(ស្ទឹងត្រែង)៖ ក្រុមប្រជាពលរដ្ឋ នៅសង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង បាននាំគ្នារិះគន់លោក សម​ រង្ស៊ី មេចលនាសង្រ្គោះជាតិយ៉ាងចាស់ដៃ ដោយដៀលត្មិះថា ជននេះ ក្បត់ជាតិទាំងឪពុកទាំងកូន ហើយមានចេតនាចង់ធ្វើបាបប្រជាពលរដ្ឋខ្មែរ ដែលកំពុងរស់នៅក្នុងសុខសន្តិភាព ជាថ្មីម្តងទៀត។

ប្រជាពលរដ្ឋនៅសង្កាត់សាមគ្គី បាននិយាយយ៉ាងដូច្នេះថា៖ «សម រង្ស៊ី ក្បត់ទាំងឪពុក ក្បត់ទាំងកូន ហើយចង់ធ្វើបាបប្រជាពលរដ្ឋខ្មែរតទៅទៀត»។

ពួកគេប្រឆាំងដាច់ខាតមិនឱ្យ លោក សម រង្ស៊ី ចូលប្រទេសកម្ពុជានោះទេ ហើយស្នើឱ្យតុលាការកាត់ទោសលោក សម រង្ស៊ីជាតិនេះ អស់មួយជីវិត។ ប្រជាពលរដ្ឋ នៅក្នុងសង្កាត់នេះ ក៏ប្រកាសចេញមុខប្រឆាំងចំពោះ សម រង្ស៊ី ជាដាច់ខាត ដោយអះអាងថាទណ្ឌិតរូបនេះ ក្បត់ជាតិ និងក្បត់ប្រជាពលរដ្ឋខ្មែរ​។

ការប្រតិកម្មរបស់ប្រជាពលរដ្ឋសង្កាត់សាមគ្គី ក្រុងស្ទឺងត្រែង បានធ្វើឡើងក្រោយរឿងកាត់ទឹកដីកម្ពុជា ទៅឱ្យជនជាតិភាគតិចវៀតណាមរបស់ លោក សម រង្ស៊ី បានផ្ទុះចេញមក បន្ទាប់ពីសកម្មជនប្រឆាំងទម្លាយវីដេអូនៃចុះកិច្ចព្រមព្រៀង កាលពី៥ឆ្នាំមុនរវាង លោក សម រង្ស៊ី និង លោក កុក ស មេដឹកនាំជនជាតិភាគតិចវៀតណាមម៉ុងតាញ៉ា។

នៅក្នុងវីដេអូបង្ហាញពីកិច្ចព្រមព្រៀងនោះ លោក សម រង្ស៊ី បានបញ្ជាក់យ៉ាងច្បាស់ថា នៅពេលបក្សសង្គ្រោះជាតិ ដឹកនាំរាជរដ្ឋាភិបាលកម្ពុជា លោកនឹងកាត់ខេត្តចំនួន៤ ក្នុងនោះរួមមាន៖ ខេត្តរតនគិរី មណ្ឌលគីរី ស្ទឹងត្រែង និងខេត្តក្រចេះ ឱ្យជនជាតិភាគតិចវៀតណាម Degar ឬម៉ុងតាញ៉ា គ្រប់គ្រងដោយស្វ័យភាព។ ជាមួយគ្នានេះ តាមរយៈកិច្ចសម្ភាសន៍ជាមួយកាសែតភ្នំពេញប៉ុស្តិ៍ លោក សម រង្ស៊ី ពុំបានខ្លាចច្បាប់នោះទេ ថែមទាំងបានសារភាពថា លោកពិតជាបានចុះហត្ថលេខាជាមួយ លោក Kok Ksor នៅសហរដ្ឋអាមេរិក កាលពីឆ្នាំ២០១៣នោះ ពិតប្រាកដមែន។

ពាក់ព័ន្ធករណីនេះតំណាងអយ្យការ ក៏បានចេញដីកាកោះហៅលោក សម រង្ស៊ី ឱ្យចូលបំភ្លឺនៅសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៨ ខាងមុខនេះផងដែរ ខណៈដែលជនសង្ស័យ ដែលមានឈ្មោះជាទណ្ឌិត កំពុងរត់គេចពីសំណាញ់ច្បាប់នៅក្រៅប្រទេសនៅឡើយ៕