(ភ្នំពេញ)៖ នៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៨នេះ ក្រុមហ៊ុនប៊ែលធី គ្រុប បានប្រារព្ធពិធីជប់លៀងជូនគណៈគ្រប់គ្រង បុគ្គលិក សាស្រ្តាចារ្យ និងលោកគ្រូ-អ្នកគ្រូ សរុបជិត ២.៥០០នាក់ ដើម្បីអបអរសារទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ក្រោមវត្តមានលោក លី ឆេង អគ្គនាយកប៊ែលធីគ្រុប និងជាសាកលវិទ្យាធិការ សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ និងរួមជាមួយលោកស្រី នៅមជ្ឈមណ្ឌលកោះពេជ្រ។
លោក លី ឆេង បានថ្លែងនូវអំណរគុណ និងកោតសរសើរដល់គណៈគ្រប់គ្រង បុគ្គលិក សាស្រ្តាចារ្យ លោកគ្រូ-អ្នកគ្រូទាំងអស់ដែលបានខិតខំ ប្រឹងប្រែងយកអស់កម្លាំងចិត្ត កម្លាំងកាយ ក្នុងការបំពេញភារកិច្ចរបស់ខ្លួនរយៈពេលពេញ១ឆ្នាំ ទាំងផ្នែកប៊ែលធីសំណង់ ប៊ែលធីទេសចរណ៍ និងប៊ែលធីអប់រំ។ ក្នុងនោះប៊ែលធីអប់រំ ចែកចេញជា៣រួមមាន៖
ទី១៖ សាលា ប៊ែលធី អន្តរជាតិ បច្ចុប្បន្នមាន២១ទីតាំង ដែលមានសិស្សកំពុងសិក្សាជាង ៣៧,០០០នាក់
ទី២៖ សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ សាខាទី១ ទួលស្លែង មានកម្ពស់១៥ជាន់ ស្ថិតនៅចំកណ្តាលរាជធានីភ្នំពេញ និងសាខាទី២ ផ្លូវជាតិលេខ៣ រង្វង់មូលចោមចៅ កំពុងសាងសង់ដែលនឹងគ្រោងបើកឱ្យដំណើរការនៅឆ្នាំ២០១៩ ហើយបច្ចុប្បន្នមាននិស្សិតកំពុងសិក្សាជាង ១,០០០នាក់ ដែលមានបង្រៀនជា ២កម្មវិធី៖ I-កម្មវិធីសិក្សាជា ភាសាជាតិ(National Program) ដែលបង្រៀនជាពីរភាសា គឺភាសាខ្មែរ រួមជាមួយភាសាអង់គ្លេស និងមានបន្ថែមជូនថ្នាក់បំប៉នភាសាអង់គ្លេស និងកុំព្យូទ័ររយៈពេល១ឆ្នាំ ដោយឥតគិតថ្លៃ II-កម្មវិធីសិក្សាអន្តរជាតិ (International Program) ដែលបង្រៀនជាភាសាអង់គ្លេស១០០% និងបានកំណត់យកបវេសនកាល១ឆ្នាំពីរដង គឺខែតុលា និងខែមីនា។
និងទី៣៖ ប៊ែលធីទំនាក់ទំនងអន្តរជាតិ មានបម្រើសេវាកម្មធំៗ៣ រួមមាន៖
* បញ្ជូនសិស្ស-និស្សិតឆ្នើម និងនិទ្ទេស A ប៊ែលធី ដែលទទួលបានអាហារូបករណ៍ឧកញ៉ា លី ឆេង ទៅសិក្សានៅក្រៅប្រទេស
* បញ្ជូនសិស្ស-និស្សិតគ្រប់ប្រភេទទូទាំងប្រទេស ដែលមានលទ្ធភាពបង់ថ្លៃសិក្សាទៅសិក្សានៅក្រៅប្រទេស
* បញ្ជូនសិស្ស-និស្សិត ទូទាំងប្រទេសទៅធ្វើទស្សនកិច្ចសិក្សាក្រៅប្រទេស
ក្នុងឱកាសនោះដែរលោក លី ឆេង និងលោកស្រី ក៏បានជូនពរដល់បុគ្គលិកទាំងអស់ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ខាងមុននេះ ព្រមទាំងបានអញ្ជើញចូលរួមរាំលេងកម្សាន្ត និងចាប់ឆ្នោតផ្សងសំណាងជូនបុគ្គលិកទាំងអស់ផងដែរ៕