Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សល់ប៉ុន្មាននាទីទៀតទេវតាឆ្នាំថ្មីនឹងចុះមកហើយ! សម្ដេចតេជោ ហ៊ុន សែន បន្ដជូនពរជនរួមជាតិ ជួបតែសេចក្ដីសុខក្នុងឱកាសបុណ្យចូលឆ្នាំថ្មី

14-04-2018 08:50

(សៀមរាប)៖ នៅសល់តែប៉ុន្មាននាទីទៀតតែប៉ុណ្ណោះ ទេវតាឆ្នាំថ្មី ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ គ្រឹស្ដសករាជ២០១៨នេះ ត្រូវចូលមកដល់ពោលនៅ វេលាម៉ោង០៩៖១២នាទីព្រឹក ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៨នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ចេញពីទីដែលសម្ដេច កំពុងតែអញ្ជើញ ចូលរួមព្រឹត្តិការណ៍អង្គរសង្ក្រាន្ដ បានបន្ដជូនពរជនរួមជាតិឲ្យជួបតែសេចក្ដីសុខគ្រប់ៗគ្នា។

តាមរយៈទំព័រ Facebook នៅនេះបន្ដិច សម្ដេចតេជោ ហ៊ុន សែន បានបង្ហោះខ្លឹមសារយ៉ាងដូច្នេះថា «​ពីទីលានវាយកូនគោល នៃខេត្តសៀមរាប ខ្ញុំសូមជូនពរបងប្អូនជនរួមជាតិ សូមជួបតែសេចក្តីសុខក្នុងឱកាសចូលឆ្នាំថ្មី ដែលនឹងមកដល់នាម៉ោង៩៖១២នាទីខាងមុខនេះ»

សូមជម្រាបថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅថ្ងៃទី១៣ ខែមេសា ឆ្នាំ២០១៨ បានអញ្ជើញបើក «ព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ២០១៨» ដែលប្រារព្ធធ្វើឡើងនៅមុខប្រាសាទបាយ័ន ហើយនៅថ្ងៃនេះ សម្ដេចទាំង២ នឹងនៅបន្ដចូលរួមព្រឹត្តិការណ៍ដ៏ធំនេះផងដែរ។

បុណ្យចូលឆ្នាំថ្មី គឺជាបុណ្យប្រពៃណីជាតិដ៏ធំរបស់ប្រជាជនខ្មែរ។ ឆ្នាំថ្មី ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ គ្រឹស្ដសករាជ២០១៨នេះ ត្រូវចូលមកដល់នៅថ្ងៃសៅរ៍១៤រោច ខែចេត្រ ត្រូវនឹងថ្ងៃទី១៤ ខែមេសា គ.ស.២០១៨ វេលាម៉ោង០៩៖១២នាទីព្រឹក។

ទេវតាឆ្នាំថ្មីនេះព្រះនាម «មហោធរៈទេវី» ជាបុត្រីទី៧នៃកបិលមហាព្រហ្ម គង់នៅចាតុម្មហារាជិកាទ្រង់អម្ពរពណ៌ខៀវ លម្អនៅព្រះកាណ៌ ដោយបុប្ឋា «ត្រកៀត» អភរណៈ «និលរតន៍» ភក្សាហារទ្រង់ «សាច់ទ្រាយ» ព្រះហស្ដស្ដាំទ្រង់ «កងចក្រ» ព្រហស្ដធ្វេងទ្រង់ «ត្រីសូល៍» ទ្រង់គង់រំពែឈរលើខ្នង «ស្ដេចក្ងោក» (មយូរា) ដែលជាបាហនៈ៕