(កំពង់ចាម)៖ កម្លាំងនគរបាលខេត្តកំពង់ចាម បានឃាត់ខ្លួនជនសង្ស័យស្រីប្រុស២នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន នៅរសៀលថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៨នេះ នៅចំណុចភូមិតាប៉ាង ឃុំតាប្រុក ស្រុកចំការលើ។

ស្នងការនគរបាលខេត្តកំពង់ចាម លោកឧត្តមសេនីយ៍ទោ ឯម កុសល បានឲ្យដឹងថា ប្រតិបត្តិការនេះធ្វើឡើងដោយ កម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀន​​ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកចំការលើ​ និងស្ទឹងត្រង់ ដោយប្រើវិធានញុះញង់។

បើតាមលោកឧត្តមសេនីយ៍ស្នងការ ជនសង្ស័យដែលបានឃាត់ខ្លួន ទី១៖ ឈ្មោះ​ ឱ សុផល ​ភេទស្រី អាយុ៤៥ឆ្នាំ​ នៅភូមិតាប៉ាង១ ឃុំតាប្រុក ស្រុកចំការលើ និងទី២៖ ឈ្មោះ ង៉ូវ ប៊ុនហេង ​​អាយុ២៥ឆ្នាំ​ នៅភូមិតាប៉ាង២ ឃុំតាប្រុក ស្រុកចំការលើ ក្នុងនោះដកហូតបាន ម្សៅក្រាមពណ៌សសង្ស័យថ្នាំញៀន០៤កញ្ចប់ ​និងទូរស័ព្ទដៃ០១គឿង និងប្រាក់ញុះញង់៣៥០,០០០រៀល និងឧបករណ៍សេពមួយចំនួន។​ ក្រោយឃាត់ខ្លួនជនសង្ស័យត្រូវបានបញ្ជូនទៅការិយាល័យជំនាញ ដើម្បីចាត់ការបន្ដតាមនីតិវិធី៕