(សៀមរាប)៖ ពីខេត្តសៀមរាប លោក ហ៊ុន ម៉ាណែត បានថ្លែងថា ប្រមុខនៃរាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំជាតិ ជាពិសេសសម្តេចតេជោ ហ៊ុន សែន ក្នុងឋានៈជានាយករដ្ឋមន្ត្រី បានខិតខំរិះរកវិធី គ្រប់បែបយ៉ាង និងតែងតែគិតគូរជានិច្ច ដើម្បីធ្វើយ៉ាងណា លើកកម្ពស់កម្រិតជីវភាពយោធិន និងគ្រួសារកងទ័ព ក៏ដូចជា មន្ត្រីរាជការទូទៅ ព្រមទាំងយោធិនសោធន និងមន្ត្រីរាជការចូលនិវត្តន៍ តាមរយៈការតម្លើងប្រាក់បៀវត្សរ៍ជូនមន្ត្រីរាជការ និងកងកងកម្លាំងប្រដាប់អាវុធ។
លោក ហ៊ុន ម៉ាណែត តំណាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក្នុងពិធីសំណេះសំណាលជាមួយយោធិនពិការ និងគ្រួសារយោធិន នៅមជ្ឈមណ្ឌលអភិវឌ្ឍន៍ យោធិនពិការ សម្តេចតេជោ ហ៊ុន សែន គូលែន៣១៧ សៀមរាប ស្ថិតក្នុងភូមិស្នារតេជោ ឃុំបល្ល័ង្ក ស្រុកប្រាសាទបាគង ខេត្តសៀមរាប ដែលត្រូវនឹងថ្ងៃព្រហស្បតិ៍១២រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ និងត្រូវថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៨នេះ។
នៅក្នុងឱកាសនោះ លោក ហ៊ុន ម៉ាណែត បានពាំនាំនូវការផ្តាំផ្ញើការសាកសួរសុខទុក្ខ និងសេចក្តីនឹករលឹកដ៏ខ្ពង់ខ្ពស់ ក៏ដូចជាការ ជូនពរសព្វសាធុការពរជ័យ សិរីសួស្តី ជ័យមង្គល នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ ពីសំណាក់សម្តេចតេជោ នាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនចំពោះអ៊ំពូមីង បងប្អូនដែលជានាយទាហាន នាយទាហានរង ពលទាហាន ក៏ដូចជា គ្រួសារយោធិនពិការ គ្រួសារយោធិនពលី ព្រមទាំង លោកតា-លោកយាយ លោកគ្រូ-អ្នកគ្រូ សិស្សានុសិស្សទាំងអស់ និងអង្គពិធីទាំងមូល។
លោកថ្លែងថា ក្នុងរយៈពេលជាង១០ឆ្នាំ នៃការបង្កើតមជ្ឈមណ្ឌលយោធិនពិការ៣១៧គូលែន សៀមរាប មានការរីកចម្រើនគួឲ្យកត់សម្គាល់ មណ្ឌលសុខភាព វិទ្យាល័យ ផ្លូវកៅស៊ូ ផ្លូវលំ ដីចំការនិង ផ្ទះត្រូវបានសាងសង់ និងប្រគល់ជូនដល់យោធិនពិការ និងគ្រួសារយោធិនពិការក្នុងការបង្ករបង្កើនផល។
