(ភ្នំពេញ)៖ បុណ្យចូលឆ្នាំថ្មីដែលជាបវេណីរបស់ខ្មែរតាំងពីបុព្វកាលមកនោះ គឺជាពេលវេលាដ៏មានអត្ថន័យបំផុតនៃក្រុមគ្រួសារខ្មែរ ព្រោះវេលានេះគឺជាពេលជួបជុំដ៏សែនសប្បាយរីករាយបំផុតរបស់ប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ បន្ទាប់ពីបានឃ្លាតចាកឆ្ងាយពីគ្នា ដើម្បីបម្រើនូវបុព្វហេតុរៀងៗខ្លួនមានដូចជា បុព្វហេតុជាតិ បុព្វហេតុនៃជីវភាពគ្រួសារ និងការស្រវ៉ាវិជ្ជាជាដើម...។
ឥទ្ធិពលនៃពិធីបុណ្យចូលឆ្នាំថ្មីបានដាស់ឈាមខ្មែរនៅគ្រប់ទីកន្លែងឲ្យរំជើបរំជួលជ្រួលនឹករលឹកដល់ស្រុកកំណើត និងសាច់ញាតិ។ នៅមុនការឈានមកដល់នៃសង្ក្រាន្តឆ្នាំថ្មី គេបានឃើញបងប្អូនប្រជាពលរដ្ឋខ្មែរកំពុងបំពេញការងារ ក៏ដូចជាសិក្សារៀនសូត្រក្នុងរាជធានីភ្នំពេញ ក៏បានចាប់ផ្តើមសម្រុកនាំគ្នាទៅផ្ទះ ទៅលេងស្រុកកំណើត ដើម្បីបានជួបលោកឪពុក អ្នកម្តាយ ជីដូន ជីតា និងក្រុមគ្រួសារសាច់ញាតិជាទីស្រឡាញ់។
នៅតាមបណ្តាផ្លូវជាតិធំៗមានដូចជាផ្លូវជាតិលេខ១ លេខ២ លេខ៣ លេខ៤ លេខ៥ និងលេខ៦ ដែលជាច្រកចេញពីរាជធានីភ្នំពេញ ឆ្ពោះទៅកាន់បណ្តាខេត្តនានានោះ ត្រូវបានកកស្ទះទៅដោយយានយន្ត។ រាជធានីភ្នំពេញ ដែលជាបេះដូងរបស់កម្ពុជាធ្លាប់តែអ៊ូអរក៏ចាប់ផ្តើមប្រែទៅជាស្ងប់ស្ងាត់បន្តិចខុសពីធម្មតា។
ក្នុងនោះពលករខ្មែរបម្រើការនៅក្នុងប្រទេសថៃ និងអ្នកបម្រើការនៅតាមបណ្តាប្រទេសមួយចំនួនទៀតដូចជា កូរ៉េខាងត្បូងជាដើមនោះ ក៏បាននាំគ្នាសម្រុកមកស្រុកកំណើត ផងដែរ។ តាមរយៈទិដ្ឋភាពនេះបុណ្យចូលឆ្នាំថ្មីប្រពៃណីរបស់ជាតិខ្មែរ គឺពិតជាពេលវេលាដ៏វិសេសវិសាលបំផុតសម្រាប់ក្រុមគ្រួសារខ្មែរទាំងការផ្តល់ភាពកក់ក្តៅ និងភាពសប្បាយរីករាយ។
សង្រ្កាន្តឆ្នាំថ្មី ឆ្នាំច សំរឹទ្ធស័ក ព.ស២៥៦២ ឈានចូលមកដល់នៅវេលាម៉ោងប្រមាណ ៩៖១២នាទីថ្ងៃសៅរ៍ ១៤រោច ខែចេត្រ ត្រូវនឹងថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៨។ បុត្រីទី៧ របស់ព្រះកបិលមហាព្រហ្ម ព្រះនាង មហោធរៈទេវី យាងចុះមកបន្តភារកិច្ចពីព្រះនាង កិមិរាទេវី ដើម្បីឃុំគ្រង និងថែរក្សាចក្រវាឡនេះ។
