(ព្រះសីហនុ)៖ ប្រជាពលរដ្ឋនៅភូមិសុខសាន្ដ សង្កាត់កោះរ៉ុង ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី១៣ ខែមេសា ឆ្នាំ២០១៨នេះ បានព័ទ្ធលោកបណ្ឌិត សុខ ទូច ប្រធានរាជ្យបណ្ឌិតសភាកម្ពុជា ឲ្យនាំយកនូវបញ្ហារបស់ពួកគាត់រឿងអាជ្ញាធរមិនចេញប្លង់កម្មសិទ្ធិដីធ្លីដែលរស់នៅរាប់សិបឆ្នាំ ជូនសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា។
ការព័ទ្ធចាប់លោកបណ្ឌិត សុខ ទូច យ៉ាងដូច្នេះ ត្រូវបានធ្វើឡើងខណៈដែលលោក និងក្រុមគ្រួសារ ទៅដើរលេងកំសាន្ដនៅខេត្តទេសចរណ៍មួយនេះ ប៉ុន្តែគោលបំណងនេះ ត្រូវអាក់ខានទៅវិញដោយសារតែប្រជាពលរដ្ឋជាច្រើនគ្រួសារ នៅទីនោះស្គាល់ ហើយក៏បានស្នើសុំលោកបណ្ឌិតជួយដោះស្រាយបញ្ហារបស់ពួកគាត់។
ប្រជាពលរដ្ឋបានផ្តល់ឯកសារ នៃការកាន់កាប់ដីរបស់ខ្លួន ដែលទទួលស្គាល់ពីអាជ្ញាធរ ទុកជូនលោកបណ្ឌិតធ្វើការស្រាវជ្រាវផងដែរ ហើយដោយមិនអាចគេចវេស ចេញពីមុខប្រជាពលរដ្ឋបានលោកបណ្ឌិត សុខ ទូច ក៏បានសម្រេចទទួលយកឯកសាររបស់ប្រជាពលរដ្ឋទាំងនោះ ដើម្បីធ្វើការស្រាវជ្រាវ និងរាយការណ៍ជូនថ្នាក់ដឹកនាំសម្រេច។
ការស្នើសុំខាងលើនេះ ត្រូវបានធ្វើឡើងបន្ទាប់ពី លោកតា លោកយាយ និងប្រជាពលរដ្ឋជាច្រើនអស់សង្ឃឹមខ្លាំងណាស់មកលើអាជ្ញាធរ និងជំនាញសុរិយោដី ដែលមិនបានបម្រើពួកគាត់ ដែលជាម៉ែជាឪឲ្យបានល្អ តាមអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធិបណ្ឌិត ដែលជាថ្នាក់ដឹកនាំដ៏គួរឲ្យគោរព និងស្រលាញ់របស់ពួកគាត់នោះទេ។
ជាងនេះទៅទៀត ក្រុមប្រជាពលរដ្ឋ បានចោទអាជ្ញាធរ និងជំនាញ បានឃុបឃិតគ្នាភូតកុហក សម្តេចតេជោ ហ៊ុន សែន ដោយចេញប្លង់កម្មសិទ្ធិដីតែបក្ខពួកខ្លួន ប៉ុណ្ណោះក្រុមប្រជាពលរដ្ឋបាននាំគ្នាលុតជង្គង់សំពះអង្វរ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធិបណ្ឌិត ដោយលាយឡំជាមួយទឹកភ្នែករលីងរលោង មេត្តាជួយអន្តរាគមន៍ទៅអាជ្ញាធរខេត្ត និងជំនាញសុរិយោដី ឲ្យចេញប្លង់កម្មសិទ្ធិដីជូនពួកគាត់ផង ត្បិតអីពួកគាត់ត្រូវការប្លង់ដីនេះដើម្បីសុំច្បាប់ទៅ អាជ្ញាធរមានសមត្ថកិច្ច ដើម្បីប្រកបមុខរបរផ្សេងៗ ព្រោះបើមិនមានប្លង់កម្មសិទ្ធិដី ស្របច្បាប់ទេអាជ្ញាធរមិនអនុញ្ញាតឲ្យសាងសង់ ឬប្រកបរបរអាជីវកម្មអ្វីឡើយ៕