(សៀមរាប)៖ លោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្តឧត្ដរមានជ័យ នៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៨នេះ បាននាំយកថវិកាជាង៥លានរៀល របស់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងនាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ប្រគល់ជូនថ្នាក់ដឹកនាំ និងសិក្ខាកាមចំនួន១៣៨នាក់ នៅសាលានគរបាលភូមិភាគ៤ ស្ថិតក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប។
ថ្លែងក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ទោ ម៉ែន លី ក៏បាននាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពី សម្ដេចក្រឡាហោម ស ខេង និងនាយឧត្តមសេនីយ៍ នេត សាវឿន ដែលតែងតែយកចិត្តទុកដាក់ ដល់មន្ដ្រីទាំងអស់មិនថាឋានៈណានោះទេ ហើយជាពិសេសក្នុងឱកាសបុណ្យចូលឆ្នាំថ្មីនេះ ថ្នាក់ដឹកនាំក៏សូមជូនពរឲ្យលោកនាយក និងសិក្ខាកាមទាំងអស់កាន់តែសម្រេចនូវគ្រប់ភារកិច្ចទាំងអស់ដែលថ្នាក់ដឹកនាំប្រគល់ជូន។
លោកឧត្តមសេនីយ៍ បានណែនាំដល់លោកនាយកសាលា និងគ្រូនគរបាល ត្រូវខិតខំប្រឹងប្រែងបង្រៀន និងគ្រប់គ្រង់វិន័យរបស់កងកម្លាំងឲ្យបានល្អប្រសើរ ហើយសម្រាប់សិក្ខាកាមវិញ ត្រូវខិតខំប្រឹងប្រែងរៀនសូត្រ ដើម្បីយកចំណេះដឹងទៅបំពេញភារកិច្ចជូនជាតិមាតុភូមិ និងប្រជាពលរដ្ឋទៅតាមសមត្ថកិច្ច និងជំនាញរៀងៗខ្លួន៕