(ភ្នំពេញ)៖ របាយការណ៍របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការនគរបាលជាតិ ដែលអង្គភាព Fresh News ទទួលបាននៅល្ងាចថ្ងៃទី១៣ ខែមេសា ឆ្នាំ២០១៨នេះ បានបញ្ជាក់ថា មុនមួយថ្ងៃនៃពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ មានគ្រោះថ្នាក់ចរាចរណ៍កើតឡើង ១៥លើក បណ្ដាលឲ្យមនុស្សស្លាប់ ៦នាក់, របួសធ្ងន់១៨នាក់ និងរបួសស្រាល៩នាក់ (គិតចាប់ម៉ោង២រសៀលថ្ងៃទី១២ ដល់ត្រឹមម៉ោង០២រសៀលថ្ងៃទី១៣ ខែមេសា)។

បើតាមរបាយការណ៍ខាងលើ ករណីគ្រោះថ្នាក់ចរាចរណ៍នេះ មានការចុះថយបើប្រៀបធៀបនឹងឆ្នាំ២០១៧ ហើយមូលហេតុដែលនាំឲ្យមានគ្រោះថ្នាក់ គឺល្បឿន៤លើក, ប្រជែង៣លើក, មិនប្រកាន់ស្ដាំ៣លើក,​ បត់គ្រោះថ្នាក់២លើក,​ ស្រវឹង១លើក និងមិនគោរពសិទ្ធ២លើក។

ដោយឡែករាជធានី-ខេត្ត ដែលមានគ្រោះថ្នាក់ និងរងគ្រោះច្រើន៖ ភ្នំពេញ៣លើក ស្លាប់២នាក់, តាកែវ១លើក ស្លាប់ម្នាក់,​ កំពង់ធំ២លើក ស្លាប់ម្នាក់ របួស៤នាក់,​ ព្រៃវែង២លើក ស្លាប់ម្នាក់ របួស២នាក់ និងខេត្តព្រះវិហារ១លើក ស្លាប់ម្នាក់ និងរបួស២នាក់។

ប្រធាននាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ លោកឧត្តមសេនីយ៍ឯក រុន រ័ត្នវាសនា ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលធ្វើដំណើរទៅស្រុកកំណើត និងធ្វើដំណើរកម្សាន្ដតាមរមណីយដ្ឋានផ្សេងៗ ត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់ និងគោរពច្បាប់ចរាចរណ៍ឲ្យបានគ្រប់ៗគ្នា៕