(ស្វាយរៀង)៖ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តស្វាយរៀង ខេត្តព្រៃវែង នៅថ្ងៃទី១៣ ខែមេសា ឆ្នាំ២០១៨នេះ បានរៀបចំការប្រកួតកីឡាបាល់ទះមិត្តភាព ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ជាមួយបញ្ជាការដ្ឋានយោធាខេត្ត បញ្ជាការដ្ឋានយោធាការពារព្រំដែនខេត្តឡុងអាន និងបញ្ជាការដ្ឋាន យោធាខេត្ត បញ្ជាការដ្ឋានយោធាការពារព្រំដែនខេត្តតៃនិញ នៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម។
ពិធីនេះត្រូវបានធ្វើឡើង ក្រោមអធិបតីភាព លោក ហ៊ូ វតនៈ អភិបាលរងខេត្ត តំណាងលោកម៉ែន វិបុល អភិបាលខេត្តស្វាយរៀង និងមានការចូលរួមពី លោកឧត្តមសេនីយ៍ វរៈសេនីយ៍ មេបញ្ជាការអង្គភាពទាំង៤ខេត្ត គឺខេត្តស្វាយរៀង ព្រៃវែង និងខេត្តឡុងអាន តៃនិញ នៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម។
សូមជម្រាបថា ពិធីប្រកួតនេះ ក្រោមការរៀបចំរបស់លោកឧត្តមសេនីយ៍ត្រី សែ វុទ្ធី មេបញ្ជាការកងរាជអាវុធហត្ថខេត្តស្វាយរៀង។
លោកឧត្តមសេនីយ៍មេបញ្ជាការ ក៏បានរៀបចំពានរង្វាន់រួមមាន ចំណាត់ថ្នាក់លេខ១ ទទួលបានពាន១ ទឹកប្រាក់ចំនួន៣លានរៀល, ចំណាត់ថ្នាក់លេខ២ ទទួលបានពាន១ ទឹកប្រាក់ចំនួន២លានរៀល, ចំណាត់ថ្នាក់លេខ៣ ទទួលបានពាន១ ទឹកប្រាក់ចំនួន១លានរៀល, ក្រុមកីឡាមិនទទួលចំណាត់ថ្នាក់ ទទួបានទឹកប្រាក់ចំនួន៦០ម៉ឺនរៀល និងគណៈកម្មាការទទួលបានទឹកប្រាក់ចំនួន១លានរៀល។
ចប់ការប្រកួត ចំណាត់ថ្នាក់លេខ១ ត្រូវបានទៅលើក្រុមកីឡាខេត្តស្វាយរៀង, ចំណាត់ថ្នាក់លេខ២ បានទៅលើកងការពារព្រំដែនខេត្តឡុងអាន និងលេខ៣បានទៅលើ កងការពារព្រំដែនខេត្តតៃនិញ នៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម ហើយលោកឧត្តមសេនីយ៍ត្រីសែ វុទ្ធី បានរៀចំអាហារសាមគ្គីរួមគ្នា នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តស្វាយរៀងផងដែរ៕