(ភ្នំពេញ)៖ ផែនការទុច្ចរិត របស់ក្រុមសង្គមស៊ីវិលមួយចំនួននៅកម្ពុជា ដឹកមុខដោយអង្គការខុមហ្វ្រែល របស់លោក គល់ បញ្ញា ក្នុងការរំខាន បង្ខូច និងបំផ្លាញការបោះឆ្នោតជ្រើស តាំងតំណាងរាស្ត្រ អាណត្តិទី៦នាខែកក្កដា ឆ្នាំ២០១៨ ខាងមុខ ត្រូវបានបកអាក្រាត ហើយមេខ្លោងនៃផែនការនេះ ក៏កំពុងតែស្លន់ស្លោរ ដោយសារតែគម្រោងការខ្លួនដែលរៀបចំ នៅក្រោមស្លាកអង្គការអាន់ហ្វ្រែល មានមូលដ្ឋាន នៅទីក្រុងបាងកក ប្រទេសថៃ ត្រូវបានបែកធ្លាយ ប្រឈមមុខនឹងការដកនូវសេចក្តីទុកចិត្តពីចៅហ្វាយបរទេសខ្លួន និងម្ចាស់ជំនួយ។
ពួកគេអាចប្រឈមមុខ នឹងផ្លូវច្បាប់ផងក៏ថាបាន ប្រសិនបើគេរកឃើញ នៅតែបន្តអនុវត្តផែនការ ដ៏អាក្រក់នេះទៀត ដើម្បីបំផ្លាញការបោះឆ្នោតនៅកម្ពុជា នៅក្នុងករណី ដែលការទាមទាររបស់ក្រុមប្រឆាំង បានបរាជ័យមិនអាចស្រោចស្រង់ខ្មោចបក្សសង្គ្រោះជាតិ ឱ្យរស់ឡើងវិញ ដើម្បីចូលរួមការបោះឆ្នោតបាន ហើយអតីតអ្នកនយោបាយដែលត្រូវបានដកសិទ្ធិធ្វើនយោបាយ ៥ ឆ្នាំ នៅតែមិនអាចចូលប្រឡូកក្នុងឆាកនយោបាយកម្ពុជាវិញបាន។
នៅចំពោះមុខ ភាពភ័យស្លន់ស្លោរនេះ លោក គល់ បញ្ញា ដែលគេដឹងថាជាអ្នកអនុវត្តផែនការបង្ខូច និងបំផ្លាញការបោះឆ្នោតយ៉ាងសកម្មនៅកម្ពុជា ជាជាងការជួយឱ្យការបោះឆ្នោតសេរី យុត្តិធម៌ និងត្រឹមត្រូវដូចដែលខ្លួនអួតនោះ បានចេញសេចក្តីប្រកាសព័ត៌មាន ដើម្បីបញ្ជាក់ពីគោលជំហរក្លែងក្លាយរបស់ខ្លួនឡើងវិញ ជុំវិញការបោះឆ្នោតដោយថាខ្លួនគ្មានចេតនានឹងបំផ្លាញ ដំណើរការបោះឆ្នោតឡើយ។
ប្រសិនបើនេះគឺជាការពិត នោះសម្តីនេះ គឺជាភស្តុតាងដ៏រឹងមាំមួយ សម្រាប់ប្រើប្រាស់នៅពេលអនាគតក្នុងករណី មានការជ្រៀតជ្រែក លើកិច្ចការបោះឆ្នោតពីមជ្ឈដ្ឋានខាងក្រៅ ឬសកម្មភាពណាមួយនៃអង្គការខុមហ្វ្រែល ឬអាន់ហ្វ្រែល ដែលដឹកនាំដោយលោកគល់ បញ្ញា។ ប៉ុន្តែសម្បថរបស់លោកគល់ បញ្ញា តើនរណាទៅជឿបានទៅ បើកាលពីបោះឆ្នោតលើកមុនៗ លោក គល់ បញ្ញា និងអង្គការខុមហ្វ្រែល បានអះអាងរបៀបដូចគ្នានេះ ក្នុងការលើកស្ទួយការបោះឆ្នោត ប៉ុន្តែមាត់និយាយផ្សេង ប៉ុន្តែការអនុវត្តផ្សឹង បែរជាឃុបឃិតគ្នា ជាមួយអង្គការបរទេសនានា ធ្វើបុរេវិនិច្ឆ័យលើស្ថានការណ៍នយោបាយ និងលទ្ធផលនៃការបោះឆ្នោត។ ទង្វើនេះគឺខុសទាំងស្រុងនឹងច្បាប់។
