(ភ្នំពេញ)៖ វេលាម៉ោង៩៖១២នាទីព្រឹកថ្ងៃសៅរ៍ ១៤រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៨នេះ ទេវតាឆ្នាំថ្មី ឆ្នាំច ព្រះនាម «មហោទរាទេវី» បុត្រីទី៧ នៃកបិលមហាព្រហ្ម បានយាងមកថែរក្សាប្រជាពលរដ្ឋខ្មែរទាំងអស់ហើយ។

ជាមួយនឹងការយាងចុះមកទទួលភារកិច្ច ដើម្បីឃុំគ្រង និងថែរក្សាចក្រវាឡរបស់ព្រះនាង «មហោទរាទេវី» បងប្អូនប្រជាពលរដ្ឋខ្មែរដែលប្រកាន់ខ្ជាប់ខ្ជួននូវបវេណីមួយនេះ បានរៀបចំគ្រឿងរណ្តាប់ជាសក្ការបូជាតាមលំអានយ៉ាងសមសួនថ្វាយដល់ទេវតាឆ្នាំថ្មី ដើម្បីទទួលបានពរជ័យសិរីសួស្តីសម្រាប់ឆ្នាំថ្មី។ គ្រឿងសក្ការបូជាសម្រាប់ទទួលទេវតាឆ្នាំថ្មី មានបាយសីមួយគូ ស្លាធម៌១គូ ធូប៥ ទៀន៥ ទឹកអប់១គូ ផ្កាភ្ញី លាជ ទឹក១ផ្តិល និងភេសជ្ជៈ នំនែក ផ្លែឈើគ្រប់មុខ។

ទន្ទឹមនឹងការរៀបចំគ្រឿងសក្ការបូជាសម្រាប់ថ្វាយដល់ទេវតាឆ្នាំថ្មី តាមគេហដ្ឋានរបស់ប្រជាពលរដ្ឋខ្មែរនីមួយៗ ក៏បានរៀបចំតុបតែងយ៉ាងស្រស់ស្អាតផងដែរ ជាមួយការរំលេចដោយអំពូលអគ្គិសនី ខ្សែតូចៗចម្រុះពណ៌ ឬចង្កៀងគោម គ្រប់ពណ៌សម្រាប់ទទួលទេវតាឆ្នាំថ្មីនេះ។

បងប្អូនប្រជាពលរដ្ឋខ្មែរ ក៏មានជំនឿផងដែរសម្រាប់ការជូនពរគ្នានៅក្នុងពេលទេវតាយាងចុះមករក្សាភពផែនដីនេះ នឹងនាំឲ្យពួកគេបានជួបនូវសិរីសួស្តី សំណាងល្អ និងសម្រេចរាល់បំណងប្រាថ្នារបស់ពួកគេពេញមួយឆ្នាំថ្មី។ ពាក្យពេចន៍ជូនពរនៅក្នុងក្រុមគ្រួសារ រវាងមេកើយ និងកូនចៅ រវាងមិត្តភក្តិជាដើមនោះ ត្រូវបានរំលេចឡើងតាមរយៈការជួបគ្នាផ្ទាល់ និងនៅតាមបណ្តាញ ទំនាក់ទំនងសង្គម ព្រមទាំងតាមមធ្យោបាយទំនាក់ទំនងផ្សេងទៀត។

ទេវតាឆ្នាំថ្មីនេះព្រះនាម «មហោទរាទេវី» គង់នៅចាតុម្មហារាជិកាទ្រង់អម្ពរពណ៌ខៀវ លម្អនៅព្រះកាណ៌ ដោយបុប្ផា «ត្រកៀត» អភរណៈ «និលរតន៍» ភក្សាហារទ្រង់ «សាច់ទ្រាយ (ជាម្រឹគពពួកសត្វឈ្លូស)» ព្រះហស្ថស្ដាំទ្រង់ «កងចក្រ» ព្រហស្ថឆ្វេងទ្រង់ «ត្រីសូល៍» ទ្រង់គង់រំពែឈរលើខ្នង «ស្ដេចក្ងោក» (មយូរា) ដែលជាបាហនៈ។

ខាងក្រោមជាប្រវត្តិបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាខ្មែរ ដើម្បីជាការស្វែងយល់៖