ក្នុងឱកាសដ៏មហានក្ខត្តឫក្សឧត្តុង្គឧត្តមនេះ ទូលព្រះបង្គំ លឹម ជាវុត្ថា ស្ថាបនិក និងជានាយកប្រតិបត្តិអង្គភាពព័ត៌មាន Fresh News តំណាងឲ្យសហការីទាំងអស់ សូមលំឱនកាយបួងសួងដល់បុណ្យគុណព្រះរតនត្រ័យ ដួងព្រះវិញ្ញាណក្ខន្ធអតីតព្រះមហាក្សត្រខ្មែរគ្រប់ព្រះអង្គ ទេវតាថែរក្សាព្រះស្វេតឆត្រ ទេវតាឆ្នាំថ្មីព្រះនាងមហោធរៈទេវី វត្ថុស័ក្តិសិទ្ធិក្នុងលោក សូមថ្វាយពរជ័យសិរីបវរមហាប្រសើរដល់ព្រះមហាក្សត្រខ្មែរ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ជីវិតតម្កល់លើត្បូងដ៏ខ្ពង់ខ្ពស់បំផុត ព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ នរោត្តម មុនិនាថ សីហនុ មានព្រះរាជសុខភាពល្អ ព្រះកាយពលមាំមួន ព្រះជន្មាយុយឺនយូរ ដើម្បីគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ត្រជុំដល់ប្រជារាស្ត្រខ្មែរទូទាំងនគរ។
ខ្ញុំព្រះករុណា ខ្ញុំបាទ សូមលំឱនកាយបួងសួងដល់បុណ្យគុណព្រះរតនត្រ័យ ទេវតាឆ្នាំថ្មីព្រះនាងមហោធរៈទេវី និងវត្ថុស័ក្តិសិទ្ធិក្នុងលោក ប្រគេនពរ និងជូនពរដល់ព្រះសង្ឃគ្រប់ព្រះអង្គ សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ លោក លោកស្រីជនរួមជាតិខ្មែរគ្រប់ទីកន្លែង បានជួបតែសេចក្តីសុខសេចក្តីចម្រើន ចៀសឆ្ងាយពីរោគាព្យាធិ ជួបតែភាពសប្បាយរីករាយគ្រប់ក្រុមគ្រួសារ និងសម្រេចរាល់បំណងប្រាថ្នាដែលជាអំពើប្រកបដោយសុច្ចរិតធម៌នៅក្នុងឆ្នាំថ្មីនេះ។
បើទោះបីបុណ្យចូលឆ្នាំជាពេលសម្រាប់ការជួបជុំក្រុមគ្រួសារខ្មែរយ៉ាងណាក្តី តែបងប្អូនកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទនៅតែបន្តជាប់មមាញឹកជាមួយ ភារកិច្ចមិនអាចខានបានក្នុងការថែរក្សាការពារបូរណភាពទឹកដី សន្តិសុខសណ្តាប់ធ្នាប់ និងសេចក្តីសុខសុវត្ថិភាពសម្រាប់ប្រជាពលរដ្ឋខ្មែរ។
ខ្ញុំបាទសូមគោរពថ្លែងអំណរគុណជាអនេកចំពោះវីរភាពរបស់បងប្អូនកងកម្លាំងសមត្ថកិច្ចគ្រប់ប្រភេទទាំងអស់ និងសូមបួងសួងដល់បុណ្យគុណព្រះរតនត្រ័យ ទេវតាឆ្នាំថ្មីព្រះនាងមហោធរៈទេវី និងវត្ថុស័ក្តិសិទ្ធិក្នុងលោកតាមបីបាច់ថែរក្សាបងប្អូនបានមានសុខភាពល្អបរិបូរណ៍ ប្រាជ្ញាវាងវៃ កម្លាំងពលំកាន់តែខ្លាំងពូកែ ដើម្បីរួមចំណែកធ្វើឲ្យកាន់តែប្រសើរក្នុងបុព្វហេតុជាតិមាតុភូមិ និងប្រជាជនកម្ពុជាទាំងមូល។