ពេលដែលផែនការពិត ត្រូវបានគេលាតត្រដាង នៅពេលនេះ លោក គល់ បញ្ញា រួមនឹងអង្គការខុមហ្វ្រែល និងអាន់ហ្វ្រែលបានចេញមុខជាបន្តបន្ទាប់ មកធ្វើការដោះសារចំពោះមហាជន ដោយព្យាយាមបង្ហាញពីចរិតតួឯកក្នុងកិច្ចការបោះឆ្នោត និងលទ្ធិប្រជា ធិបតេយ្យនៅកម្ពុជា។ ពួកគេព្យាយាមលាក់បាំងនូវផែនការទុច្ចរិត ឃុបឃិតជាមួយនឹងបរទេស ទទួលប្រាក់ពីបរទេសដូចដែលពួកគេបានធ្វើនាពេលកន្លងទៅ ដោយអនុវត្ត ផែនការផ្លាស់ប្តូររបប និងមេដឹកនាំប្រទេស តាមបែបមិនប្រជាធិបតេយ្យ ដោយប្រើប្រាស់លេសបោះឆ្នោត និងប្រជាធិបតេយ្យជាឡប់ឡែ និងជាការញុះញង់ឱ្យមានកំហឹងមហាជន ផ្តល់ឱកាសឱ្យក្រុមអ្នកនយោបាយប្រឆាំងយកធ្វើជាលេសបំផ្ទុះការបាតុកម្ម និងបង្កចលាចលសង្គម។
ហេតុអ្វីបានជាពួកគេផ្តោតសំខាន់លើការបោះឆ្នោត? ព្រោះជាឱកាសតែមួយគត់ដើម្បីបញ្ឆេះកំហឹងប្រជាពលរដ្ឋ និងញុះញង់ប្រជាពលរដ្ឋឱ្យមានការចងកំហឹង នឹងស្ថាប័នរៀបចំការបោះឆ្នោត ក្តៅក្រហាយនឹងបក្សឈ្នះឆ្នោតស្របច្បាប់ តាមរយៈការធ្វើរបាយការណ៍បំភ្លៃ បំផ្លើស បំប៉ោង និងបំភ័ន្តមតិសាធារណជនលើដំណើរការបោះឆ្នោត។ ពួកគេបានបំភ្លៃស្ថានការណ៍នយោបាយពីល្អទៅអាក្រក់ និងធ្វើសោកនាដកម្ម លើដំណើរការបោះឆ្នោត និងប្រឌិត ឬបំប៉ោងថាមានភាពមិនប្រក្រតីធ្ងន់ធ្ងរ គ្មានតម្លាភាព និងគណនេយ្យភាពជាដើម។
ក្រោមលេសសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ ក្រុមសង្គមស៊ីវិលមួយចំនួនសុខចិត្ត ដើរតាមខ្សែបន្ទាត់ ដែលគូសដោយជនបរទេសមួយចំនួន ដែលមានប្រវត្តិធ្វើឱ្យខ្មែររងទុក្ខវេទនា សង្គ្រាមហែកហួរ និងការទម្លាក់គ្រាប់បែកស្រោចលើក្បាលខ្មែរ ហើយកោតតែពួកគេហ៊ានលើកដៃបំផ្លាញជាតិ និងប្រឆាំងនឹងផលប្រយោជន៍ប្រជាជនកម្ពុជាដោយគ្មានក្តីអាណិតអាសូរ។ ពួកគេហ៊ាននិយាយបំផ្លើស និងបង្កាច់បង្ខូចអ្វីដែលកម្ពុជាមាន ដើម្បីបម្រើមហិច្ឆតាបរទេស។
ការគាំទ្រផ្នែកនយោបាយ និងថវិកាបង្កើតបន្ទប់ស្ថានការណ៍ តាមដានការបោះឆ្នោតនៅក្រៅប្រទេសដែលពួកគេគ្រោងនឹងរៀបចំឡើងជាថ្មីនៅពេលខាងមុខ គឺជាការបន្តផែនការទុច្ចរិតប្រឆាំងនឹងកម្ពុជា ហើយជនជាតិកម្ពុជា ដូចជា លោក គល់ បញ្ញា និងអង្គការរបស់ខ្លួនបាននិងកំពុងបម្រើមហិច្ឆតាបរទេសបំផ្លាញជាតិខ្លួនឯង យ៉ាងច្បាស់ក្រឡែតមិនអាចប្រកែកបានឡើយ។ យុទ្ធសាស្ត្រថ្មីរបស់បរទេសមួយចំនួន គឺប្រើប្រាស់អង្គការសង្គមស៊ីវិលមួយចំនួន