* ប្រវត្តិបុណ្យចូលឆ្នាំថ្មី៖

តំណាលថា កាលដើមនៃភទ្ទកប្ប មានសេដ្ឋីនាយម្នាក់មានបុត្រម្នាក់ ឈ្មោះ ធម្មបាលកុមារ ជាអ្នកមានចំណេះវិជ្ជាដ៏វិសេសវិសាល រៀនចេះចប់គម្ពីរត្រៃវេទ តាំងពីអាយុ៧ឆ្នាំមកម្ល៉េះ។ សេដ្ឋីនាយជាបិតាបានសាងប្រាសាទមួយ ឲ្យនៅទៀបដើមជ្រៃមួយដ៏ធំ ក្បែរឆ្នេរទន្លេដែលជាទីនៅនៃបក្សីទាំងឡាយ។ ធម្មបាលកុមារនោះ បានចេះទាំងភាសាបក្សីទាំងពួងផង ហើយក្លាយជាអាចារ្យសម្ដែងមង្គលផ្សេងៗ ដល់មនុស្សទាំងពួងផងដែរ។

គ្រានោះ មនុស្សលោករមែងរាប់អានព្រះមហាព្រហ្ម និងកបិលមហាព្រហ្មមួយអង្គទៀត ដែលជាអ្នកសម្ដែងមង្គលដល់មនុស្សទាំងពួង ដូចគ្នាដែរ។ ពេលនោះ កបិលមហាព្រហ្មបានជ្រាបព័ត៌មានរឿងធម្មបាលកុមារ ក៏ចុះមកសួរបញ្ហាជាមួយចៅធម្មបាលកុមារ នូវប្រស្នាចំនួន៣ខ ដោយទ្រង់ដាក់លក្ខខណ្ឌថា «បើចៅដោះប្រស្នារបស់យើងបាន យើងនឹងកាត់ព្រះសិរសាបូជាជូនចៅឯង តែបើចៅឯងដោះប្រស្នាយើងមិនរួចទេ ចៅឯងត្រូវកាត់ក្បាលថ្វាយដល់យើងវិញ»។ ធម្មបាលកុមារក៏សុំឲ្យពន្យារពេល ចំនួន៧ថ្ងៃសិន ដើម្បីគិតដោះប្រស្នា។

លុះកន្លងទៅ៦ថ្ងៃហើយ ក៏នៅតែគិតមិនឃើញ ចៅធម្មបាលកុមារដឹងខ្លួនថា ព្រឹកស្អែកនឹងត្រូវស្លាប់ដោយអាជ្ញាកបិលមហាព្រហ្ម ជាប្រាកដហើយ។ ដូច្នេះគួរតែរត់ទៅលាក់ខ្លួនពួនអាត្មាសិនប្រសើរជាង។ គិតហើយ ធម្មបាលកុមារបានចុះពីប្រាសាទ ទៅដេកពួននៅក្រោមដើមត្នោតមួយដើម។ ដើមត្នោតនោះ មានសត្វឥន្ទ្រីញី-ឈ្មោល ធ្វើសំបុកអាស្រ័យនៅ។

វេលាយប់ឥន្ទ្រីញីសួរទៅឥន្ទ្រីឈ្មោលថា «ព្រឹកនេះយើងបានអាហារពីណាស៊ី?», ឥន្ទ្រីឈ្មោលឆ្លើយថា «យើងនឹងស៊ីសាច់ធម្មបាលកុមារ ដែលត្រូវកបិលមហាព្រហ្មសម្លាប់ ព្រោះដោះប្រស្នាមិនរួច»។ ឥន្ទ្រីញីសួរទៀតថា «ប្រស្នានោះ ដូចម្តេច?», ឥន្ទ្រីឈ្មោលឆ្លើយថា «ប្រសា្ននោះមាន៣ខ៖ ខទី១ ពេលព្រឹកសិរីសួស្ដីឋិតនៅត្រង់ណា, «ខ» ទី២ ពេលថ្ងៃត្រង់សិរីសួស្ដីឋិតនៅត្រង់ណា, និង «ខ» ទី៣ ពេលល្ងាចសិរីសួស្ដីឋិតនៅត្រង់ណា»

