(ភ្នំពេញ)៖ ក្រសួង​ការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនៅថ្ងៃទី១២​ ខែ មេសា ឆ្នាំ ២០១៨នេះ បានចេញសេចក្តីប្រកាសមួយ ស្តី​ពីការឆបោករបស់ក្រុមហ៊ុន ស៊ី ជេ លេប័រ សឹបផ្លាយ ដោយក្រសួងការងារបានបញ្ជាក់ថា មិនបានផ្តល់អាជ្ញាប័ណ្ណ និងមិនបានអនុញ្ញាតឲ្យក្រុមហ៊ុននេះ ធ្វើការជ្រើសរើស បណ្តុះបណ្តាល និង​បញ្ជូន​ពលករខ្មែរ ទៅធ្វើការនៅប្រទេស​ម៉ាឡេស៊ី ប្រទេសថៃ ប្រទេសគូវ៉ែត តំបន់រដ្ឋបាល​ពិសេសហុងកុង និង​ប្រទេសជប៉ុននោះទេ។

បើយោងតាមសេចក្តីប្រកាស របស់​ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈដែលសារព័ត៌មាន Fresh News ទទួលបានឲ្យដឹងថា ក្រុមហ៊ុន ស៊ី ជេ លេប័រ សឹបផ្លាយ ( CJ LABBOUR SOPPLY CO, LTD ) នេះមានទីតាំងស្ថិត​នៅ អគារលេខ១៣ ផ្លូវលេខ២៧១ ក្រុមទី៧ ភូមិ ត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌ័សែនសុខ រាជធានីភ្នំពេញ បាននឹង​កំពុង​ឆបោកសាធារណជន ដោយបានក្លែង​បន្លំ​ប្រកាសអនុញ្ញាតរបស់ក្រសួង​ការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីធ្វើជាភ្នាក់ងារជ្រើសរើសឯកជនស្របច្បាប់ ដោយបានធ្វើការជ្រើសរើសពលករទៅធ្វើការ នៅតំបន់រដ្ឋបាលពិសេសហុងកុង។

​ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ​ ក៏បានក្រើនរំលឹកដល់សាធារណជន ដែលមានបំណងទៅធ្វើការនៅក្រៅប្រទេសឲ្យ មានការប្រុង​ប្រយ័ត្នខ្ពស់ មិនពេលសម្រេចចិត្តចុះឈ្មោះទៅធ្វើការតាមរយៈក្រុមហ៊ុនណាមួយ ត្រូវពិនិត្យ​លើបញ្ជីឈ្មោះទីភ្នាក់ងារជ្រើសរើសឯកជនស្របច្បាប់ ដែលអនុញ្ញាតដោយ​ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈជាមុនសិន៕