លោក ហ៊ុន ម៉ាណែត បានបញ្ជាក់ថា «សមត្ថភាព និងស្មារតីអង់អាចក្លាហានរបស់កងទ័ពខ្មែរនៅជំនាន់នេះ គឺដិតដាមដោយគំរូវីរៈភាពរបស់ កងទ័ពនៃជំនាន់ដូនតាយើង និងជំនាន់អ៊ំពូមីងជាវីរៈយោធិនគំរូ ដែលបានប្រយុទ្ធ និងកសាងសន្តិភាពដោយការលំបាកបំផុត។ កងទ័ពជំនាន់នេះ និងជំនាន់បន្តបន្ទាប់មានបេសកកម្មបន្តថែរក្សា ការពារសន្តិភាពនេះ ជូនប្រជាជននៅគ្រប់ជំនាន់។ យើងមានតួនាទីភារកិច្ច និងកាតព្វកិច្ចដ៏សំខាន់បំផុតនោះ គឺការពារសុខសន្តិភាព ដែលអ៊ំពូមីងខិតខំរកបានដោយការលំបាកបំផុតនេះ ការពារស្ថេរភាពសង្គម និងសន្តិសុខជាតិ ការពារបូរណៈភាពទឹកដី និងអធិបតេយ្យភាពរបស់ជាតិ។ ថ្ងៃនេះ យើងមានអាជីព មានការងារធ្វើ មានប្រាក់ចំណូលកាន់តែខ្ពស់ទៅៗ តើបានមកពីអ្វី? មិនមែនបានមក ពីប្រទេសដែលមានសង្គ្រាមនោះទេ? ហើយក៏មិនមែនបានមក អំពីការនិយាយរបស់ក្រុមប្រឆាំងមួយក្រុមណានោះដែរ តែបានមកអំពីការខិតខំប្រឹងប្រែង ដឹកនាំដ៏ត្រឹមត្រូវ ដោយសម្តេចតេជោ ជានាយករដ្ឋមន្ត្រី»។
ជាមួយនេះផងដែរ តាមរយៈសមាគមអតីតយុទ្ធជន ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ រាជរដ្ឋាភិបាល បានបង្កើនការយកចិត្តទុកដាក់ មិនគ្រាន់តែលើបញ្ហាយុទ្ធជនពិការ នៅក្នុងមជ្ឈមណ្ឌលនោះទេ តែបានប្រឹងប្រែងជួយដល់ អតីតយុទ្ធជន ក្នុងនោះ មានទាំងយោធិនពិការ និងគ្រួសារយោធិនពិការផងដែរ តាមរយៈការផ្តល់ជូនសំណងមួយចំនួន ដួចជា៖ ផ្ទះសម្បែង ដីស្រែ ដីចំការ ហើយថវិកាដើម្បីសាងសង់ផ្ទះផងដែរ។
បើតាមលោក ម៉ាណែត ប្រាក់បៀវត្សរ៍សម្រាប់មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ត្រូវបានដំឡើងម្តងរួចមកហើយ កាលពី ខែមករា ឆ្នាំ២០១៨ ដូច្នេះក្នុងមួយឆ្នាំ មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធត្រូវបានដំឡើងប្រាក់បៀវត្សរ៍២ដង។ ការលះបង់របស់យោធិន នៃកងយោធពលខេមរភូមិន្ទ ក៏ដូចជា កងកម្លាំងប្រដាប់អាវុធជាតិ ទាំងអស់ដែលជាតួអង្គប្រតិបត្តិករដ៏សំខាន់ នៅក្នុងដំណើរការកសាង និងថែរក្សាសន្តិភាព កិច្ចការពារ បូរណៈភាពទឹកដី ការពារនូវអធិបតេយ្យភាពរបស់ជាតិ ហ៊ានធ្វើពលីកម្មគ្រប់បែបយ៉ាងដើម្បីជាតិ សាសនា និងព្រះមហាក្សត្រ និងបូជាកម្លាំងកាយចិត្ត ដើម្បីភាពសុខសាន្តរបស់មាតុភូមិ និងប្រជាជនជាទីស្រឡាញ់របស់យើង។ យើងរួមគ្នាថែរក្សា និងដឹងគុណចំពោះអតីតយុទ្ធជន ដើម្បីតបស្នងដល់ការលះបង់ ដ៏ធំធេងរបស់ពួកគាត់ ក្នុងបុព្វហេតុស្វែងរកសុខសន្តិភាព ជូនប្រទេសជាតិ និងប្រជាជន រាជរដ្ឋាភិបាល បានយកចិត្តទុកដាក់គិតគូរលើជីវភាព ការតម្លើងប្រាក់សោធនិវត្សរ៍ ផ្តល់ដី សាងសង់ផ្ទះ លើសពីនេះ បានយកចិត្តទុកដាក់ចំពោះសុខភាព ពួកគាត់ដោយផ្តល់ការព្យាលជំងឺមិនគិតថ្លៃនៅតាមមន្ទីពេទ្យរដ្ឋ និងឯកជនមួយចំនួនផងដែរ។
