(ត្បូងឃ្មុំ)៖ ដើម្បីចូលរួមអបអរក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ដែលនឹងចូលមកដល់នេះ លោក លី ឡេង អភិបាលខេត្តត្បូងឃ្មុំ និងសប្បុរសជន នៅ គន់ និងលោកស្រីសៅ វណ្ណា ត្រូវជាមាតា នាយឧត្តមសេនីយ៍ គន់ គីម និងលោក គន់ សុភា អភិបាលរងខេត្តត្បូងឃ្មុំ មានសទ្ធាជ្រះថ្លា ចែកទានសប្បុរសធម៌ជាសម្ភារៈ និងថវិកាដល់ប្រជាពលរដ្ឋ ចំនួនប្រមាណជាង១៥០០នាក់ ក្នុងឃុំអញ្ចើម ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ក្នុងបរិវេណវត្តពោធិជ័យមង្គល ហៅវត្តដំណាក់ចារ នាថ្ងៃសុក្រ ទី១៣ ខែមេសា ឆ្នាំ២០១៨នេះ ។
ការចែកអំណោយ ក្នុងន័យចូលរួមការងារមនុស្សធម៌ជួយក្នុងសង្គមបែបនេះ ធ្វើឡើងក្នុងឱកាសដែលលោកនៅ គន់ និងលោកស្រី សៅ វណ្ណា ព្រមទាំងកូនៗចៅៗ រួមទាំងញាតិមិត្តបងប្អូនជិតឆ្ងាយ មានសទ្ធាជ្រះថ្លា ប្រារព្ធធ្វើពិធីបុណ្យដារឆ្លងបង្សុកូល និងរាប់បាតព្រះសង្ឃចំនួន១១២អង្គ ដើម្បីឧទ្ទិសកុសលផលបុណ្យ ជូនចំពោះដួងវិញ្ញាណក្ខ័ន្ធ ជីដូនជីតា មាតាបិតា ញាតិការទាំងប្រាំពីរសន្តាន ដែលទទួលអនិច្ចកម្ម លាចាកលោកផុតទៅនោះ ដែលជាពិធីបុណ្យមួយក្នុងចំណោមពិធីបុណ្យជាច្រើន ក្នុងវិស័យព្រះពុទ្ធសាសនា ដែលរាជរដ្ឋាភិបាល និងប្រជាពលរដ្ឋកម្ពុជាទូទាំងប្រទេស ចាត់ទុកជាសាសនារបស់រដ្ឋ ក៏ដូចជាឧទ្ទិសកុសល្យផលបុណ្យ បងប្អូនកងទ័ពដែលបូជាសាច់ស្រស់ឈាមស្រស់ ដើម្បីអោយប្រទេសជាតិមានស្ថេរភាព សុខសន្តិភាពពេញលេញបានដូចសព្វថ្ងៃ ។
លោក លី ឡេង សង្ឃឹមថាបងប្អូនទាំងអស់ នឹងសប្បាយរីករាយជាមួយក្រុមគ្រួសារ ជាមួយរាជរដ្ឋាភិបាលកម្ពូជា ដែលមានសម្តេចតេជោ ជាប្រមុខក្នុងឱកាសឆ្នាំថ្មីនេះ ។
លោក លី ឡេង អភិបាលខេត្តត្បូងឃ្មុំ បានជំរាបជូនបងប្អូនប្រជាពលរដ្ឋទាំងអស់ នាឱកាសនោះថា ដោយសទ្ធាជ្រះថ្លា លោក និងលោកស្រី រួមទាំងកូនៗ បានរួមគ្នាធ្វើបុណ្យដារបង្សុកូល និងរាប់បាត ធ្វើឡើងនាបរិវេណវត្តដំណាក់ចារ ជាពិសេសចែកនូវទានជាអំណោយនាពេលនេះ គឺសុទ្ធសឹងដោយសារប្រទេសជាតិមានសុខសន្តិភាព សប្បុរសជននានា ក៏ដូចជាប្រជាពលរដ្ឋខ្មែរទូទៅ អាចប្រកបរបរ រកទទួលទៀន ដែលធ្វើអោយជីវភាពធូរធា មានលទ្ធភាពប្រារព្ធធ្វើបុណ្យផ្សេងៗ តាមគន្លងវិស័យព្រះពុទ្ធសាសនា ជាសាសនារបស់រដ្ឋ ជាក់ស្តែងដូចក្នុងឱកាសនេះស្រាប់។
លោក នៅ គន់ ឲ្យដឹងដែរថា ប្រជាពលរដ្ឋប្រមាណជាង១៥០០នាក់ ក្នុងម្នាក់ៗទទួលបានថវិកាចំនួន២ម៉ឺនរៀល រួមទាំងកន្សែង និងសំលៀកបំពាក់នាពេលនេះ ទោះបីជាតិចតួចក្តី តែក៏បានជួយសម្រួលជីវភាពបងប្អូនបានមួយគ្រាផងដែរ ដែលជាការផុសចេញពីទឹកចិត្តពិតៗ ដែលលោកមានចំពោះបងប្អូននាឱកាសនេះ ៕