ដែលគាំទ្របក្សប្រឆាំងដែលមានមូលដ្ឋាននៅប្រទេសកម្ពុជា ហើយទទួលបានការគាំទ្រមូលនិធិពីទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍ USAID-IDI (Inclusive Development International) ធ្វើឡើងក្នុងបំណងនាំឱ្យរំខាន ឬនាំឱ្យមានពហិការ បង្ខូចការបោះឆ្នោត និងទម្លាក់តម្លៃលើដំណើរការបោះឆ្នោតសកល ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ ២០១៨។
ទេវតាហាក់ដូចជាតាមថែរក្សាជាតិ និងប្រជាជនកម្ពុជារហូតតរៀងមក! អ្នកដែល តាមយាយីបំផ្លាញកម្ពុជាបានទទួលកម្មពារវេរាទាន់ហន់ គណបក្សខ្លួនដឹកនាំត្រូវបានរំលាយតាមច្បាប់ ស្តីពីគណបក្សនយោបាយ មេដឹកនាំបក្សខ្លះកំពុងជាប់គុក និងខ្លះទៀត កំពុងរត់ចោលស្រុក។ កម្ពុជាអាចជាប្រទេសទី១ ដែលទទួលបានជោគជ័យក្នុងការបង្ក្រាប បដិវត្តន៍ពណ៌ហើយក៏ជាលើកទី១ ក្នុងប្រវត្តិសាស្ត្រនៃ បដិវត្តន៍ពណ៌ដែលបរាជ័យក្រោមកណ្តាប់ដៃនៃជនជាតិខ្មែរឈាមជ័រអ្នកសាងអង្គរវត្ត ដែលពិភពលោកកោតស្ងប់ស្ងែញ។ ជនអគតិ និងជនក្បត់ជាតិទាំងឡាយដែលមានបំណងមិនល្អមកលើជាតិខ្មែរ តែងតែវិនាសព្រាត់ប្រាស់ទៅតាមអំពើអាក្រក់របស់ខ្លួន ទោះបីជាខិតខំបួងសួងសង្ក្រាន្តនិងទេវតាឆ្នាំថ្មីឆ្នាំច សំរឹទ្ធស័ក ព.ស ២៥៦២ គ.ស ២០១៨ ក្តី ក៏ពួកគេមិនអាចនឹងគេចចេញពីសំណាញ់ច្បាប់ និងការទទួលខុសត្រូវចំពោះទង្វើដ៏អាក្រក់ជូរជាតិដែលខ្លួនបាន ធ្វើកន្លងមកប្រឆាំងនឹងជាតិ និងប្រជាជនខ្លួនឯងឡើយ។
ពលរដ្ឋខ្មែរដែលអាចងើបក្រោកឈរកសាងជាតិ និងសេដ្ឋកិច្ចខ្លួនបានដូចសព្វថ្ងៃនេះ គឺត្រូវឆ្លងកាត់នូវរឿងរ៉ាវទុក្ខសោ កវេទនាជាទីបំផុត។ សុខសន្តិភាព និងការអភិវឌ្ឍន៍ ដែលកម្ពុជាមាននៅពេលនេះគឺមិន អនុញ្ញាតឱ្យនរណាម្នាក់ មកបំផ្លាញបានឡើយ ហើយដោយសារតែសន្តិសុខ ស្ថេរភាព និងសន្តិភាពពេញលេញនៅទូទាំងព្រះរាជាណាចក្រកម្ពុជា ទើបពេលនេះ ប្រជាពលរដ្ឋខ្មែរទាំងអស់មានឱកាសប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរយ៉ាងសប្បាយរីករាយបំផុត លើកលែងតែជនក្បត់ជាតិ និងក្បត់ប្រជាជនប៉ុណ្ណោះដែលត្រូវបង់តម្លៃខ្ពស់ចំពោះទង្វើរបស់ខ្លួន។ ដូច្នេះទេវតាឆ្នាំថ្មីក៏មិនអាចជួយបានដែរ ប្រសិនបើពួកគេនៅតែចិញ្ចឹមចិត្តបំផ្លាញកម្ពុជា តាមគ្រប់រូបភាព៕
ដោយ៖ ពល ពានរិន្ទ
ទីក្រុងអង្គរខេត្តសៀមរាប, ថ្ងៃទី១២ ខែមេសា ឆ្នាំ ២០១៨