ឥន្ទ្រីញីសួរទៀត «ចុះសិរីសួស្ដីទាំង៣ពេលនោះ ឋិតនៅត្រង់ណាទៅ?», ឥន្ទ្រីឈ្មោលឆ្លើយ «ខទី១ ពេលព្រឹកសិរីសួស្តីឋិតនៅលើមុខ ហេតុនោះ ទើបមនុស្សទាំងឡាយត្រូវយកទឹកទៅលប់មុខ, ខទី២ ថ្ងៃត្រង់សិរីឋិតនៅលើទ្រូង ហេតុនោះ ទើបមនុស្សត្រូវយកទឹកលាងទ្រូង, ខទី៣ ពេលល្ងាចសិរីស្ថិតនៅលើជើង ហេតុនេះ ទើបមនុស្សទាំងឡាយត្រូវយកទឹកលាងជើង»

ធម្មបាលកុមារបានឮដូច្នេះ ក៏ត្រឡប់ទៅប្រាសាទវិញ។ ព្រឹកឡើងកបិលមហាព្រហ្ម ក៏ចុះមកសួរប្រស្នា ធម្មបាលកុមារក៏ឆ្លើយដោះត្រូវទាំង៣ខ។ តែមុននឹងកាត់ព្រះសិរសាដូចបានសន្យាគ្នា ព្រះកបិលមហាព្រហ្ម បានហៅទេពធីតាទាំង៧អង្គ ដែលជាបាទបរិចាវិកាព្រះឥន្ទ្រ មកប្រាប់ថា «ឥឡូវ បិតាត្រូវកាត់ព្រះសិរសា បូជាជូនធម្មបាលកុមារ តែបើដាក់ព្រះសិរសាបិតា ទៅលើផែនដី នឹងកើតជាភ្លើងឆេះទាំងលោកធាតុ តែបើបោះទៅឰដ៏អាកាស ភ្លៀងនឹងកើតគ្រោះរាំងស្ងួត ហើយបើចោលក្នុងមហាសមុទ្រ ទឹកនឹងរីងស្ងួតហួតអស់ ដូច្នេះសូមឲ្យបុត្រីទាំង៧អង្គ យកពានមកទទួលព្រះសិរសាបិតា»។ ថាហើយក៏កាត់ព្រះសិរសា ហុចទៅឲ្យព្រះនាងទុង្សាទេវី ជាបុត្រីច្បង។

ព្រះនាងទុង្សាទេវី ក៏យកពានទៅទទួលព្រះសិរសារបស់កបិលមហាព្រហ្ម ហើយដង្ហែរប្រទក្សិណជុំវិញភ្នំព្រះសុមេរុ ចំនួន៦០នាទី ហើយក៏អញ្ជើញទៅប្រតិស្ថាន ទុកក្នុងមណ្ឌលក្នុងគុហាគន្ធមាលី នៃភ្នំកៃលាស បូជាគ្រឿងទិព្វផ្សេងៗ ព្រះវិស្សកម្មទេវបុត្រ ក៏និម្មិតរោងទិព្វដ៏ប្រណិតអមដោយកែវ៧ពណ៌ ឈ្មោះថា «ភគវតីសភា» ឲ្យជាទីប្រជុំនៃទេវតា លុះដល់គម្រប់១ឆ្នាំជាសង្ក្រាន្ត ទេពធីតាទាំង៧អង្គ ក៏ផ្លាស់វេនគ្នាមកអញ្ជើញ ព្រះសិរសាកុបិលមហាព្រហ្ម ចេញមកដង្ហែរប្រទក្សិណភ្នំព្រះសុមេរ រៀងរាល់ៗឆ្នាំ ហើយត្រឡប់ទៅឋានទេវលោកវិញ។

