(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា តាមរយៈទំព័រ Facebook នៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៨នេះ បានបង្ហោះសារថ្មីមួយ ដោយចោទសួរបងប្អូនប្រជាពលរដ្ឋខ្មែរនៅទូទាំងប្រទេសថា «តើបងប្អូនប្រជាពលរដ្ឋបានត្រៀមខ្លួនសម្រាប់ ព្រឹត្តិការណ៍ «អង្គរសង្រ្កាន្ដ» ២០១៨ ហើយឬនៅ?» ដែលនឹងចាប់ផ្ដើមនៅថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៨។
ក្រៅពីរៀបរាប់ពីព្រឹត្តិការណ៍ «អង្គរសង្ក្រាន្ដ» សម្ដេចតេជោ ហ៊ុន សែន ជាថ្មីម្ដងទៀត ក៏បានជូនពរបងប្អូន ជនរួមជាតិទាំងអស់ក្នុងឱកាសឆ្នាំថ្មីនេះ សូមប្រកបដោយសេចក្តីសុខចម្រើនគ្រប់ៗគ្នា។
សម្ដេចតេជោ ហ៊ុន សែន បានបង្ហោះខ្លឹមសារយ៉ាងដូច្នេះថា៖ «រយៈពេល០៣ថ្ងៃចាប់ពីថ្ងៃទី១៤ ដល់ ១៦ ខែមេសា ឆ្នាំ២០១៨ខាងមុខនេះ បងប្អូនប្រជាពលរដ្ឋខ្មែរ នឹងទទួលបាននូវភាពរីករាយ ក្នុងឱកាសបុណ្យចូលឆ្នាំ ប្រពៃណីជាតិខ្មែរ ឆ្នាំច សំរឹទ្ធស័ក ព.ស ២៥៦២ ជាពិសេសនៅលើទឹកដីនៃខេត្តសៀបរាបអង្គរ ដែលនឹងប្រារពព្រឹត្តិការណ៍ «អង្គរសង្រ្កាន្ដ» ចាប់ពីថ្ងៃទី១៣ ដល់ ១៦ មេសា ២០១៨ ដើម្បីចូលរួមអបអរសាទរពិធីបុណ្យចូលឆ្នាំខ្មែរយើងនេះ។
តើបងប្អូនប្រជាពលរដ្ឋបានត្រៀមខ្លួនសម្រាប់ ព្រឹត្តិការណ៍«អង្គរសង្រ្កាន្ដ»២០១៨ ហើយឬនៅ?
ព្រឹត្តិការណ៍«អង្គរសង្រ្កាន្ដ» នឹងនាំមកនូវ ទស្សនីយភាពវប្បធម៌ ប្រពៃណី ល្បែងប្រជាប្រិយខ្មែរ ដ៏សម្បូរបែបរបស់កម្ពុជា នឹងបានផ្ដល់ឱកាសដល់យុវជន ក៏ដូចជាប្រជាពលរដ្ឋខ្មែរទូទៅ និងភ្ញៀវទេសចរជាតិ អន្ដរជាតិបានចូលរួមកម្សាន្តសប្បាយ តាមលក្ខណ:ប្រពៃណីជាតិ និងជាការបំផុសទឹកចិត្តយុវជនកម្ពុជាយើង ឲ្យចាប់អារម្មណ៍ស្វែងយល់កាន់តែច្បាស់ និងចូលរួមចំណែកលើកស្ទួយវប្បធម៌ អរិយធម៌ដ៏ពិសិដ្ឋ និងល្អផូរផង់របស់ជាតិ ជាពិសេសអំពីសិល្ប: របាំប្រជាប្រិយ ល្បែងប្រជាប្រិយខ្មែរ ទំនៀមទម្លាប់ ប្រពៃណី និងសាសនា ដែលកម្ពុជាធ្លាប់ប្រតិបត្តិ និងមានភាពល្បីល្បាញតាំងពីសម័យមហានគរមកនោះ។
សូមជូនពរបងប្អូន ជនរួមជាតិទាំងអស់ក្នុងឱកាសឆ្នាំថ្មីនេះ សូមប្រកបដោយសេចក្តីសុខចម្រើន គ្រប់ៗគ្នា»៕