(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃនេះ បានលើកឡើងថា នៅលើលោកនេះ គ្មានការសប្បាយរីករាយណាមួយ អាចកើតមានឡើង ក្រោមភ្លើងសង្រ្គាម ដែលមានសំឡេងគ្រាប់កាំភ្លើងនោះទេ។ ការលើកឡើងរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងនៅក្នុងពិធីបើក «ព្រឹត្តិការណ៍អង្គរសង្រ្កាន្តឆ្នាំ២០១៨» ដែលប្រារព្ធធ្វើឡើងនៅមុខប្រាសាទបាយ័ន ខេត្តសៀមរាប នាព្រឹកថ្ងៃទី១៣ ខែមេសា ឆ្នាំ២០១៨។
សម្តចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា៖ «វាពិតណាស់ គ្មានសន្តិភាព វាក៏គ្មានការអភិវឌ្ឍណាមួយ ហើយក៏គ្មានការជួបជុំសប្បាយរីករាយណាមួយដែរ។ គេមិនអាចឃើញនូវអ្វីដែលជាព្រឹត្តិការណ៍ នៃការជួបជុំសប្បាយរីករាយក្រោមគ្រាប់បែក ក្រោមគ្រាប់ផ្លោង»។
សម្តេចតេជោ ហ៊ុន សែន ស្នើឱ្យប្រជាពលរដ្ឋខ្មែរ និងសាធារណជន ពិនិត្យមើលបញ្ហាវឹកវរ នៅប្រទេសស៊ីរី ជាប្រទេសកំពុងមានសង្រ្គាមរ៉ាំរ៉ៃ ដែលរហូតដល់ពេលនេះ រកពេលជួបជុំសប្បាយរីករាយមួយមិនបាន។ សម្តេចថ្លែងថា៖ «តើប្រទេសស៊ីរី មានលទ្ធភាពជួបជុំសប្បាយរីករាយដែរឬទេ បើប្រទេសនេះ នៅតែហែកហួរដោយសង្រ្គាម»។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា បញ្ហាសង្រ្គាម និងអសន្តិសុខនៅក្នុងប្រទេសមជ្ឈឹមបូព៌ា ដែលបានបង្កជាបញ្ហាមិនចេះចប់មិនចេះហើយ។ សម្តេចក៏បានរំលឹកអំពីកងទ័ពកម្ពុជាដែលកំពុងឈរជើងនៅប្រទេសលីបង់ នៅស៊ូដង់ខាងត្បូង នៅអាហ្វ្រិកកណ្តាល និងនៅប្រទេសម៉ាលី ហើយរំលឹកថា កាលពីប៉ុន្មានជិត៣អាទិត្យមុននេះ ក៏ទ័ពខ្មែរក្រោមស្លាកអង្គការសហប្រជាជាតិ ក៏បានទទួលរងការវាយប្រហារដោយពួកឧទ្ទាមផងដែរ ប៉ុន្តែជាភ័ព្វសំណាង កម្លាំងកងទ័ពយើងនៅទីនោះ មិនបានរងគ្រោះថ្នាក់ទេ ដែលនេះហើយជាបច្ច័យនៃសង្រ្គាម ហើយក៏ត្រូវដឹងអំពីតម្លៃនៃសុខសន្តិភាព។
សម្តេចតេជោ ហ៊ុន សែន បានបន្តទៀតថា ជំនួបនាពេលនេះ គឺមរតកដូនតា ត្រូវបានរំលេចឡើងដោយសន្តិភាព យើងត្រូវធានាដល់សន្តិភាពនេះ ឱ្យបាន ហើយធ្វើយ៉ាងណាកុំឱ្យធ្លាក់ ទៅក្នុងសង្រ្គាមរ៉ាំរ៉ៃដូចពីអតីតកាល។ សម្តេចបញ្ជាក់ថា៖ «ទោះជាតម្លៃណាក៏ដោយ យើងត្រូវតែផ្តោត សន្តិភាពជាចម្បង ប្រទេសខ្លះចាត់ទុកថា នេះជាចម្បងនោះជាចម្បង ប៉ុន្តែត្រូវមើលឱ្យច្បាស់ថា បើគ្មានសន្តិភាពទេ តើមានការអភិវឌ្ឍមកពីណា បើគ្មានសន្តិភាពទេ តើយើងអាចជួបជុំគ្នានៅទីនេះបានដែរឬទេ?»។
