(ភ្នំពេញ)៖ លោកសាស្ដ្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ដ្រីក្រសួងសុខាភិបាល នៅថ្ងៃទី១៣ ខែមេសា ឆ្នាំ២០១៨ស្អែកនេះ នឹងដឹកនាំគណៈប្រតិភូក្រសួងសុខាភិបាល អញ្ជើញទៅចូលរួមសន្និសីទអន្ដរជាតិ ថ្នាក់រដ្ឋមន្ដ្រី ស្ដីពីសុវត្ថិភាពអ្នកជំងឺ លើកទី៣ ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៨ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន។
បើតាមសេចក្ដីប្រកាសព័ត៌មាន ដែលអង្គភាពទទួលបាននៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៨នេះ បានបញ្ជាក់ថា សន្និសីទលើកទី៣នេះ ត្រូវបានរៀបចំឡើង ក្នុងគោលបំណង ដើម្បីលើកកម្ពស់ និងដាក់បញ្ចូលសារសំខាន់ នៃសុវត្ថិភាពអ្នកជំងឺទៅក្នុងប្រព័ន្ធសុខាភិបាល របស់ប្រទេសនីមួយៗ នៅទូទាំងពិភពលោក ព្រមទាំងលើកម្ពស់កិច្ចសហការរវាងប្រទេសទាំងអស់លើពិភពលោក ស្ដីពីបញ្ហានេះ។
លោករដ្ឋមន្ដ្រី ម៉ម ប៊ុនហេង នឹងអញ្ជើញថ្លែងបទអន្ដរាគមន៍ ដែលនឹងផ្ដោតលើចំណុចសំខាន់ចំនួន២ ទី១៖បទពិសោធន៍ដែលកម្ពុជា បានអនុវត្តគោលនយោបាយ សុវត្ថិភាពអ្នកជំងឺ និងការរួមបញ្ចូលបញ្ហានេះទៅក្នុងប្រព័ន្ធសុខាភិបាល និងទី២៖ តួនាទីរបស់សុវត្ថិភាពអ្នកជំងឺ រួមចំណែកសម្រេចបានការគ្របដណ្ដប់សេវាសុខភាពជាសាកល។
លោករដ្ឋមន្ដ្រី ក៏នឹងអញ្ជើញជួបជាលក្ខណៈទ្វេភាគី ជាមួយសមភាគីជប៉ុន គឺលោក Kato Katsunobu រដ្ឋមន្ដ្រីក្រសួងសុខាភិបាល ការងារ និងសុខុមាលភាព នៃប្រទេសជប៉ុន ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យសុខាភិបាល ក៏ដូចជារឹតចំណងមិត្តភាពរវាងប្រជាជន នៃប្រទេសទាំង២ផងដែរ៕