(កំពត)៖ អភិបាលខេត្តកំពត លោក​ ជាវ តាយ បានលើកឡើងថា អតីតយុទ្ធជនបានធ្វើជាគំរូវីរភាពដ៏ថ្លៃថ្លាក្នុងការប្រយុទ្ធតស៊ូ រំដោះជាតិមាតុភូមិ។

ការលើកឡើងរបស់លោកអភិបាលខេត្តបានធ្វើឡើង នៅក្នុងពិធីពិធីជួបសំណេះសំណាល និងបំពាក់មេដាយ ជូនសមាជិកអតីតយុទ្ធជនកម្ពុជាខេត្តកំពត នៅរសៀលថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៨ រៀបចំនៅវត្តដីក្រហម ស្ថិតក្នុងឃុំបឹងនិមល ស្រុកឈូក ខេត្មខេត្តកំពត​ ដែលអតីតយុទ្ធជនមកពីស្រុកឈូក និងស្រុកជុំគីរី សរុប ១២៣០នាក់។

ក្នុងពីធីនេះដែរ លោកអភិបាលខេត្តកំពត បាន កោតសរសើរ និងរំឭកដឹងគុណដល់អតីតយុទ្ធជនដែលបានធ្វើពលីកម្មដ៏ធំធេង មិនអាចកាត់ថ្លៃបាន បូជាសាច់ស្រស់ ឈាមស្រស់ ដើម្បីបុព្វហេតុជាតិ មាតុភូមិ និងប្រជាជននៅគ្រប់ដំណាក់កាលពិសេសរបបប្រល័យពូជសាសន៍ប៉ុលពត។

លោក បានបន្តថា អតីតយុទ្ធជន ជាជនដែលមានគុណបំណាច់ចំពោះជាតិនិងមាតុភូមិ ជានិមិត្តរូបនៃស្មារតីលះបង់ ធ្វើពលីកម្មដើម្បីជាតិ និងជាអ្នកស្នេហាជាតិពិតប្រាកដ ដោយស្តែងចេញពីសកម្មភាពជាក់ស្តែងរបស់ខ្លួន និងបានចូលរួមចំណែកអភិវឌ្ឍប្រទេសជាតិឲ្យរីកចម្រើន រុងរឿង ជឿនលឿន ដែលមានដូចបច្ចុប្បន្ននេះ។

លោកអភិបាលខេត្ត ក៏បានលើកឡើងអំពីការងារមួយចំនួន ដែលមន្ទីរពាក់ព័ន្ធ គណៈកម្មាធិការសមាគម អតីតយុទ្ធជនកម្ពុជា និងអាជ្ញាធរមូលដ្ឋានដើម្បី រួមគ្នា អភិវឌ្ឍលើវិស័យការងារអតីតយុទ្ធជន រួមមាន៖

ទី១.ត្រូវបន្តគ្រប់គ្រង់ និងដោះស្រាយរបបគោលនយោបាយ ជូនមុខសញ្ញា អតីតយុទ្ធជន និងមុខសញ្ញាផ្សេងៗ ឲ្យបានទាន់ពេលវេលា
ទី២. សមាគមអតីតយុទ្ធជនកម្ពុជាត្រូវបន្តជំរុញសកម្មភាពរបស់សមាគម ពិសេសប្រាក់មរណៈ ជូនគ្រួសារសព ឲ្យបានទាន់ពេលវេលា
ទី៣. គ្រប់មន្ទីរ អង្គភាពនានាជុំវិញខេត្ត អាជ្ញាធរដែនដី គ្រប់លំដាប់ថ្នាក់ ដៃគូអភិវឌ្ឍ និងសប្បុរសជននានា បន្តសហការជួយ ឧបត្ថម្ភគាំទ្រ បងប្អូនអតីតយុទ្ធជន និងគ្រួសារអតីតយុទ្ធជន បន្តទៀត។

លោកអភិបាលខេត្ត បានបំផុសដល់ថ្នាក់ដឹកនាំខេត្ត មន្ទីរ និងអង្គភាពពាក់ព័ន្ធជុំវិញខេត្តកំពត ត្រូវយកចិត្តទុកដាក់ អំពីសុខទុក្ខ និងជីវភាពរស់នៅរបស់ពួកគេឲ្យបានដិតដល់តាមសេចក្តីណែនាំដ៏ខ្ពស់ខ្ពស់របស់សម្តេចប្រធាន សមគមអតីតយុទ្ធជនកម្ពុជា។

គួររំឭកថា អតីតយុទ្ធជន មានចំនួន ប្រមាណជាង ៤៤០០នាក់ នៅទូទាំងខេត្តកំពត ដែលលោក ជាវ តាយអភិបាលខេត្តកំពត បានឧបត្ថម្ភប្រាក់ ក្នុងម្នាក់ៗ ៥មុឺនរៀលផងដែរ៕