អង្គភាពព័ត៌មាន Fresh News ទោះបីមានអាយុកាលជាង ៣ឆ្នាំ (១៥-ឧសភា-២០១៤) តែបានទទួលការគាំទ្រខ្លាំងទាំងក្នុង និងក្រៅប្រទេស និងឈានមុខមួយនៅកម្ពុជា ។ ការទទួលបាននូវការគាំទ្រ មិនមែនកើតឡើងដោយឥតព្រាងទុកនោះឡើយ ពោលបានកើតឡើងជាមួយទស្សនៈ និងចក្ខុវិស័យមួយប្រកបភាពប្រាកដនិយមខ្ពស់បំផុត។ មកដល់ពេលបច្ចុប្បន្ននេះ Fresh News មានមិត្តអ្នកអាននៅលើ App ប្រមាណជា ១.២លាននាក់ លើគេហទំព័រមានអ្នកចូលទស្សនាប្រចាំថ្ងៃជាង ៥០ម៉ឺននាក់ ខណៈលើទំព័រ Facebook មានអ្នកចុច Like ជាង២.៥លានទៅហើយ ហើយបានពង្រីការផ្សាយរបស់ខ្លួនទៅជាភាសាអង់គ្លេស និងភាសាចិនថែមទៀត។
ក្នុងនាមជានាយកប្រតិបត្តិ (CEO) និងជាស្ថាបនិក នៃអង្គភាពព័ត៌មាន Fresh News ខ្ញុំសូមអរគុណយ៉ាងជ្រាលជ្រៅបំផុត ដល់បុគ្គលិកគ្រប់ផ្នែកជាង១០០នាក់ ដែលបានរួមគ្នាជាកម្លាំង ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ និងយកការងារដាក់ជាប់ក្នុងក្រអៅបេះដូង ចាត់ទុកការងារជាចំណីអាហារ ហើយស្រេកឃ្លានការងារ គ្រប់ពេលវេលាមិនថាយប់ថ្ងៃ។ ដូចពាក្យមួយឃ្លាតែងតែលឺពេញបន្ទប់ការិយាល័យ Fresh News ថា «ពួកយើងទាំងអស់មិនខ្លាចនឿយហត់ក្នុងការបញ្ជូនព័ត៌មាន ទៅកាន់ពិភពលោក» ហើយខ្ញុំក៏តែងតែពោលពាក្យមួយ ឃ្លាទៅកាន់បុគ្គលិកជាទីស្រឡាញ់បំផុតរបស់ខ្ញុំថា៖ «សេចក្តីសុខរបស់ខ្ញុំ គឺនៅពេលឃើញបុគ្គលិកមានភាពសប្បាយ រីករាយ និងមានជីវភាពធូរធារល្អប្រសើរ»។
សូមទេវតាឆ្នាំថ្មី តាមជួយបីបាច់ថែរក្សាថ្នាក់ដឹកនាំ និងបុគ្គលិកអង្គភាព Fresh News គ្រប់រូបទាំងអស់ បានជួបតែសេចក្តីសុខ សេចក្តីចម្រើន កម្លាំងពលំមាំមួន ប្រាជ្ញាកាន់តែឆ្លាតវាងវៃ ដើម្បីជ្រោងអង្គភាពឲ្យកាន់តែរីកចម្រើន។ ខ្ញុំនៅតែសង្ឃឹមមុតមាំថា ទឹកចិត្តដ៏មុះមុតស្រួចរបស់បុគ្គលិកទាំងអស់នឹងមិនប្រែថ្មីនោះឡើយ នៅតែបន្តរក្សាប្រមូលផ្តុំគ្នាជាកម្លាំង ហើយកាន់តែខ្លាំងក្លាជាងឆ្នាំចាស់ ដើម្បីសម្រេចគោលដៅរួមមួយ កសាងអង្គភាពព័ត៌មានជាទ្រនំដ៏សុខសាន្តមួយនេះឲ្យកាន់តែល្បាញល្បី ថែមទៀត ជាមួយនឹងដំណើរមិនចេះនឿយហត់។
ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិរបស់ខ្មែរនេះ ខ្ញុំក៏សូមគោរពថ្លែងអំណរគុណយ៉ាងជ្រៅ និងខ្ពង់ខ្ពស់បំផុតផងដែរ ដល់សម្តេច ទ្រង់ ឯកឧត្តម អស់លោក លោកស្រី គ្រប់ទិសទីទាំងក្នុង និងក្រៅប្រទេស ដែលតែងបានគាំទ្រអង្គភាព Fresh News តាំងពីដើមរៀងមក។ ជាពិសេសម្ចាស់ក្រុមហ៊ុននានា ដែលតែងបានជួយផ្សព្វផ្សាយ ពាណិជ្ជកម្មផលិតផលរបស់ខ្លួន។ ការឧបត្ថម្ភគាំទ្រពីម្ចាស់ពាណិជ្ជកម្មនានា ជាការបន្តក់នូវទឹកអម្រិតប្រោសព្រំផ្តល់ដង្ហើមឲ្យ Fresh News អាចឈរជើងលើវេទិកា នៃការផ្តល់ព័ត៌មានប្រកបដោយការ ប្រកួតប្រជែងនាពេលបច្ចុប្បន្ន។
ខ្ញុំសូមលើកហត្ថទាំងទ្វេបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោកគុណបុណ្យ ព្រះរតនត្រ័យ មានព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ ជាប្រធាន ទេវតាថែរក្សាព្រះស្វេតឆ័ត្រ ទេវតាថែរក្សាចក្រវាឡទាំងមូលតាមជួយ អភិបាលប្រោសព្រំបីបាច់ថែរក្សា និងប្រសិទ្ធពរជ័យ ដល់សម្តេច ទ្រង់ ឯកឧត្តម អស់លោក លោកស្រី អ្នកនាងកញ្ញា ជាម្ចាស់ក្រុមហ៊ុន និងមិត្តអ្នកអានទាំងអស់បានសមប្រកបតែសេចក្តីសុខ សេចក្តីចម្រើន វិបុលសុខ និងសម្រេចរាល់បំណងប្រាថ្នា និងសូមឲ្យបានទទួលជោគជ័យគ្រប់ការងារ ភារកិច្ច និង របរអាជីវកម្ម។
សុខសន្តិភាព ជាបុព្វហេតុដ៏ចម្បង និងសំខាន់បំផុតសម្រាប់ជាតិកម្ពុជាដ៏កម្សត់ ដែលរងនូវការញ៉ាំញីដោយភ្លើងសង្គ្រាមជាង ៣ទសវត្សរ៍កន្លងមកនេះ ឆ្ពោះមកកាន់ការអភិវឌ្ឍ ភាពរីកចម្រើនរុងរឿង និងល្បាញល្បីជាថ្មី។ ខ្ញុំសូមបួងសួងដល់ដួងព្រះវិញ្ញាណក្ខន្ធអតីតព្រះមហាក្សត្រខ្មែរគ្រប់សម័យកាល ដួងវិញ្ញាណក្ខន្ធបុព្វបុរសខ្មែរ និងទេវតាឆ្នាំថ្មី មហោធរៈទេវី បន្តអភិបាលប្រោសព្រំឃុំគ្រងជាតិកម្ពុជាទាំងមូលឲ្យភពប្រសព្វតែសុខសន្តិភាព និងសម្រេចបាននូវវឌ្ឍនភាពថ្មីៗបន្តទៅទៀត៕