(កំពង់ចាម)៖ លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្ត នៅរសៀលថ្ងៃទី១៣ ខែមេសា ឆ្នាំ២០១៨នេះបានដឹកនាំគណៈស្នងការ និងលោក លោកស្រីនាយការិយាល័យចំណុះ ជួបសំណេះសំណាលជាមួយកងកម្លាំងនគរបាល អន្តរាគមន៍ពិសេសចំនួន១២០នាក់ ក្នុងឱកាសបុណ្យ ចូលឆ្នាំប្រពៃណីជាតិខ្មែរ។
ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ស្នងការ បានរៀបចំនូវផែនការ និងប្រើប្រាស់កម្លាំង ចរាចរណ៍ជើងទឹក ចរាចរណ៍ជើងគោក កម្លាំងបង្ការពន្លត់អគ្គីភ័យ និងសង្រ្គោះ កម្លាំងនគរបាលទេសចរណ៍ កម្លាំងការពារអន្តរាគមន៍ សរុបចំនួន២៧៥នាក់។
ជាក់ស្តែងក្នុងការការពារសន្តិសុខ ក្នុងពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ នៅតាមវត្តអារាម រមណីដ្ឋាននានា និងទីកន្លែងសាធារណៈ កន្លែងកំសាន្តរបស់មន្រ្តីរាជការ ប្រជាពលរដ្ឋតាមដងផ្លូវ ការលាបម្សៅ ប៉ាតធ្យូង ការគប់ទឹកកខ្វក់ គប់ដុំទឹកកក ការជះទឹកតាមផ្លូវ បង្កឲ្យមានគ្រោះថ្នាក់ ធ្វើឲ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់ សាធារណៈ ព្រមទាំងប៉ះពាល់ដល់កិត្តិយសសេចក្តី ថ្លៃថ្នូរ ទំនៀមទម្លាប់ និងប្រពៃណីជាតិ។
ពិសេសទៀតនោះ លោកឧត្តមសេនីយ៍ស្នងការ បានឧបត្ថម្ភ ស្រាបៀរ៩៣កេះ ទឹកក្រូច និងទឹកផ្លែឈើ៦២កេះ មីម៉ាម៉ា៦២កេះតូច និងថវិកាមួយចំនួនដល់កងកម្លាំង២១៣នាក់ ក្នុង០១នាក់ ទទួលបានប្រាក់១ម៉ឺនរៀល និងចែកជូនតាមការិយាល័យជំនាញចំណុះស្នងការដ្ឋាន ដោយក្នុងនោះ០១ការិយាល័យទទួល បានស្រាបៀរចំនួន០៣កេះ ទឹកផ្លែឈើនិងទឹកក្រូច០២កេះ មីម៉ាម៉ា០២កេះ និងថវិកាចំនួន៥០,០០០រៀល ដើម្បីយកទៅរៀបចំទទួលទេវតាឆ្នាំថ្មី ឆ្នាំច សំរឹទ្ធស័ក ព.ស២៥៦២ គ.ស២០១៨ ផងដែរ៕