្រី ក៏មានការប្រគុំតន្ដ្រី និងបាញ់កាំជ្រូចជូនទស្សនាកម្សាន្ដផងដែរ។ ដូច្នេះហើយ សូមបងប្អូនប្រជាពលរដ្ឋ កុំភ្លេចចូលរួមកម្សាន្ដឲ្យបានច្រើនកុះករ៕