(ភ្នំពេញ)៖ អាជ្ញាធរជាតិអប្សារានៅថ្ងៃទី១២ ខែ មេសា ឆ្នាំ ២០១៨នេះ បានចេញសេចក្តីប្រកាសប្រាប់ពីផ្លូវវាងដល់អ្នកទេសចរណ៍ ដែលមានបំណងក្នុងការចូលទស្សនាប្រាសាទមួយចំនួននៅតំបន់អង្គរ ខេត្តសៀមរាប នាឱកាសព្រឹត្តិការណ៍អង្គរសង្រ្កាន្តឆ្នាំ២០១៨នេះ។
សេចក្តីប្រកាសរបស់អាជ្ញាធរជាតិអប្សារា ដែលសារព័ត៌មាន Fresh News ទទួលបាន នៅថ្ងៃនេះ បានឲ្យដឹងថា ដើម្បីធានាដល់ការរៀបចំព្រឹត្តិការណ៍អង្គរសង្រ្កាន្តឆ្នាំ២០១៨នេះ ប្រព្រឹត្តិទៅបានយ៉ាងរលូន អាជ្ញាធរជាតិអប្សារា និងធ្វើការបង្វែរផ្លូវចូលប្រាសាទមួយចំនួន ដូចជា៖
១៖ នៅថ្ងៃ សុក្រ ទី១៣ ខែ មេសា ឆ្នាំ ២០១៨ ចាប់ពីម៉ោង៧៖០០នាទីព្រឹក ដល់ម៉ោង១២៖០០ នាទីរសៀល ពង្វាងការចូលបរិវេណ អង្គរធំ ដើម្បីរៀបចំកម្មវិធីបើកបរិវេណព្រឹត្តិការណ៍អង្គរសង្រ្កាន្ត។
២៖ នៅថ្ងៃសៅរ៍ ទី១៤ ខែ មេសា ឆ្នាំ២០១៨ ចាប់ពីម៉ោង៧៖០០នាទី ដល់ម៉ោង ១០៖០០ នាទីព្រឹក កាឆ្លងកាត់ទៅវិញទៅមកតាមច្រកអង្គរធំ ត្រូវបង្វែរឲ្យឆ្លងតាត់តាមច្រកខាងឆ្វេងប្រាសាទបាយ័នតែមួយផ្លូវ ។ ផ្អាកការធ្វើដំណើរទៅខាងស្តាំប្រាសាទបាយ័ន និង ចូលទស្សនាប្រសាទបាយ័ន ដើម្បីរៀបចំទទួលទេវតាឆ្នាំថ្មី។ និងពីម៉ោង១៤៖០០ នាទីរសៀល ដល់ម៉ោង១៩៖០០ល្ងាច ផ្អាកការឆ្លងកាត់ស្ពានហាល ដោយប្រើស្ពានបណ្តែតទឹកទាំងទៅ ទាំងមក ដើម្បីរៀបចំកម្មវិធីទាញព្រ័ត្ត និង បណ្តែតប្រទីត ។
៣៖ នៅថ្ងៃអាទិត្យ ទី១៥ ខែមេសា ឆ្នាំ២០១៨ ចាប់ពីម៉ោង១២៖០០ថ្ងៃត្រង់ រហូតដល់ម៉ោង១៦៖០០នាទីល្ងាច ផ្អាកការឆ្លងកាត់ច្រកក្លោងទ្វារដៃឆ្នាំង ដើម្បីរៀបចំកម្មវិធីហែក្បួនព្រឹត្តិការណ៍អង្គរសង្រ្កាន្តឆ្នាំ២០១៨។
លើសពីនេះទៀតអាជ្ញាធរជាតិអប្សរាក៏បានសង្ឃឹយ៉ាងមុតមាំថា គ្រប់ក្រសួង មន្ទីរស្ថាប័នជាតិ- អន្តរជាតិ សមាគមន៍ទីភ្នាក់ងារទេសចរណ៍ សមាគមន៍មគ្គុទ្ទេស ទេសចរណ៍ ក្រុមហ៊ុនទេសចរណ៍ សមាគមន៍អ្នកបើកបររថយន្តដឹកជញ្ជូនភ្ញៀវទេសចរណ៍ អ្នកបើកបរដឹកជញ្ជូនភ្ញៀវទេសចរណ៍ ម្ចាស់សណ្ឋាគារ ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ព្រមទាំងសាធារណជនទាំងអស់ និងចូលរួមអនុវត្ត និងជួយផ្សព្វផ្សាយឲ្យបានទូលំទូលាយផងដែរ៕