(កំពង់ធំ)៖ ថ្នាក់ដឹកនាំខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៨នេះ រៀបចំបើកព្រឹត្តិការណ៍សង្ក្រាន្តសំបូរព្រៃគុកឆ្នាំ២០១៨ ក្រោមអធិបតីភាព លោក ឈុន ឈន់ ប្រធានក្រុមប្រឹក្សាខេត្ត និងលោក សុខ លូ អភិបាលខេត្ត ដោយមានការចូលរួមពីប្រធានអង្គភាព មន្ត្រីរាជការ សហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត យុវជនកាយរិទ្ធ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ ដែលបានរៀបចំនៅទីតាំងប្រាសាទសំបូរព្រៃគុក។
សូមជម្រាបថា ព្រឹត្តិការណ៍សង្ក្រាន្ដសំបូរព្រៃគុក នឹងត្រូវធ្វើឡើងរយៈពេល៣ថ្ងៃ គឺចាប់ផ្ដើមនៅថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៨ ដោយមានការដាក់តាំងបង្ហាញនូវឧបករណ៍ប្រើប្រាស់ពីជំនាន់ដើមផងដែរ ដើម្បីបង្ហាញពីអត្តសញ្ញាណជាតិ។
ក្រៅពីសង្ក្រាន្ដសំបូរព្រៃគុក នៅតាមខេត្តនានាជាច្រើនក្នុងប្រទេសកម្ពុជា បាននិងកំពុងរៀបចំព្រឹត្តិការណ៍សង្ក្រាន្ដដូចគ្នានេះដែរ ដើម្បីអបអរសាទរបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ។
ដោយឡែកព្រឹត្តិការណ៍អង្គរសង្ក្រាន្ដ ក៏ត្រូវបានរៀបចំផងដែរ ក្រោមអធិបតីភាព សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងមានការចូលរួមពីថ្នាក់ដឹកនាំ មន្ដ្រីរាជការ ភ្ញៀវទេសចរជាតិ និងអន្ដរជាតិយ៉ាងច្រើនកុះករផងដែរ៕