(ពោធិ៍សាត់)៖ នាព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៨នេះ លោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ បានផ្តាំផ្ញើក្នុងពិធីជួបសំណេះសំណាល ចំពោះមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ ដែលកំពុងបម្រើការងារនៅក្នុងសាលាខេត្ត ដែលបានខិតខំប្រឹងប្រែងបម្រើការងារ ទៅតាមតួនាទីភារកិច្ច ជូនសង្គមជាតិ និងជាសេនាធិការឲ្យថ្នាក់ដឹកនាំ ទាំងក្រុមប្រឹក្សា និងគណៈអភិបាលខេត្តទាំងអស់ «ត្រូវធ្វើខ្លួនជាគ្រាប់ពេជ្រ នៅលើជើងពានមាស ប្រសើរជាងធ្វើជាគ្រាប់ក្រួស នៅលើជើងពានមាស»។
លោកបានផ្តាំផ្ញើបែបនេះ ក្នុងឱកាសជួបសំណេះសំណាល និងនាំយកអំណោយ ចែកជូនដល់ប្អូនៗមន្ត្រីរាជការសាលាខេត្តពោធិ៍សាត់ ប្រមាណ១៥៤នាក់ ស្រី៥៧នាក់ ដើម្បីសម្តែងនូវទឹកចិត្តស្រឡាញរាប់អានគ្នា ដូចជាគ្រួសារតែមួយ និងដើម្បីបានជួបជុំក្រុមគ្រួសារ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំច សំរឹទ្ធស័ក ព.ស ២៥៦២ ដែលនឹងខិតជិតមកដល់នាពេលឆាប់ៗនេះ។
លោក ម៉ៅ ធនិន បានផ្តាំផ្ញើទៀតថា «ត្រកូលរបស់យើងខ្ពស់ត្រដែត ស័ក្ដិសមជាជើងពានមាសពិតមែន ក៏ប៉ុន្តែយើងត្រូវធ្វើខ្លួនជាគ្រាប់ពេជ្រនៅលើជើងពានមាស ទើបយើងមានតម្លៃ តែបើយើងមានជើងពានមាសហើយ បែរជាយើងធ្វើខ្លួនជាគ្រាប់ក្រួស គឺមានតម្លៃតែជើងពានមាសទេ រីឯគ្រាប់ក្រួសគឺគ្នានតម្លៃនោះទេ»។
លោកបានផ្តាំផ្ញើបន្ថែមថា «គ្រាប់ពេជ្រគេចង់បានណាស់ ទោះជាធ្លាក់ទៅក្នុងភក់ជ្រាំ ក៏គេទៅច្របាច់ រុករកមកទាល់តែបាន» ចំណុចនេះសូមប្អូនៗពិចារណា...!»។
លោកបានបញ្ជាក់ថា មន្រ្តីរាជការសាលាខេត្ត គឺជាក្បាលម៉ាស៊ីន លើការងារគ្រប់គ្រងនូវរាល់កិច្ចការទាំងអស់ នៅក្នុងខេត្ត ដូចេ្នះត្រូវតែមានចិត្តទូលំទូលាយ មិនរើសអើង ស្មោះត្រង់ ស្អាតស្អំ បង្កើតការសាមគ្គីផ្ទៃក្នុង និងជាមួយមន្ទីរ អង្គភាព ស្រុក-ក្រុង ឃុំ-សង្កាត់ ពិសេសក្នុងការបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ។ ជាមួយគ្នានោះ មន្ត្រីរាជការ ត្រូវបន្តជំរុញការបណ្តុះបណ្តាល និងអភិវឌ្ឍន៍សមត្ថភាព ធនធានមនុស្ស ពង្រឹងការគ្រប់គ្រងឯកសារ លិខិតស្នាម ពង្រឹងការអនុវត្តច្បាប់ និងបទដ្ឋានគតិយុត្តឲ្យបានត្រឹមត្រូវ ម៉ឺងម៉ាត់ និងត្រូវលះបង់នូវភាពអសកម្ម ដើម្បីក្លាយជាកម្លាំងចលករ ក្នុងការរួមចំណែកអភិវឌ្ឍន៍ខេត្ត។
លោកបានបន្តថា ជាងនេះទៅទៀត នៅក្នុងខេត្តយើង បានពិនិត្យឃើញថាមានកន្លែងជាច្រើន ទាំងក្រុង និងស្រុក ត្រូវការធនធានមនុស្ស គឺមានតែក្មួយៗនេះហើយ ជាទំពាំងស្នងឬស្សី ដែលមានសមត្ថភាព អាចនឹងចូលទៅបម្រើការនៅទីនោះ។
លោកបានបន្តទៀតថា ចំពោះការតែងតាំងមន្ត្រី ក៏ត្រូវអនុវត្តទៅតាមច្បាប់ មិនប្រកាន់បក្ខពួក និងសូកប៉ាន់ឡើយ បើមានករណីនេះកើតឡើង ត្រូវបញ្ឈប់ជាបន្ទាន់ ដើម្បីផ្តល់យុត្តិធម៌ ដល់អ្នកគ្មានធនធាន ចំពោះសមត្ថភាពដែលគេមានគ្រប់គ្រាន់។
នៅក្នុងឱកាសនោះ លោក ម៉ៅ ធនិន និងលោកស្រី ហ៊ុន ចាន់ធី បានរៀបចំនូវអំណោយ ជូនដល់មន្រ្តីរាជការប្រមាណ ១៥៤នាក់ ក្នុងម្នាក់ៗទទួលបាន អង្ករ១០គីឡូក្រាម និងថវិកា ២០ម៉ឺនរៀល និងបានប្រារព្ធពិធីសូត្រមន្ត ចម្រើនព្រះបរិត្ត ជូនដល់ថ្នាក់ដឹកនាំ មន្ទីរ និងមន្ត្រីរាជការចំណុះសាលាខេត្ត ដើម្បីអបអរសាទរបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ គ.ស ២០១៨ នៅលើអគាររដ្ឋបាលថ្មីផងដែរ៕