(ភ្នំពេញ)៖ ក្នុងបរិវេណវិទ្យាល័យបាក់ទូក មានការប្រារព្ធពិធីអបអរសាទរ បុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំច សំរឹទ្ធិស័ក ពុទ្ធសករាជ២៥៦២ និងសម្ពោធសមិទ្ធផលនានា ដែលផ្តួចផ្តើមរៀបចំឡើង ដោយការរួបរួមសាមគ្គី របស់អតីតមិត្តរួមជំនាន់ នៃវិទ្យាល័យបាក់ទូក នាទសវត្សទី៨០ នៅថ្ងៃទី០៩ ខែមេសា ឆ្នាំ២០១៨។
ក្នុងកម្មវិធីនេះ ក៏មានការចូលរួមពី ព្រឹទ្ធាចារ្យដែលជាអតីតលោកគ្រូ អ្នកគ្រូ នៃសាលាបាក់ទូក, លោក លោកស្រី ជាអតីតសិស្សសាលាបាក់ទូកនាទសវត្សទី៨០, លោកនាយក នាយករង លោកគ្រូ អ្នកគ្រូ បុគ្គលិកសិក្សា ដែលកំពុងបម្រើការងារនៅក្នុងវិទ្យាល័យបាក់ទូកបច្ចុប្បន្ន, ក្រុមសិស្សកាយរិទ្ធ និងភ្ញៀវកិត្តិយសជាច្រើនទៀត សរុបជិតមួយ១,០០០នាក់ ចូលរួមយ៉ាងអធឹកអធម។
លោក តូច កន្តាល់ នាយកវិទ្យាល័យបាក់ទូក បានគូសបញ្ជាក់ឲ្យដឹងថា សមិទ្ធផលដែលសម្ពោធដាក់ឲ្យ ប្រើប្រាស់ក្នុងថ្ងៃនេះរួមមាន បង្គន់អនាម័យទំនើប សម្រាប់បុរស០៥, បង្គន់អនាម័យសម្រាប់នារី០៤ និងតារាងបាល់បោះ មួយកន្លែងទំហំ ២៨ម៉ែត្រ គុណ១៥ម៉ែត្រសង់ថ្មីទាំងស្រុង។
លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ តំណាងឲ្យមិត្តរួមជំនាន់ នាទសវត្សទី៨០ បានលើកឡើង អំពីប្រវត្តិដែលនាំឲ្យមានកម្មវិធីសម្ពោធក្នុងថ្ងៃនេះដោយសង្ខេបថា ចាប់តាំងពីលោកបានផ្លាស់ពីមេបញ្ជាការ កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ មកធ្វើជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ ក្នុងឆ្នាំ២០១៣ លោកបានស្វែងរកការទំនាក់ទំនងមិត្តភក្តិរួមជំនាន់ ក៏ដូចជាអតីតលោកគ្រូអ្នកគ្រូចាស់ៗ និងបានផ្តួចផ្តើមគំនិត ចងក្រងជាក្រុម ក្នុងប្រព័ន្ធ WhatsApp តាមរយៈមិត្តភក្តិស្គាល់តៗគ្នា រហូតអាចរកឃើញគ្នា មកពីគ្រប់ទិសទីជុំវិញពិភពលោក បានដល់ទៅជិត៣០០នាក់។
ចាប់ពីពេលនោះហើយ ដែលពួកលោកបានជួបគ្នា រំលឹកនូវអនុស្សាវរីយ៍ចាស់ៗ ដឹងពីសុខទុក្ខគ្នាទៅវិញទៅមក រឹតចំណងមិត្តភាពកាន់តែស្និតស្នាល និងបានរួបរួមសាមគ្គីជួយគ្នា ពេលដែលមានមិត្តណាជួបការលំបាក មានជំងឺ ឬជួបអាសន្ន។ ក្រៅពីនេះ ក្រុមអតីតមិត្តរួមជំនាន់របស់លោក បានរួមគ្នាបំពេញកតញ្ញូតា ចំពោះអតីតលោកគ្រូ អ្នកគ្រូ ដោយការយកចិត្តទុកដាក់សួរសុខទុក្ខ និងឧបត្ថម្ភសម្ភារ ថវិកា ជូនដល់ពួកគាត់ជាបន្តបន្ទាប់ ហើយក៏បានផ្តួចផ្តើមគំនិត ចូលរួមគ្នាបរិច្ចាគធនធានផ្ទាល់ខ្លួន មកកសាងសមិទ្ធផល ដែលដាក់សម្ពោធឲ្យប្រើប្រាស់ ក្នុងថ្ងៃនេះសម្រាប់ជាប្រយោជន៍ដល់លោកគ្រូអ្នកគ្រូ បុគ្គលិកសិក្សា និងសិស្សានុសិស្សជំនាន់ក្រោយៗ។
លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានបន្ថែមថា លោកគ្រូអ្នកគ្រូ គឺជាមាតាបិតាទី២ ជាអ្នកមានគុណដ៏ខ្ពង់ខ្ពស់ដែលបានអប់រំទូន្មាន ផ្តល់ចំណេះវិជ្ជា ដល់ពួកលោក រីឯវិទ្យាល័យបាក់ទូកនេះ គឺជាកន្លែងដែលធ្វើឲ្យពួកលោក មានឱកាសបានរាប់អានកល្យាណមិត្តទាំងអស់គ្នា ដូច្នេះក្រុមលោកពិតជា មានមោទនភាពខ្លាំងណាស់ ដែលមានឱកាសមករួមគ្នាបំពេញកតញ្ញូតាចំពោះលោកគ្រូអ្នកគ្រូ និងបានកសាងសមិទ្ធផលជាកេរមរតក ដល់សាលាមួយនេះ ដូចពាក្យចាស់លោកពោលថា «ផឹកទឹកនឹកដល់ប្រភព ជ្រកម្លប់នឹកដល់អ្នកដាំ»។
លោក រ័ត្ន ស្រ៊ាង បានរំលឹកបន្ថែមថា ឋិតក្នុងវ័យមិត្តរួមជំនាន់លោក ក៏ដូចជាលោកគ្រូ អ្នកគ្រូចាស់ៗ គឺសុទ្ធតែបានឆ្លងកាត់ របបប្រល័យពូជសាសន៍ ប៉ុល ពត ពេលនោះគឺវេទនាខ្លាំងណាស់ ម្នាក់ៗមិនមានសេរីភាព សូម្បីតែលើកដៃបន់ព្រះសំពះទេវតា ប្រាថ្នាសុំត្រឹមតែ ហូបឆ្អែតមួយពេលក៏មិនបានផង។ នឹកដល់សម័យដ៏ខ្មៅងងឹតនោះ ម្នាក់ៗសឹងតែមិនជឿថា អាចរស់រៀន មានជីវិតបានឃើញពីការរីកចម្រើន របស់ប្រជាជាតិខ្មែរ និងបានរស់នៅសុខដុមរមនាជួបជុំគ្រួសារ ជួបជុំមិត្តភក្តិ ដូចសព្វថ្ងៃនេះឡើយ។ តែដោយគុណបំណាច់ថ្ងៃ៧ មករា ១៩៧៩ ដែលនាំដឹកនាំដោយឥស្សរជនសំខាន់ៗ ជាពិសេសគឺសម្តេចតេជោ ហ៊ុនសែន និងសម្តេចផ្សេងទៀត បានធ្វើឲ្យកម្ពុជារំដោះផុតពីរបបខ្មៅងងឹត ទទួលបានសន្តិភាពពេញលេញ ជាមួយការរីកចម្រើនក្រោមនយោបាយ ឈ្នះឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន ដែលយើងបានឃើញជាក់ស្តែងស្រាប់។
ដូច្នេះនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខនេះ គឺជាថ្ងៃសម្រេចជោគវាសនា ប្រទេសជាតិយើង សូមកុំភ្លេចទៅចូលរួមបោះឆ្នោតទាំងអស់គ្នា តាមឆន្ទៈរបស់ខ្លួនឯងរៀងៗខ្លួន តែក្នុងនាមយើងជាអ្នកកាន់ព្រះពុទ្ធសាសនា ត្រូវដឹងគុណ អ្នកដែលបាននាំសន្តិភាព, ការអភិវឌ្ឍន៍ជាក់ស្តែង និងបានផ្តល់កំណើតទី២ដល់យើង ឲ្យស្របទៅនឹងពាក្យចាស់ដែលលើកឡើងថា «ផឹកទឹកត្រូវនឹកដល់ប្រភព ជ្រកម្លប់ត្រូវនឹកដល់អ្នកដាំ»។
បន្ទាប់ពីកាត់ខ្សែបូសម្ពោធសមិទ្ធផលរួច គណៈអធិបតី និងភ្ញៀវកិត្តិយសបានចូលរួមពិសារអាហារ សាមគ្គីជាមួយគ្នា និងមានការរាំរែកកំសាន្ដ តាមបែបប្រពៃណីជាតិខ្មែរ យ៉ាងសប្បាយ រីករាយក្រៃលែង។ ក្រោយពេលបញ្ចប់កម្មវិធី លោកគ្រូអ្នកគ្រូ ក្នុងម្នាក់ៗទទួលបានទឹកក្រូច១កេស រួមជាមួយថ្នាំពេទ្យម្នាក់ពីរប្រអប់ ផងដែរ៕