* ឈ្មោះទេពធីតាមហាសង្ក្រាន្ត និងគ្រឿងអភរណៈ៖

១៖ បើសង្ក្រាន្តជាថ្ងៃអាទិត្យ ទេពធីតាព្រះនាម «ព្រះនាងទុង្សាទេវី» សៀតផ្កាទទឹម គ្រឿងប្រដាប់បទុមរាគ ភក្សាហារផ្លែឧទុម្ពរ (គ្រឿងសោយ) អាវុធស្តាំកងចក្រ ឆ្វេងខ្យងស័ង្ខ ពាហនៈជាសត្វគ្រុឌ។
២៖ បើថ្ងៃចន្ទ ទេពធីតាព្រះនាម «ព្រះនាងគោរាគទេវី» សៀតផ្កាអង្គារបុស្ស គ្រឿងប្រដាប់កែវមុក្តា (គជខ្យង) ភក្សាហារប្រេង អាវុធស្តាំព្រះខ័ឌ្គ ឆ្វេងឈើច្រត់ ពាហនៈសត្វខ្លា។
៣៖ បើថ្ងៃអង្គារ ទេពធីតាព្រះនាម «ព្រះនាងរាគសាទេវី» សៀតផ្កាឈូក គ្រឿងប្រដាប់កែវមោរ៉ា (ត្បូងកែវរាងមូល) ភក្សាហារលោហិត អាវុធស្តាំត្រីសូល៍ (លំពែងផ្លែ៣) ឆ្វេងធ្នូ ពាហនៈសត្វសេះ។
៤៖ បើថ្ងៃពុធ ទេពធីតាព្រះនាម «ព្រះនាងមណ្ឌាទេវី) សៀតផ្កាចម្ប៉ា គ្រឿងប្រដាប់ពិទូរ្យ (កែវ) ភក្សាហារទឹកដោះសិប្បិ អាវុធស្តាំម្ជុល ឆ្វេងឈើច្រត់ ពាហនៈសត្វលា។
៥៖ បើថ្ងៃព្រហស្បតិ៍ ទេពធីតាព្រះនាម (ព្រះនាងកិរិណីទេវី» សៀតផ្កាមណ្ឌា គ្រឿងប្រដាប់កែវមរកត (ត្បូងពណ៌បៃតង) ភក្សាហារសណ្តែក ល្ង អាវុធស្តាំកង្វេរ (ដង្កាវដំរី) ឆ្វេងកាំភ្លើង ពាហនៈសត្វដំរី។
៦៖ បើថ្ងៃសុក្រ ទេពធីតាព្រះនាម «ព្រះនាងកិមិរាទេវី» សៀតផ្កាចង្កុលនី គ្រឿងប្រដាប់បុស្សរាគ័ម ភក្សាហារចេកណាំវ៉ា អាវុធស្តាំព្រះខ័ឌ្គ ឆ្វេងពិណ ពាហនៈសត្វក្របី។
៧៖ បើថ្ងៃសៅរ៍ ទេពធីតាព្រះនាម «ព្រះនាងមហោទរាទេវី» សៀតផ្កាត្រកៀត គ្រឿងប្រដាប់នីលរតន៍ ភក្សាហារសាច់ទ្រាយ អាវុធស្តាំកងចក្រ ឆ្វេងត្រីសូល៍ ពាហនៈសត្វក្ងោក។

* ទំនៀមចូលឆ្នាំ៖

កាលដើមឡើយខ្មែរយើង តែងប្រារព្ធធ្វើបុណ្យចូលឆ្នាំក្នុងខែមិគសិរ ព្រោះគេកំណត់យកខែនេះ ជាខែដើមឆ្នាំ។ នាសម័យព្រេងនាយ ឆ្នាំនីមួយៗចែកជា៣រដូវតាមចន្ទគតិ មានហេមន្តរដូវ (រដូវទឹកសន្សើម), គិម្ហរដូវ (រដូវក្ដៅ) និងវស្សានរដូវ (រដូវភ្លៀង)។ បុរាណាចារ្យលោកគិតថា ហេមន្តរដូវ ចាត់ទុកជារដូវដើមឆ្នាំ ប្រៀបបាននឹងពេលព្រឹកដែលផុតពីរាត្រី គឺជាពេលព្រឹក។ គិម្ហរដូវ ចាត់ទុកជាកណ្ដាលឆ្នាំ ប្រៀបបានជាពេលថ្ងៃត្រង់។ វស្សានរដូវ ជារដូវមេឃងងឹត មានភ្លៀងផ្គរ ចាត់ទុកជាចុងឆ្នាំ ប្រៀបបាននឹងពេលព្រលប់។

ទំនៀមពិធីចូលឆ្នាំប្រព្រឹត្តទៅ ចំនួន៣ថ្ងៃ។ ថ្ងៃដំបូង ជាថ្ងៃមហាសង្ក្រាន្ត, ថ្ងៃទី២ ជាថ្ងៃវ័នបត និងថ្ងៃទី៣ ជាថ្ងៃឡើងស័ក។ ឯការកំណត់ខែ-ថ្ងៃ-ម៉ោង-នាទី ដែលឆ្នាំចាស់ត្រូវផុតកំណត់ ហើយទេវតាឆ្នាំថ្មី ត្រូវចុះមកទទួលតំណែងពីទេវតាឆ្នាំចាស់នោះ គេអាចដឹងបានយ៉ាងទៀងទាត់ ដោយអាស្រ័យតាមក្បួនហោរាសាស្ត្របែបបុរាណ គឺក្បួនមហាសង្ក្រាន្តនេះឯង។

