(ភ្នំពេញ)៖ ពិតជាមានភាពកក្រើក ពេញបណ្ដាញហ្វេសប៊ុក និងមហាជនទូទៅ ខណៈខ្សែភាពយន្តរឿង «វិបល្លាស​ រចនា» បានបើកសម្ពោធជាផ្លូវ នាយប់ថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៨នេះ នៅរោងភាពយន្ត Major ផ្សារទំនើប សូរីយា ដោយមានការអញ្ជើញចូលរួម ពីសំណាក់តារាសម្ដែងក្នុងរឿង និងអ្នកដឹកនាំសម្ដែង, ផលិតករ មកពីផលិតកម្មនានាទៀតផង។

យ៉ាងណាមិញ បន្ទាប់ពីបានបង្ហោះ Trailer ​បានតែប៉ុន្មានថ្ងៃសោះ មានអ្នកចាប់អារម្មណ៍យ៉ាងច្រើន ព្រមទាំងមានការចែកចាយ ស៊ែរ តៗគ្នា ពេញបណ្ដាញសង្គមហ្វេសប៊ុក។ អ្វីដែលពិសេសនោះ គឺឈុតឆាកនៃផ្ទៃរឿងទាំងមូល មានភាពស្រើបស្រាលច្រើន រហូតដល់អ្នកដឹកនាំសម្ដែង មិនឲ្យក្មេង មានអាយុក្រោម១៨ឆ្នាំ ចូលទស្សនាទៀតផង។

ជាការពិតណាស់ ខ្សែភាពយន្តបែបមនោសញ្ចេតនា ពោរពេញទៅដោយបញ្ហា សេ​ចក្ដីខឹង​ក្រោធ ភ្លើងស្នេហា ការឈឺចាប់ រវាងតួឯកស្រី ជាមួយនឹងបុរសម្នាក់ បង្កើតបានជាសាច់រឿង មានភាពសាំញ៉ាំ ជំពាក់ជំពិន បញ្ហាចាក់ស្រេះ កើតមានមិនចេះចប់មិនចេះហើយ។ គ្រប់ចំណងប្រទាក់ក្រឡាទាំងនោះ មានតែ​នៅក្នុងរឿង «វិបល្លាស​ រចនា» ដែលជាខ្សែភាពយន្តរបស់ស្នាដៃកូនខ្មែរ និង​ផលិតដោយខ្មែរ ថែមទាំងមានទស្សនិយភាពប្លែកៗ ចម្លែកអារម្មណ៍ គ្រប់ឈុតឆាក សុទ្ធសឹងតែល្អមើល ប្លែកអារម្មណ៍ ឆ្លុះបញ្ចាំងពីតថភាពជាក់ស្ដែង ក្នុងសង្គម​នាពេលបច្ចុប្បន្ន។

គួរបញ្ជាក់ថា «វិបល្លាស​ រចនា» ផលិតដោយ លោក សាង ច័ន្ទវិសាល ដែលលោកក៏ធ្លាប់សាងស្នាដៃ តាមរយៈរឿង២០ដុល្លារ ព្រមទាំងចូលរួមសម្ដែង ពីតារាកត្តិយសជាច្រើន ដូចជា វីនិច្ច វីរៈហង្ស ម៉ារីនី ផល ពៅវីរ័ត្ន ឡោម លក្ខិណា៕