(សៀមរាប)៖ មជ្ឈមណ្ឌលព័ត៌មានទេសចរណ៍ លក្ខណៈស្ដង់ដាជាតិ-អន្តរជាតិលើកដំបូងរបស់កម្ពុជា បានបើកសម្ពោធជាផ្លូវការ ស្ថិតក្រោមអធិបតីភាពរបស់លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងវត្តមានរបស់លោកស្រី ទីរ៉ាណាន់ មង្គល តំណាងពាណិជ្ជកម្ម អមស្ថានទូតអគ្គរាជទូតព្រះរាជាណាចក្រថៃ, លោក ពៅ ពិសិដ្ឋ អភិបាលរងខេត្តសៀមរាប, លោក កុយ សង សមាជិកក្រុមប្រឹក្សាខេត្ត និងលោក លោកស្រី អ្នកនាងកញ្ញា តំណាងមន្ទីរ អង្គភាព ស្ថាប័ន អាជ្ញាធរពាក់ព័ន្ធ រួមនិងភ្ញៀវជាតិ-អន្តរជាតិ ប្រតិបត្តិករទេសចរណ៍ និងវិស័យឯកជន សរុបប្រមាណជាង ៣០០នាក់ នៅសួនច្បារព្រះរាជដំណាក់ នាភូមិមណ្ឌល២ សង្កាត់ ស្វាយដង្គំ ក្រុងសៀមរាប នាថ្ងៃព្រហស្សតិ៍ ១២រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៨នេះ ។

លោក ពៅ ពិសិដ្ឋ បានមានប្រសាសន៍ស្វាគមន៍ នាឱកាសនេះថា៖ ក្នុងឆ្នាំ២០១៧ ខេត្តសៀមរាបទទួលបានភ្ញៀវទេសចរអន្តរជាតិចំនួន ២.៤៥៧.២៨២ នាក់ មានការកើនឡើង+១១,៤២% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០១៦ ចំនួន ២.២០៥,២៧៤ នាក់។ ក្នុងត្រីមាសទី១ ឆ្នាំ២០១៨ ខេត្តសៀមរាបទទួលបានភ្ញៀវទេសចរអន្តរជាតិចំនួន ៨៥៧.៩៨០ នាក់ កើន +១២,២៤% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០១៧ ចំនួន ៧៦៤,៤០៥ នាក់។ លោកបានបញ្ជាក់ថា ៖ ការកើនឡើងជាលំដាប់នៃភ្ញៀវទេសចរចូលមកកាន់ខេត្តសៀមរាប ជម្រុញឲ្យមានការយកចិត្តទុកដាក់លើ ការគ្រប់គ្រងការផ្តល់ព័ត៌មានទេសចរណ៍ច្បាស់លាស់និងមានប្រសិទ្ធិភាព។

លោកបានគូសបញ្ជាក់ថា ៖ ដើម្បីផ្តល់ព័ត៌មានជូនភ្ញៀវទេសចរប្រកបដោយភាពជឿជាក់ និងដើម្បីឲ្យមណ្ឌលព័ត៌មានទេសចរណ៍ ដំណើរការប្រតិបត្តិការរបស់ខ្លួនប្រកបដោយនិរន្តភាព និងប្រសិទ្ធិភាពទាមទារឲ្យមានការចូលរួមដំណើរការរួមគ្នា រវាងផ្នែករដ្ឋ និងផ្នែកឯកជន ដែលធ្វើយ៉ាងណាឲ្យមណ្ឌលព័ត៌មានទេសចរណ៍ស្របតាមលក្ខណៈស្តង់ដារមណ្ឌលព័ត៌មានទេសចរណ៍កម្ពុជា ដោយផ្តោតលើសូចនាករសំខាន់ៗ ដូចជាការរៀបចំ និងគ្រប់គ្រងទីតាំងអាគារ ការគ្រប់គ្រងបរិស្ថាន និងអនាម័យ ការគ្រប់គ្រងការផ្តល់ព័ត៌មានទេសចរណ៍ ការពង្រឹងគុណភាពសេវាកម្ម និងផលិតផល ការពង្រឹងការងារសន្តិសុខ សុវត្ថិភាពជូនភ្ញៀវ និងការប្រើប្រាស់ផលិតផលក្នុងស្រុក ។