តើថ្ងៃចូលឆ្នាំថ្មីរបស់ខ្មែរយើង ត្រូវលើខែណា? ថ្ងៃណា? ចាប់ពីត្រឹមពីសម័យក្រុងអង្គរធំ (ប្រាសាទបាយ័ន) ឡើងទៅ ខ្មែរយើងប្រើឆ្នាំចន្ទគតិ (រាប់តាមដំណើរព្រះចន្ទ) ទើបកំណត់យកខែមិគសិរ (ជាខែទី១) ជាខែចូលឆ្នាំ ហើយខែកក្តិក ជាខែទី១២។

លុះក្រោយមក ទើបគេនិយមប្រើសុរិយគតិ (រាប់តាមដំណើរព្រះអាទិត្យ) ជាសំខាន់វិញ ហើយកំណត់ចូលឆ្នាំក្នុងខែចែត្រ (ខែទី៥) ដែលជាឆ្នាំកំណត់ព្រះអាទិត្យចូលកាន់មេរាសី ហើយថ្ងៃចូលឆ្នាំរមែងត្រូវលើថ្ងៃទី១៣ នៃខែមេសា (ចែត្រ) រៀងរាល់ឆ្នាំ ប៉ុន្តែយូរៗទៅមានភ្លាត់ម្តងៗ ចូលឆ្នាំក្នុងថ្ងៃទី១៤ ក៏មានខ្លះដែរ។ ការផ្លាស់ប្ដូរនេះ ព្រោះបុព្វបុរសយើងយល់ឃើញថា នៅខែមិគសិរនេះ ប្រជាកសិករខ្មែររវល់មមាញឹកនឹងរបរកសិកម្ម មានស្រែចម្ការជាដើម ទើបលោកលើកកំណត់ពេលចូលឆ្នាំមកធ្វើនៅខែចែត្រវិញ ដោយហេតុថា ខែចែត្រកិច្ចការច្រូតការបោកបែន បានចប់សព្វគ្រប់ ហើយប្រជាពលរដ្ឋខ្មែរទំនេរ មានឱកាសធ្វើបុណ្យទានកម្សាន្តសប្បាយតាមប្រាថ្នា។

មហាសង្ក្រាន្តដែលប្រើរបៀបគន់គូរតាមសុរិយគតិ ហៅថា «សាមញ្ញសង្ក្រាន្ត» (ព្រះអាទិត្យដើរត្រង់ចំពីលើក្បាល ជាសង្ក្រាន្ត)។ មហាសង្ក្រាន្តដែលប្រើរបៀបគន់គូរតាមចន្ទគតិ ហៅថា «អាយន្តសង្ក្រាន្ត» (ពេលដែលព្រះអាទិត្យ ដើរបញ្ឈៀងមិនត្រង់ចំលើក្បាល)។ គេនៅប្រើចន្ទគតិឯបគ្នានឹងសុរិយគតិដែរ ព្រោះចន្ទគតិមានទំនាក់ទំនងនឹងពុទ្ធប្បញ្ញត្តិច្រើន។ ចំណែកឯថ្ងៃចូលឆ្នាំតាមចន្ទគតិ មិនបានទៀងទាត់ជាថ្ងៃណាមួយទេ ជួនកាលចូលឆ្នាំក្នុងវេលាខ្នើត ជួនកាលក្នុងវេលារនោចទៅវិញ។ ប៉ុន្តែនៅក្នុងរវាងមួយខែ គឺមិនមុនថ្ងៃ៤កើត ខែចែត្រ និងមិនហួសថ្ងៃ៤កើត ខែពិសាខទេ ដូចនេះ សង្ក្រាន្តខ្លះធ្លាក់ទៅក្នុងខែពិសាខក៏មាន។

