Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ព្រឹត្តិការណ៍ប្រគំតន្ត្រីដ៏កក្រើក កំពុងរង់ចាំអ្នកនៅសួនច្បារសម្តេច ហ៊ុន សែន មុខណាហ្គាវើល !

13-04-2018 20:02

(ភ្នំពេញ)៖ ដើម្បីអបអរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ណាហ្គាវើលដ៍ និងសាលារាជធានីភ្នំពេញ បានផ្តល់ជូនដល់សាធារណជន នូវភាពរីករាយចាប់ពីឥឡូវនេះ រហូតដល់ថ្ងៃទី ២២ ខែមេសា ដែលមានការសម្តែងសិល្បៈ វប្បធម៌ខ្មែរ ការប្រគំតន្ត្រី កម្មវិធីកម្សាន្ត ដែលចូលរួមសម្តែងដោយកំពូលសិល្បករ-សិល្បការិនី ប្រចាំកម្ពុជា ព្រមទាំងមានការតុបតែង ដោយពោងខ្យល់ធំៗជាច្រើន នៅលើសួនច្បារសម្តេច ហ៊ុន សែន នៅមុខណាហ្គាវើលដ៍ថែមទៀតផង។

ព្រឹត្តិការណ៍ដែលរៀបចំដោយណាហ្គាវើលដ៍ សហការជាមួយសាលារាជធានីភ្នំពេញដ៏អស្ចារ្យនេះ គឺជាព្រឹត្តិការណ៍ធំ និងប្លែកទីមួយ ក្នុងរាជធានីភ្នំពេញ សម្រាប់ឲ្យសាធារណជន ទទួលយកនូវភាពសប្បាយរីករាយ មិនអាចបំភ្លេចបាន ជាមួយការសម្តែងសិល្បៈវប្បធម៌ខ្មែរ និងពិធីបុណ្យជាតិប្រចាំឆ្នាំ ដែលប្រជាជនកម្ពុជាតែងតែប្រារព្ធជារៀងរាល់ឆ្នាំ។

ពិធីបើក «ព្រឹត្តិការណ៍ប្រគំតន្រ្តី អបអរបុណ្យចូលឆ្នាំថ្មី»នេះ ត្រូវបានចូលរួមជាអធិបតីដោយលោក ហួត ហៃ អភិបាលរងរាជធានីភ្នំពេញ ជាមួយថ្នាក់គ្រប់គ្រងជាន់ខ្ពស់ ណាហ្គាវើលដ៍។

រូបតុក្កតាពោងខ្យល់ធំៗជាច្រើន ត្រូវបានដាក់លម្អជាមួយអំពូលភ្លើងចម្រុះពណ៌ដ៏ទាក់ទាញ ហើយនឹងត្រូវដាក់នៅលើសួនច្បារសម្តេច ហ៊ុន សែន ដើម្បីឲ្យពុកម៉ែបងប្អូន អាចថតរូបជា មួយក្រុមគ្រួសារ និងមិត្តភ័ក្តិដើម្បីទុកជាអនុស្សាវរីយ៍។ រូបតុក្កតាពោងខ្យល់ធំៗ ដ៏ស្រស់ស្អាតទាំងអស់នោះ រួមមាន៖ រូបសុនខដែលតំណាងឆ្នាំច បង្កងទន្លេមេគង្គ រូបក្ងាន និងពោងខ្យល់ធំៗ ជាច្រើនទៀត។

ក្នុងនោះ នឹងមានមហាព្រឹត្តិការណ៍ប្រគំតន្ត្រីចុងសប្តាហ៍ដ៏កក្រើកផងដែរ ដែលសម្តែងដោយកំពូលសិល្បករ-សិល្បការិនីប្រចាំកម្ពុជា នៅសួនច្បារសម្តេច ហ៊ុន សែន ចាប់ពីថ្ងៃទី២០ ដល់ ២២ ខែមេសា ចាប់ពីម៉ោង ២ រសៀលដល់ ១១ យប់រៀងរាល់ថ្ងៃ ជាមួយការសម្តែងរបាំអប្សរា ក្រុមតន្ត្រីជាតិ និងអន្តរជាតិ និងអ្នកលេងសៀករហ័សកម្មជាដើម។

នៅថ្ងៃសុក្រ ទី២០ ខែមេសា ឆ្នាំ២០១៨ ចាប់ពីម៉ោង ៩ យប់ ពុកម៉ែបងប្អូន នឹងបានរីករាយជាមួយកញ្ញា សុគន្ធ នីសា និងលោក ខេមរៈ សិរីមន្ត។ ចំណែកនៅរាត្រីថ្ងៃសៅរ៍ ពុកម៉ែបងប្អូន នឹងបានកម្សាន្តជាមួយម្ចាស់ពាន The Voice Kids Cambodia កុមារា ពេជ្រ ថៃ ក្រុមក្មេងខ្មែរ និងកញ្ញា យូរី។

ការប្រគំតន្ត្រីនៅរាត្រីចុងក្រោយ នឹងធ្វើឡើងនៅរាត្រីថ្ងៃអាទិត្យ ទី២២ ខែមេសា ឆ្នាំ២០១៨ ដែលចូលរួមសម្តែងដោយលោក ជីដេវីដ, ពេជ្រថៃ និងកូនប្រុសទាំងបី របស់លោកព្រាប សុវត្ថិ (សុវត្ថិ មុនីវណ្ណ សុវត្ថិ មុនីនាគ និងសុវត្ថិ សិរីវុឌ្ឍ)។ សូមនាំក្រុមគ្រួសារព្រមទាំងមិត្តភ័ក្តិរបស់អ្នកមកចូលរួមឲ្យបានគ្រប់ៗគ្នា! ទស្សនាដោយសេរី!៕

ទស្សនាការប្រគំតន្ត្រីដ៏អស្ចារ្យដោយសេរី ចាប់ពីថ្ងៃទី ២០ ដល់ ២២ មេសា ម៉ោង ៩ យប់

ថតរូបទុកជាអនុស្សាវរីយ៍ ជាមួយរូបតុក្កតាសុនខ ដើម្បីអបអរបុណ្យចូលឆ្នាំថ្មី ឆ្នាំច

លោក ហួត ហៃ អភិបាលរងរាជធានីភ្នំពេញ ចូលរួមបើកកម្មវិធីអបអរសាទរឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ នៅសួនច្បារសម្តេច ហ៊ុន សែន