(ភ្នំពេញ)៖ កម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ​នៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៨នេះ បានបង្ហាញដីកាបង្គាប់ចាប់ខ្លួនជនល្មើស ចំនួន៤ដីកា ដែលពាក់ព័ន្ធការបង្កហិង្សាលើលោកបណ្ឌិត ស៊ុយ សារ៉េត ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ កាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៨កន្លងទៅ។

តាមរយៈអង្គភាព Fresh News នៅថ្ងៃនេះ លោក ប៊ុន សត្យា នាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល បានអំពាវនាវដល់ប្រជាពលរដ្ឋ ​ប្រសិនបើឃើញជនល្មើសទាំងអស់នេះ សូមរាយការណ៍ជូនសមត្ថកិច្ចនៅការិយាល័យជំនាញ ដើម្បីតាមចាប់ខ្លួនយកមកផ្ដន្ទាទោស តាមច្បាប់ឲ្យខាងតែបាន។

បើតាមលោក ប៊ុន សត្យា ជនសង្ស័យដែលបានបង្កហិង្សាទៅលើ លោកបណ្ឌិត ស៊ុយ សារេត និងវាយរថយន្ដបណ្ដាលឲ្យរងការខូចខាតស្ទើរទាំងស្រុងទាំងអស់មានចំនួន១១នាក់ និងបានឃាត់ខ្លួន៣នាក់ និង៨នាក់ផ្សេងទៀត ដែលនៅសេសសល់ បានស្គាល់អំពីអត្តសញ្ញាណអស់ហើយ និងកំពុងបន្តស៊ើបអង្កេត ស្វែងរកឃាត់ខ្លួន ដើម្បីយកមកផ្ដន្ទាទោសតាមច្បាប់ ក្នុងការអនុវត្តឲ្យមានប្រសិទ្ធភាព តាមបទបញ្ជារបស់នាយឧត្តមសេនីយ៍ ជួន សុវណ្ណ ស្នងការនគរបាលរាជធានីភ្នំពេញ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៨ លោកសាស្ដ្រាចារ្យបណ្ឌិត ស៊ុយ សារ៉េត ដែលជាគ្រូបង្រៀន នៅសាកលវិទ្យាល័យកម្ពុជា ត្រូវបានមនុស្សមួយក្រុម ខ្លះប្រដាប់ដោយដុំថ្មធំៗ​ ឈើ ព្រួតវាយរងរបួសយ៉ាងធ្ងន់ធ្ងរ ហូរឈាមឡើងជោគអាវ និងបំផ្លាញរថយន្ដខូចខាតយ៉ាងខ្លាំង ព្រោះតែខឹងលោកបើករថយន្ដបុករះនៅតាមផ្លូវ។

ជាមួយគ្នានេះ បើតាមការសាកសួរជាជំហ៊ានដំបូង នៅក្នុងព្រឹត្តិការណ៍កាល​នេះ លោក ស៊ុយ សារ៉េត បានបាត់បង់ថវិកាជិត៣០០០ដុល្លារ និងទូរស័ព្ទចំនួន២គ្រឿងផងដែរ៕