(បាត់ដំបង)៖ មានការភ្ញាក់ផ្អើលតាំងពីថ្ងៃម្សិលមិញ រហូតមកដល់ថ្ងៃទី១៣ ខែមេសា ឆ្នាំ២០១៨នេះ ក្រោយប្រជាពលរដ្ឋបានរាយការណ៍ប្រាប់សមត្ថកិច្ចថា មានគេប្រទះឃើញគ្រាប់បែកមួយគ្រាប់ នៅតាមដងផ្លូវ ដែលធ្វើឲ្យមានការបារម្ភយ៉ាងខ្លាំង ពីសំណាក់ប្រជាពលរដ្ឋទូទៅ ជាពិសេសអ្នករស់នៅខេត្តបាត់ដំបងតែម្តង ហើយព័ត៌មាននេះទៀតសោត ត្រូវបានគេចែកចាយពេញបណ្តាញសង្គមហ្វេសប៊ុកទៀតផង។
ដើម្បីបកស្រាយទៅកាន់មជ្ឈដ្ឋាននានោះ នៅព្រឹកថ្ងៃទី១៣ ខែមេសា ឆ្នាំ២០១៨នេះ ស្នងការនគរបាលខេត្តបាត់ដំបង លោកឧត្តមសេនីយ៍ទោ អ៊ុច សុខន បានប្រាប់អង្គភាពព័ត៌មាន Fresh News ថា ក្រោយពីមន្រ្តីនគរបាលជំនាញរបស់លោក បានទៅយកវត្ថុនោះមកពិនិត្យយ៉ាងល្អិតល្អន់នោះ គឺបង្ហាញថា មិនមែនជាគ្រាប់បែកអីនោះឡើយ ពោលគ្រាន់ជាដែកកេះសម្រាប់ប្រើប្រាស់ប៉ុណ្ណោះ។
លោកឧត្តមសេនីយ៍ស្នងការ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ និងមជ្ឈដ្ឋានទូទៅសូមកុំមានការយល់ខុស ជាពិសេសបងប្អូនប្រជាពលរដ្ឋនៅខេត្តបាត់ដំបង កុំមានការព្រួយបារម្ភតទៅទៀត មិនមែនជាការពិតនោះឡើយ។
សូមបញ្ជាក់ថា នៅវេលាម៉ោងប្រហែល៣រសៀល ថ្ងៃទី១២ខែមេសាឆ្នាំ២០១៨ នៅចំណុចលើផ្លូវក្នុងភូមិម្នាស់កាលឃុំអូដាស្រុកកំរៀង ខេត្តបាត់ដំបង មានប្រជាពលរដ្ឋបានប្រទះឃើញគ្រាប់បែក១គ្រាប់ទុកចោលលើផ្លូវ ដោយមានរុំស្គុតពណ៍ខ្មៅ។
ក្រោយកើតហេតុភ្លាមៗនគរបាលស្រុកបានយកមកទុកនៅអធិការស្រុក ដើម្បីត្រួតពិនិត្យ និងស្រាវជ្រាវបន្តទៀត។
ជាមួយគ្នានេះ លោកស្នងការខេត្តបាត់ដំបង សូមអំពាវនាវដល់ប្រជាពលរដ្ឋ កុំបន្តចែកចាយព័ត៌មាននេះ បន្តទៀត ដែលនាំឲ្យមានការភ័ន្តច្រឡំ៕