លោករដ្ឋមន្ត្រី ថោង ខុន បានមានប្រសាសន៍ក្នុងពិធីបើកសម្ពោធថា៖ ក្រោមការដឹកនាំរបស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា វិស័យទេសចរណ៍កម្ពុជា ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ មានការរីកចម្រើនគួរឲ្យកត់សំគាល់។ ឆ្នាំ២០១៧ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិ ចំនួន ៥.៦លាន នៃការមកដល់ កើន ១១.៨% ដែលបាននាំចំណូលដោយផ្ទាល់ ៣.៦៣៨លានដុល្លារអាមេរិក ក្នុងនោះខេត្តសៀមរាបអង្គរ ទទួលបាន ២.៤៥៧.២៨២នាក់ នៃការមកដល់របស់ភ្ញៀវទេចរអន្តរជាតិ កើនឡើង ១១.៤%។ ហើយរយៈពេល២ខែ ដើមឆ្នាំ២០១៨នេះកម្ពុជា ទទួលបានភ្ញៀវទេសចរអន្តរជាតិ ចំនួនជាង ១លាននាក់ កើន ១១% ធៀបទៅនឹងរយៈពេលដូចគ្នានៅឆ្នាំ២០១៧។ យើងសង្ឃឹមថា នឹងទទួលបានទេសចរអន្តរជាតិចំនួន ៦.១លាននាក់នៃការកមដល់ នៅឆ្នាំ២០១៨ និង ៧លាននាក់នៃការមកដល់នៅឆ្នាំ២០២០ ។

លោកបានបន្តទៀតថា៖ ការកើនឡើងជាលំដាប់នៃចំនួនភ្ញៀវទេសចរអន្តរជាតិ ដែលមកទស្សនាក្នុងព្រះរាជាណាចក្រកម្ពុជា ជាពិសេសតំបន់គោលដៅសំខាន់ៗដូចជាតំបន់សៀមរាបអង្គរនេះ បានជំរុញឲ្យមានការបង្កើននូវការគ្រប់គ្រងព័ត៌មានទេសចរណ៍ឲ្យកាន់តែច្បាស់លាស់ និងប្រកបដោយប្រសិទ្ធភាពខ្ពស់ដើម្បីធ្វើការផ្តល់ព័ត៌មានទេសចរណ៍ពិតដល់ភ្ញៀវទេសចរ។ ជាការពិត ការធ្វើដំណើរជាទេសចរណ៍ទាមទារចាំបាច់នូវការស្វែងរកព័ត៌មានដែលទាក់ទងនឹងតម្រូវការរបស់ទេសចរ ដូចជាព័ត៌មានអំពីការស្នាក់នៅ មធ្យោបាយធ្វើដំណើរ ការហូបចុក កន្លែងដែលទាក់ទាញ និងសេវាកម្មទ្រទ្រង់ទេសចរណ៍ផ្សេងៗទៀត ដែលជំរុញពីភាពចាំបាច់ដែលតំបន់គោលដៅទេសចរណ៍ត្រូវមានមណ្ឌលព័ត៌មានទេសចរណ៍ ឬបញ្ជរព័ត៌មានទេសចរណ៍ ជាពិសេសគឺនៅតាមគោលដៅទេសចរណ៍សំខាន់ៗ។