ចំពោះពិធីផ្សេងៗ ខ្មែរយើងមានរៀបចំតាមប្រពៃណីដូចតទៅ នៅពេលមុនចូលឆ្នាំ គេនាំគ្នាប្រុងប្រៀបរកស្បៀងអាហារ សម្អាតផ្ទះសំបែង រែកទឹកដាក់ពាង រកអុសទុកកាត់សម្លៀកបំពាក់ថ្មីៗជាដើម។ ថ្ងៃចូលឆ្នាំមកដល់ គេរៀបគ្រឿងសក្ការបូជាសម្រាប់ទទួលទេវតាឆ្នាំថ្មី មានបាយសីមួយគូ ស្លាធម៌១គូ ធូប៥ ទៀន៥ ទឹកអប់១គូ ផ្កាភ្ញី លាជ ទឹក១ផ្តិល និងភេសជ្ជៈ នំនែក ផ្លែឈើគ្រប់មុខ។ ចំណែកផ្ទះសំបែង គេតុបតែងរំលេចដោយអំពូលអគ្គិសនី ខ្សែតូចៗចម្រុះពណ៌ ឬចង្កៀងគោម គ្រប់ពណ៌សម្រាប់ទទួលទេវតាឆ្នាំថ្មី។

លុះដល់វេលាកំណត់ទេវតាថ្មី ចុះមកហើយ គេនាំកូនចៅអង្គុយជុំគ្នានៅជិតកន្លែងរៀបគ្រឿងសក្ការៈនោះ ហើយអុជទៀនធូប បាញ់ទឹកអប់ បន់ស្រន់សុំសេចក្តីសុខចម្រើនគ្រប់ប្រការពីទេវតាថ្មី។ ចំពោះគ្រឿងសក្ការៈ និងក្រយាស្ងោយដាក់ថ្វាយទេវតាននោះ គេនិយមតម្រូវតាមចិត្តទេវតា ដែលនឹងត្រូវចុះក្នុងឆ្នាំនីមួយៗ។

* ថ្ងៃទី១៖ គេយកចង្ហាន់ទៅប្រគេនព្រះសង្ឃនៅវត្ត។ ពេលល្ងាចគេនាំគ្នាជញ្ជូនខ្សាច់សាងវាលុកចេតិយ នៅជុំវិញព្រះវិហារ ឬនៅជុំវិញដើមពោធិ៍ណាមួយ នៅក្នុងវត្តនោះ។ នៅពេលព្រលប់គេប្រគេនភេសជ្ជៈដល់ព្រះសង្ឃ និមន្តលោកចម្រើនព្រះបរិត្ត និងសម្ដែងធម្មទេសនា។

* ថ្ងៃទី២៖ កូនចៅជូនសម្លៀកបំពាក់ នំចំណី លុយកាក់ដល់អ្នកមានគុណ មានឪពុកម្តាយ ជីដូនជីតាជាដើម។ ជួនកាលគេធ្វើទានដល់មនុស្សបម្រើ ឬអ្នកក្រីក្រទៀតផង។ ពេលរសៀល គេនាំគ្នាទៅពូនភ្នំខ្សាច់ទៀត ហើយសូត្រធម៌អធិដ្ឋានភ្នំខ្សាច់ ដែលគេសន្មត់ទុកដូចចូឡាមណីចេតិយ ហើយនិមន្តព្រះសង្ឃបង្សុកូលចេតិយ បញ្ជូនមគ្គផលដល់វិញ្ញាណក្ខន្ធបងប្អូន ដែលបានស្លាប់ទៅ។

* ថ្ងៃទី៣៖ ពេលព្រឹក និមន្តព្រះសង្ឃឆ្លងភ្នំខ្សាច់ ពេលល្ងាចនិមន្តព្រះសង្ឃស្រង់ទឹក និងស្រង់ព្រះពុទ្ធរូប (តាមការនិយមនៃស្រុកខ្លះ) នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីនេះ គេនាំគ្នាលេងល្បែងប្រជាប្រិយកម្សាន្ដសប្បាយជាច្រើន ដូចជាលេងបោះអង្គុញ ចោលឈូង ទាញព្រ័ត្រ លាក់កន្សែង ចាប់កូនខ្លែងជាដើម និងមានរបាំត្រុដិ ជាពិសេសទៀត គឺរាំវង់តែអាស្រ័យទៅតាមការនិយមចូលចិត្ត របស់មនុស្សតាមតំបន់ ខ្លះនិយមនាំគ្នាដើរកម្សាន្ដបន្ត ខ្លះនិយមធ្វើបុណ្យទានតាមវត្តអារាម៕