លោកបានថ្លែងបញ្ជាក់ទៀតថា «ទ័ពមានកាតព្វកិច្ចការពារជាតិមាតុភូមិ ទ័ពសម័យអតីតកាល បានប្រយុទ្ធគ្នារវាងខ្មែរនិងខ្មែរ ទ័ពជំនាន់នេះ យើងមានសន្តិភាព យើងច្បាំងជាមួយបរទេស ដើម្បីការពារបូរណៈភាពទឹកដី យើងមិនចង់មានសង្គ្រាមជាមួយប្រទេសណាទេ តែយើងការពារមិនឲ្យប្រទេសណាមួយមករំលោភលើបូរណៈភាពទឹកដីរបស់យើងជាដាច់ខាត»។
លោកឧត្ដមសេនីយ៍ ពៅ ស៊ា នាយកមជ្ឈមណ្ឌលអភិវឌ្ឈន៍យោធិនពិការ ៣១៧ គូលេន សៀមរាប បានបញ្ជាក់នៅក្នុងរបាយការណ៍ថា ចាប់តាំងពីថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១០ រហូតមកដល់ថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៨នេះ គឺមានរយៈពេល៧ឆ្នាំ ៨ខែ ១២ថ្ងៃ មកហើយ ដែលបងប្អូនយោធិនពិការយើងខ្ញុំ បានចូលមករស់នៅក្នុងមជ្ឈមណ្ឌល។
បច្ចុប្បន្នសរុបរួមមាន ចំនួន២៥៩គ្រួសារ ក្នុងនោះមាន៖
*យោធិនពិការ ចំនួន២៣៤គ្រួសារ, លោកគ្រូ អ្នកគ្រូ បង្រៀនស្ម័គ្រចិត្ដចំនួន២៣គ្រួសារ, ពេទ្យឆ្មបស្ម័គ្រចិត្ដចំនួន០២គ្រួសារ, សមាជិកសរុបរួមមានចំនួន១២៨៤នាក់ (ប្រុសចំនួន៦៥៤នាក់ និងស្រីចំនួន៦៣០នាក់)។ ដោយឡែក នៅឯវត្ដព្រះខ័នសែនជ័យមាន៖ ព្រះសង្ឃគង់នៅចំនួន០៥អង្គ, លោកអាចារ្យ និងគណៈកម្មការវត្ដ តាជី យាយជី សរុបទាំងអស់ចំនួន២០នាក់។
ចំពោះសិស្សានុសិស្សនៃសាលាបឋមសិក្សា ទៀ បាញ់ សែន ជ័យ អនុវិទ្យាល័យ និងវិទ្យាល័យស្នាតេជោ សរុបរួមមានចំនួន៤៨៩នាក់ក្នុងនោះ៖
*ថ្នាក់មត្ដេយ្យសិក្សា មានចំនួន៣៧នាក់, ថ្នាក់បឋមសិក្សា មានចំនួន ២១៤នាក់, អនុ និងវិទ្យាល័យ មានចំនួន ២៣៨នាក់។ បងប្អូនយោធិនពិការ លោកគ្រូ អ្នកគ្រូបង្រៀន និងពេទ្យឆ្មបស្ម័គ្រចិត្ដទាំងអស់ ក្នុងរយៈពេលកន្លងមកសុទ្ធសឹងបានទទួលនូវរបបគោលនយោបាយដូចៗគ្នា ពីប្រមុខរាជរដ្ឋាភិបាលគឺ៖ ដីចំនួន១ហិកតាកន្លះ លំនៅដ្ឋានចំនួន១ខ្នង (ទំហំ ៥ម x ៧ ម) ក្នុងមួយគ្រួសារៗសម្រាប់ស្នាក់នៅ និងបង្កបង្កើនផលរបស់ពួកគេទាំងអស់គ្នា។