លោកគូសបញ្ជាក់ថា៖ មណ្ឌលព័ត៌មានទេសចរណ៍ជាទីកន្លែងរូបវ័ន្តមួយ ដែលអាចចូលបានដោយសេរី និងមិនគិតថ្លៃ និងជាការផ្តល់ព័ត៌មានទេសចរណ៍ដោយបុគ្គលិកធ្វើការប្រចាំនៅទីនេះ ដើម្បីជួយសម្រួលដល់ភ្ញៀវទេសចរ និងបទពិសោធនៃការធ្វើដំណើររបស់ពួកគេ។ គោលបំណងសំខាន់នៃមណ្ឌលព័ត៌មានទេសចរណ៍គឺមិនត្រឹមតែជាកន្លែងផ្តល់នូវសេវាបដិសណ្ឋារកិច្ច និងផ្តល់ព័ត៌មានទេសចរណ៍នានាដល់ភ្ញៀវទេសចរប៉ុណ្ណោះទេ ប៉ុន្តែក៏ជាកន្លែងផ្សព្វផ្សាយពីសក្តានុពល និងផលិតផលទេសចរណ៍ក្នុងស្រុកផងដែរ ដែលទាំងនេះគឺជាការផ្តល់អត្ថប្រយោជន៍វិជ្ជមានដល់សង្គម សេដ្ឋកិច្ច និងភាពសុខដុមរមនាក្នុងតំបន់ជាគោលដៅទេសចរណ៍ផងដែរ។

តាមការសិក្សាបង្ហាញថា ការប្រើប្រាស់មណ្ឌលព័ត៌មានទេសចរណ៍នេះ ភាគច្រើនប្រើប្រាស់ដោយប្រភេទភ្ញៀវធ្វើដំណើរ ឬក្រុមភ្ញៀវធ្វើដំណើរដោយឯករាជ្យ (Independent travelers) ច្រើនជាងប្រភេទក្រុមភ្ញៀវធ្វើដំណើរជាក្រុមធំៗ ឬទេសចរដែលទិញកញ្ចប់ទស្សនកិច្ច។ ដំណើរការនៃការសម្រេចចិត្តរបស់ភ្ញៀវទេសចរបែបឯករាជ្យ គឺអាស្រ័យលើការស្វែងរកព័ត៌មានពីប្រភពព័ត៌មានខាងក្រៅ តួយ៉ាងសៀវភៅផ្នត់់ទេសចរណ៍ សៀវភៅមគ្គុទេសក៍ទេសចរណ៍ ប្រព័ន្ធផ្សព្វផ្សាយល្បីៗ ទីភ្នាក់ងារទេសចរណ៍និងព័ត៌មានទេសចរណ៍ដែលផ្តល់ដោយមណ្ឌលព័ត៌មាន ទេសចរណ៍ប្រចាំនៅតាមគោលដៅទេសចរណ៍។ ចំណែកឯការរីកចំណរើននៃបច្ចេកវិទ្យា ក៏បានចូលរួមចំណែកដ៏សំខាន់ក្នុងការផ្តល់ព័ត៌មាន ទេសចរណ៍តាមរយៈអនឡាញ ហើយវិស័យព័ត៌មានវិទ្យានេះ ក៏បានជួយឲ្យយើងមានលទ្ធភាពក្នុងការគ្រប់គ្រងព័ត៌មានទេសចរណ៍ឲ្យបានប្រសិទ្ធភាពខ្ពស់ និងជួយជំរុញការផ្សព្វផ្សាយសក្តានុពល និងផលិតផលទេសចរណ៍។

លោកបានបញ្ជាក់ទៀតថា៖ យោងតាមស្តង់ដាមណ្ឌលព័ត៌មានទេសចរណ៍កម្ពុជាដែលដាក់ចេញដោយក្រសួងទេសចរណ៍ ដើម្បីដំណើរការប្រតិបត្តិការការងាររបស់មណ្ឌលព័ត៌មានទេសចរណ៍កម្ពុជាប្រកប ដោយនិរន្តរភាព និងប្រសិទ្ធភាព និងដើម្បីផ្តល់នូវព័ត៌មាន ក៏ដូចជាការធានានូវសុខសុវត្ថិភាពជូនភ្ញៀវទេសចរ តាមគោលដៅនីមួយៗ មណ្ឌលព័ត៌មានទេសចរណ៍កម្ពុជា ត្រូវបានដាក់ឱ្យដំណើរការក្នុងទម្រង់ ៣ប្រភេទ រួមមាន៖
* មណ្ឌលព័ត៌មានទេសចរណ៍កម្ពុជាសាងសង់ និងគ្រប់គ្រងដោយក្រសួងទេសចរណ៍
* មណ្ឌលព័ត៌មានទេសចរណ៍កម្ពុជាសាងសង់ និងដំណើរការដោយផ្នែកឯកជន និង
* មណ្ឌលព័ត៌មានទេសចរណ៍កម្ពុជាសាងសង់ និងដំណើរការរួមគ្នា ដោយផ្នែករដ្ឋនិងឯកជនរួមគ្នា

