(ស្វាយរៀង)៖ លោក ហ៊ូ វតនៈ អភិបាលរងខេត្តស្វាយរៀង តំណាងលោក ម៉ែន វិបុល អភិបាលខេត្ដ បានថ្លែងថា រោងចក្រសហគ្រាសនៅក្នុងខេត្តស្វាយរៀង សព្វថ្ងៃនេះមានចំនួនច្រើន ដូច្នេះហើយកម្មករ កម្មការិនី ត្រូវខិតខំធ្វើការងារដើម្បីលើកកម្ពស់ជីវភាព។
ការលើកឡើងបែបនេះ ក្នុងឱកាសលោកអញ្ជើញ ជាអធិបតីក្នុងពិធីសម្ពោធ ក្រុមហ៊ុន តាគិសា (ខេមបូឌា) នៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៨ ស្ថិតក្នុងតំបត់សេដ្ឋកិច្ចពិសេស តាយសេង២ នៅភូមិព្រៃផ្តៅ សង្កាត់ច្រកម្ទេស ក្រុងបាវិត។
ក្នុងឱកាសនោះ លោក ហ៊ូ វតនៈ បានបញ្ជាក់ថា ក្នុងនាមអាជ្ញាធរខេត្ត លោកបានសំដែងការសាទរយ៉ាងជ្រាវជ្រៅ ចំពោះក្រុមហ៊ុន តាគិសា ខេមបូឌា ដែលបានជ្រើសរើសយកខេត្តស្វាយរៀង សម្រាប់វិនិយោគ និងក្រុមហ៊ុនជាច្រើនទៀត បានមកវិនិយោគទុនរកស៊ីក្នុងទឹកដីខេត្តស្វាយរៀង ហើយមិនតែប៉ុណ្ណោះក្រុមហ៊ុន តាគិសា ក៏បានចូលរួមចំណែកយ៉ាងធំធេង ក្នុងការបង្កើតការងារឲ្យប្រជាពលរដ្ឋខេត្តស្វាយរៀង និងបានធ្វើឲ្យប្រជាពលរដ្ឋ មានជីវភាពធូធារ និងកាត់បន្ថយការទៅរកស៊ីចំណាក់ស្រុកឆ្ងាយៗ។
បើតាមលោកអភិបាលរងខេត្ត ខេត្តស្វាយរៀង មានតំបន់សេដ្ឋកិច្ចរោងចក្រសហគ្រាដូចសព្វថ្ងៃ ទាំងនេះគឺដោយសាតែប្រទេសជាតិ មានសុខសន្តិភាព និងមានការអភិវឌ្ឍន៍លើគ្រប់វិស័យ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ខិតខំទាក់ទាញវិនិយោគទុន ដើម្បីមកវិនិយោគទុននៅប្រទេសជាពិសេសនៅក្រុងបាវិត។
ជាមួយគ្នានេះ លោកក៏បានស្នើសុំដល់ក្រុមហ៊ុន ត្រូវអនុវត្តឲ្យបានត្រឹមត្រូវស្របច្បាប់លិខិតបទដ្ឋានគតិយុត្តិជាធរមាន ក្នុងប្រទេសកម្ពុជា ព្រមទាំងបំពេញបែបបទ នីតិវិធីតម្រូវនានា តាមការងារណែនាំរបស់ក្រសួងស្ថាប័ន មានសម្ថកិច្ច ជាពិសេសសហការឲ្យបានល្អ ជាមួយអាជ្ញាធរដែនដី ដើម្បីរក្សាសន្តិសុខសណ្តាប់ធ្នាប់សង្គមឲ្យបានល្អប្រសើរផងដែរ។
សូមជម្រាបថា បើតាមការបញ្ជាក់របស់លោក អ៊ូ សាខឿន អនុប្រធានមន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តស្វាយរៀង នៅក្នុងខេត្តស្វាយរៀង មានតំបន់សេដ្ឋកិច្ចពិសេសចំនួន១១ ក្នុងនោះដំណើរការបាន៨តំបន់សេដ្ឋកិច្ចពិសេស ហើយដោយមានរោងចក្រចំនួន៧៦រោងចក្រ ខណៈស្រូបយកកម្លាំងកម្មករ កម្មការនី រោងចក្រប្រមាណជាង៥ម៉ឺននាក់៕