ក្រៅពីលើកអំពីការជួបជុំសប្បាយរីករាយ នៅក្នុងប្រទេសសន្តិភាព និងតម្លៃនៃសន្តិភាព សម្តេចតេជោ ហ៊ុន សែន បានលើកឡើងផងដែរពាក់ព័ន្ធនឹងព្រឹត្តិការអង្គរសង្រ្គាន្ត។ សម្តេចសប្បាយរីករាយជាខ្លាំង ដែលបានអញ្ជើញចូលរួមបើកព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ២០១៨ ដែលជាឆ្នាំទី៦។ សម្តេចប្រមុខរាជរដ្ឋាភិបាល បានថ្លែងថា ព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ក៏ដូចជាសង្ក្រាន្តនៅតាមបណ្តាខេត្តនានា គឺជាឱកាសបង្ហាញនូវមរតកវប្បធម៌ ទំនៀមទម្លាប់ និងប្រពៃណីរបស់ខ្មែរ។ ព្រឹត្តិការណ៍អង្គរសង្ក្រាន្ត គឺជាព្រឹត្តិការណ៍នៃការជួបគ្នារវាងមនុស្ស ជាមួយសម្បត្តិវប្បធម៌អរូបិយ និងរូបិយ។សម្តេចមិនរុញរាក្នុងការគាំទ្រ និងផ្តល់ឱកាសដល់យុវជនក្នុងការធ្វើការ ដើម្បីបុព្វហេតុជាតិ និងមាតុភូមិនោះឡើយ។ សម្តេចតេជោ បានថ្លែងថា ព្រឹត្តិការណ៍អង្គរសង្ក្រាន្ត គឺជាការបង្ហាញឲ្យឃើញពីស្មារតីនៃការរួបរួមរវាងខ្មែរ និងខ្មែរ។
សម្តេចតេជោ ហ៊ុន សែន នៅតែឆ្ងល់ និងចោទសួរខ្លួនឯងថា តើបុព្វបុរសខ្មែរកសាងអង្គរតាមរបៀបណា គ្រាដែលក្នុងសម័យនោះ មិនមានគ្រឿងចក្រអ្វីទាំងអស់នោះ។ សម្តេចនាយករដ្ឋមន្ត្រីថា នឹងបន្តរក្សាការពារនូវសម្បត្តិវប្បធម៌ទាំងអស់ ដែលបន្សល់ពីដូនតារបស់ខ្មែរ។ សម្តេចតេជោ បញ្ជាក់ថា នឹងបន្តដាក់ប្រាង្គប្រាសាទរបស់ខ្មែរដទៃទៀត ជាសម្បត្តិបេតិកភណ្ឌពិភពលោក ដើម្បីទទួលបានការចូលរួមយកចិត្តទុក ដាក់ពីឆាកអន្តរជាតិ
សម្តេចតេជោ ហ៊ុន សែន ក៏បានរំលឹកពីការជម្នះរបស់សម្តេចក្នុងការបើកជើងហោះហើរទៅកាន់ទីក្រុងសៀមរាប ដែលពេលនោះមានការតវ៉ាច្រើន ពីប្រតិបត្តិករផ្នែកទេសចរណ៍។ សម្តេចថ្លែងថា បើសម្តេចមិនជម្នះការប្រឆាំងនេះទេ នឹងមិនអាចឲ្យទីក្រុងសៀមរាបក្លាយជាគោលដៅទេសចរដ៏ទាក់ទាញនេះឡើយ។
សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងស្នើជំរុញឲ្យបានខ្លាំងក្លាថែមទៀត ក្នុងផ្គត់ផ្គង់កសិផលខ្មែរទៅក្នុងវិស័យទេសចរណ៍។
ដោយឡែកពាក់ព័ន្ធនឹងបុណ្យចូលឆ្នាំថ្មី សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា មានកត្តា៤យ៉ាងដែលនាំឲ្យប្រជាពលរដ្ឋបានលេងកម្សាន្តយ៉ាងសប្បាយរីករាយ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិនេះ រួមមាន៖ សុខសន្តិភាព ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ មធ្យោបាយធ្វើដំណើរ និងប្រាក់ចំណូល។ ក្នុងឱកាសបុណ្យឆ្នាំថ្មីពីលើវេទិកាបើកព្រឹត្តិការណ៍អង្គរសង្ក្រាន្ត សម្តេចតេជោ ហ៊ុន សែន បានថ្វាយព្រះពរ មហាក្សត្រខ្មែរ សម្តេចម៉ែ និងជូនពរដល់កងកម្លាំងប្រដាប់អាវុធ កងទ័ពមួកខៀវនៅក្រៅក្រ ព្រមទាំងជនរួមជាតិទាំងអស់ផងដែរ៕