កាលពីខែមករាឆ្នាំ២០១៨កន្លងទៅនេះ ក្រសួងទេសចរណ៍បានដាក់ឲ្យដំណើរការមណ្ឌលព័ត៌មានទេសចរណ៍ក្នុងអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ដែលក្រសួងបានអនុញ្ញាតឲ្យសហព័ន្ធទេសចរណ៍កម្ពុជាធ្វើការគ្រប់គ្រងមណ្ឌលព័ត៌មានទេសចរណ៍ដោយផ្ទាល់។ ការរៀបចំ និងការប្រព្រឹត្តទៅនៃមណ្ឌលព័ត៌មានទេសចរណ៍នៅក្នុងព្រះរាជាណាចក្រកម្ពុជា ត្រូវស្របតាមស្តង់ដារមណ្ឌលព័ត៌មានទេសចរណ៍កម្ពុជា ដែលដាក់ចេញដោយក្រសួងទេសចរណ៍។

លោកបន្ថែមទៀតថា៖ សព្វថ្ងៃនេះ យើងមានមណ្ឌលព័ត៌មានទេសចរណ៍ដែលមានស្រាប់សរុបចំនួន ៣៣កន្លែង និងមណ្ឌលព័ត៌មានទេសចរណ៍ក្នុងគម្រោងមានសរុបចំនួន ២០កន្លែង ទូទាំង២៥ខេត្តក្រុង។ ក្នុងនោះ នៅខេត្តសៀមរាប មានមណ្ឌលព័ត៌មានទេសចរណ៍ដែលមានស្រាប់ ចំនួន៣កន្លែង ហើយថ្ងៃនេះយើងមានមណ្ឌលព័ត៌មានទេសចរណ៍ដ៏ល្អថ្មីមួយទៀត ដែលបំពាក់ដោយសំភារៈបរិក្ខាស្របតាមស្តង់ដារមណ្ឌលព័ត៌មានទេសចរណ៍ ដែលមិនត្រឹមជាការចូលរួមដល់ការអភិវឌ្ឍគោលនយោបាយ ទាក់ទាញទេសចរក្រៅស្រុកផង និងជម្រុញចលនាទេសចរណ៍ក្នុងស្រុកផង ព្រមទាំងទេសចរណ៍ផ្ទៃក្នុងទាំងមូលប៉ុណ្ណោះទេ ប៉ុន្តែក៏នឹងចូលរួមផ្តល់ពិន្ទុច្រើនដល់ទីក្រុងបេក្ខភាពក្នុងក្របខណ្ឌវាយតំលៃស្របតាមស្តង់ដារទីក្រុងស្អាតកម្ពុជា និងស្តង់ដារទីក្រុងទេសចរណ៍ស្អាតអាស៊ានផងដែរ ។ ដើម្បីសម្រេចបាននូវកំណើនទេសចរណ៍ខាងលើ យើងត្រូវខិតខំធ្វើការជំរុញការងារផ្សព្វផ្សាយគោលដៅទេសចរណ៍កម្ពុជាយើងទៅកាន់អន្តរជាតិឲ្យកាន់តែខ្លាំងបន្តទៀត ទន្ទឹមនឹងនេះ យើងត្រូវរួមគ្នាធ្វើការបង្កើតផលិតផល និងសេវាកម្មទេសចរណ៍ឲ្យបានសម្បូរបែប ដើម្បីផ្គត់ផ្គង់ដល់តម្រូវការទេសចរក៏ដូចជាទាក់ទាញទេសចរជាតិ និងអន្ដរជាតិឲ្យមកទស្សនា និងទទួលបានបទពិសោធន៍ពីគោលដៅទេសចរណ៍របស់យើង ។