ដោយបានការយកចិត្ដទុកដាក់ ឧបត្ថម្ភជាបន្ដបន្ទាប់ពីសម្ដេចតេជោ និងសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ធ្វើឲ្យបងប្អូនយោធិនពិការ និងគ្រួសារ មានលំនឹងលើផ្នែក ជីវភាពរស់នៅ បានល្អប្រសើរហូតមកដល់សព្វថ្ងៃនេះ។ ផ្នែកសុខាភិបាល បុគ្គលិកពេទ្យ មានចំនួនសរុប៧នាក់ ក្នុង១ឆ្នាំកន្លងទៅនេះធ្វើការព្យាបាលបានចំនួន៤២១៤នាក់ ក្នុងនោះមាន៖ យោធិនពិការ ចំនួន ២៨៥៤នាក់ និងប្រជាពលរដ្ឋ ចំនួន១៣៦០នាក់។ ទន្ទឹមនឹងនោះ ក្នុង១ឆ្នាំកន្លងមកនេះ ផ្នែកសុខាភិបាល គឺពុំបានចូលរួមទទួល និងបង្កើតទារកនោះទេ ដោយបងប្អូនបានទៅឆ្លងទន្លេនៅតាមមន្ទីរពេទ្យ នានាខាងក្រៅអង្គភាព ពិសេសគឺមន្ទីរពេទ្យបង្អែករបស់ខេត្ដសៀមរាបចំនួន ០៦នាក់ និងមន្ទីរពេទ្យគន្ធបុប្ផាសៀមរាបចំនួន០៤នាក់។
តែប្រសិនបើគិតចាប់តាំងពីឆ្នាំ២០១០ រហូតដល់ពេលនេះ ផ្នែកសុខាភិបាលទទួលទារកបន្ថែមសរុបចំនួន៣៧នាក់ក្នុងនោះ៖ ( ប្រុសចំនួន ២៣នាក់ និងស្រីចំនួន ១៤នាក់ ) ។
ទន្ទឹមនឹងនេះ មជ្ឈមណ្ឌលបានចូលរួមចំណែកកសាងសំណង់អគារ មួយចំនួនមានជាអាទិ៍ដូចជា៖ កសាងសាលាឆាន់ធំ ចំនួន០១ខ្នង ចំណាយទឹកប្រាក់អស់១១.៥៤៨.០០០ រៀល និងប្រាក់ដុល្លារ ២៥៣៧ដុល្លារ។
លោកបានបន្តថា ជាភ័ព្វសំណាងរបស់មជ្ឈមណ្ឌលដ៏ធំធេងណាស់ដោយបានការជួយឧបត្ថម្ភរបស់សម្ដេចតេជោ និងសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន លោកទាំងពីរបានជួយកសាង បង្ហើយទាំងស្រុងតែម្ដង ហើយបានដំណើរការកសាងចាប់តាំងពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៧ ជាបណ្ដើរៗដោយកងវិស្វកម្ម សម្ដេចតេជោ ជាអ្នកទទួលខុសត្រូវ។ បច្ចុប្បន្នសម្រេចបាន៩៥%ហើយ នៅសល់តែការគូររូបពុទ្ធប្រវត្ដិតែប៉ុណ្ណោះជាការស្រេច១០០%។
ចំពោះការងារផ្សេងៗទៀត វត្ដបានទទួលថវិកាពី ឧបាសក ឧបាសិកា ចំនួន ៦០០.០០០ រៀល និងនៅក្នុងឱកាសបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌប្រមូលថវិកាបាន ចំនួន១០.០០០.០០០ រៀល និងអង្គកឋិនទានសាមគ្គីប្រមូលថវិកាបាន ចំនួន ៨.៤២០.០០០ រៀល និង៩៤០ដុល្លារ សរុបជាប្រាក់រៀលសុទ្ធមានចំនួន ២២.៧៨០.០០០ រៀល ដើម្បីរក្សាទុកនិងបានដំណើរការកសាងឈាបនដ្ឋាន សម្រាប់បូជាសពក្នុងមជ្ឈមណ្ឌល ចំនួន១ធ្វើពីបេតុងសម្រេចបាន១០០% ព្រមទាំងបានចំណាយថវិកាសរុបអស់ចំនួន ២៩.២០០.០០០ រៀល ស្មើនឹង ៧៣០០ដុល្លារ៕