(ភ្នំពេញ)៖ ពលរដ្ឋខ្មែរ៣០នាក់ ដែលរងគ្រោះដោយសារ ការចាញ់បោកមេខ្យល់ ទៅធ្វើការដោយខុសច្បាប់នៅប្រទេសម៉ាឡេស៊ី ទៅលក់ឆ្នោតនៅប្រទេសវៀតណាម និងត្រូវជួញដូរទៅកាន់ប្រទេសថៃ ត្រូវបានស្ថានទូតកម្ពុជា ប្រចាំប្រទេសទាំងនោះ ជួយអន្តរាគមន៍ នាំមកកាន់ប្រទេសកម្ពុជាវិញ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៨។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស បានឲ្យដឹងថា ពលរដ្ឋខ្មែរទាំង ៣០នាក់ បានវិលមកដល់ប្រទេសកំណើតវិញអស់ គិតត្រឹមថ្ងៃទី០៩ ខែមេសា ឆ្នាំ២០១៨ កន្លងទៅ។
សម្រាប់នៅប្រទេសម៉ាឡេស៊ី ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ី បានសហការជាមួយអាជ្ញាធរមានសមត្ថកិច្ចម៉ាឡេស៊ី ដោះស្រាយបញ្ហា និងរៀបចំមាតុភូមិនិវត្តន៍របស់ពលរដ្ឋខ្មែរចំនួន១២នាក់ ក្នុងនោះពលករ មានចំនួន៣នាក់ និងពលការិនី៧នាក់ ដែលបានទៅធ្វើការដោយខុសច្បាប់នៅប្រទេសម៉ាឡេស៊ី និង២នាក់ទៀតជាកុមារ។ ពលរដ្ឋទាំង១២នាក់នោះ បានមកដល់កម្ពុជាវិញ ជាបន្តបន្ទាប់ ចន្លោះពីថ្ងៃទី៣១ ខែមីនា ដល់ថ្ងៃទី០៩ ខែ មេសា ឆ្នាំ២០១៨ ។
ចំពោះនៅប្រទេសវៀតណាមវិញ ស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំទីក្រុងហូជីមិញ បានសហការជាមួយអាជ្ញាធរវៀតណាម រៀបចំមាតុភូមិនិវត្តន៍របស់ពលរដ្ឋខ្មែរ១៤នាក់ (ក្នុងនោះកុមារមានចំនួន១១នាក់) មានអាយុចន្លោះពី២ឆ្នាំដល់៦៧ឆ្នាំ មកពីខេត្តស្វាយរៀង ដែលចូលទៅស្នាក់នៅនិងប្រកបរបរលក់ឆ្នោតដោយខុសច្បាប់នៅក្នុងប្រទេសវៀតណាម។ អាជ្ញាធរវៀតណាម បានរៀបចំអោយពលរដ្ឋខ្មែរស្នាក់នៅបណ្តោះអាសន្នក្នុងមជ្ឈមណ្ឌលគាំពារសង្គមក្នុងទីក្រុងហូជីមិញ មុនពេលបញ្ជូនមកស្ថានអគ្គកុងស៊ុល។ ស្ថានអគ្គកុងស៊ុល បានជូនពលរដ្ឋទាំង១៤នាក់ មកកម្ពុជាវិញ នៅថ្ងៃទី០៩ ខែ មេសា ឆ្នាំ ២០១៨ តាមច្រកទ្វារព្រំដែនអន្តរជាតិបាវិត ដើម្បីប្រគល់ជូនអាជ្ញាធរកម្ពុជា ចាត់ចែងបញ្ជូនបន្តទៅស្រុកកំណើត។
ដោយឡែកនៅប្រទេសថៃវិញ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃ រួមនឹងស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំខេត្តសាកែវ បានសហការជាមួយអាជ្ញាធរថៃ រៀបចំបញ្ជូនកុមារីចំនួន៤នាក់ មានអាយុចន្លោះពី៣ឆ្នាំដល់១៣ឆ្នាំ ដែលទទួលរងគ្រោះដោយការជួញដូរមនុស្ស ត្រឡប់មកកម្ពុជាវិញតាមច្រកអន្តរជាតិប៉ោយប៉ែត កាលពីថ្ងៃទី២២ ខែ មីនា ឆ្នាំ២០១៨៕
ខាងក្រោមនេះជាសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស៖