មជ្ឈមណ្ឌលព័តមានទេសចរណ៏នេះ បានសាងសង់ និងលិចជារូបរាងឡើងក្រោមជំនួយថវិកាទាំងស្រុងរបស់ ក្រុមហ៊ុន DEVA Delight Food CO.LTD ដែលចំនាយអស់ទឹកប្រាក់ប្រមាណ ២០០,០០០ ដុល្លារ អាមេរិច ។ សំរាប់ទីតាំងដី ក្នុងការសាងសង់ មជ្ឈមណ្ឌលព័តមានទេសចរណ៏នេះ រដ្ឋបាលខេត្តសៀមរាបបាន អនុញាត្តិអោយសាងសង់អាគារទំហំ ‌១៥ម៉*១៥ម៉ តាមកសំណើស្នើសុំរបស់ មន្ទីរទេសចរណ៏ខេត្ត។ ហើយការសាងសង់នេះប្រើរយៈពេល ៧ខែ ១៧ថ្ងៃ ដែលចាប់ផ្តើមសាងសង់ពីថ្ងៃ ០១ ខែ មិថុនា ឆ្នាំ ២០១៧ និងរួចរាល់ជាស្ថាពរ នៅថ្ងៃទី ១៧ ខែ មករា ឆ្នាំ២០១៨ ហើយបានដំណើរការសាកល្បងរយៈពេលប្រមាណជាង០២ខែមកនេះ។

នៅក្នុងសំណង់អាគារនេះ បែងចែកជា ៣ ផ្នែកធំៗ ៖ ផ្នែកទី១ គឺ កន្លែងផ្តល់ព័តមានទេសចរណ៏ កន្លែងផ្តល់ព័តមានទេសចរណ៏នេះ បានសាងសង់ឡើង ស្របតាមស្តង់ដារ មជ្ឈមណ្ឌលព័តមានទេសចរណ៏ របស់ក្រសួងទេសចរណ៏ ដែលដើរតួយ៉ាងសំខាន់ ក្នុងការផ្តល់ព័ត៌មានពិត ជាក់លាក់ និងបំរើ នូវសេវាកម្មទេសចរណ៏ ប្រកបដោយគុណភាព ដែលក្នុងនោះ មានដូចជា សេវាកម្ម មគ្គុទេសទេសចរណ៏ ,នគរបាលទេសចរណ៏ ,ព័ត៌មានមធ្យោបាយធ្វើដំនើរ ,ព័តមានការស្នាក់នៅ ,សេវាកម្ម ម្ហូបអាហារ ,ព័ត៌មានលក់សំបុត្រសម្រាប់ចូលទស្សនាតំបន់ទេសចរណ៏ផ្សេងៗ ។ ល ។

ផ្នែកទី២ គឺ បង្គន់អនាម័យសាធារណៈ ហើយបង្គន់អនាម័យសាធារណៈនេះ បានសាងសង់ឡើង ស្របតាមស្តង់ដា របស់ សមាគមន៏បង្គន់អនាម័យពិភព ( World Toile Association ) បូករួមជាមួយស្តង់ដា បង្គន់អនាម័យរបស់ក្រសួងទេសចរណ៏ ក្រោមថវិកាទាំងស្រុងរបស់សមាគមន៏បង្គន់អនាម័យពិភពលោក ( World Toile Association ) ។ បង្គន់អនាម័យ នេះបានសាងសង់ ដោយផ្អែកលើ គោលការណ៏ បំរើសេវាកម្ម ដល់ភ្ញៀវទេសចរណ៏ទាំងជាតិ អន្តរជាតិ និង សាធារណៈជនគ្រប់វ័យដែលមានទាំង បុរស ស្រ្តី វ័យចំណាស់ កុមារ ទារក និងជាពិសេស ជនពិការ ។

ផ្នែកទី០៣ គឺផ្នែក សេវាកម្មអាហារ ដើម្បីទ្រទ្រង់នូវដំនើរការ ប្រកបដោយនិរន្តភាព របស់មជ្ឈមណ្ឌលព័តមានទេសចរណ៏ ក្រុមហ៊ុន Deva Delight Food CO.LTD បាននាំចូល ហាងកាហ្វេ ម៉ាក់ INTHANIN ដែលជា (Franchise) ដ៏ល្បីមួយ របស់ប្រទេសថៃ ដែលមានស្តង់ដាជាអន្តរជាតិ៕