(ព្រះវិហារ)៖ នៅព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៨នេះ រដ្ឋបាលសាលាខេត្តព្រះវិហារ បាននិមន្តព្រះសង្ឃសូត្រមន្តប្រោះព្រហ្មលើករាសី ក្នុងគោលបំណងសុំពរជ័យ ដើម្បីត្រៀមទទួលសាទរទេវតាឆ្នាំថ្មី ឆ្នាំច សិរីសួស្តីគ្រប់ប្រការពីទេវតាឆ្នាំថ្មី នឹងជួយដល់លោក លោកស្រី គណៈអភិបាលខេត្ត ក្រុមប្រឹក្សាខេត្តមន្ដ្រីរាជការទាំងអស់ ឲ្យជួបតែសេចក្តីសុខចម្រើន ទទួលបានជោគជ័យ បន្ថែមទៀតនៅគ្រប់ភារកិច្ចរបស់ខ្លួន។
ក្នុងពិធីសូត្រមន្ត ប្រោះព្រហ្មទទួលទេវតាឆ្នាំថ្មីនេះ បានប្រព្រឹត្តទៅក្រោមវត្តមានរបស់លោក ឡុង សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្ត និងលោក អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ ព្រមទាំងមន្ដ្រីរាជការ កងកម្លាំងប្រដាប់អាវុធជាច្រើនរូបផងដែរ។
លោក អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ ក៏បានធ្វើការបួងសួង សូមឲ្យបារមីដ៏ស័ក្តសិទ្ធិ តាមជួយថែរក្សាការពារដល់ថ្នាក់ដឹកនាំ នៃរាជរដ្ឋាភិបាលគ្រប់ជាន់ថ្នាក់ ឲ្យទទួលបានជោគជ័យនៅឆ្នាំថ្មី ព្រមទាំងបានធ្វើការឧទ្ទិសបួងសួង ដល់ទេវតាឆ្នាំថ្មី ឆ្នាំច សំរឹទ្ធិស័ក ដែលមានទេវតាព្រះនាម មហោទរាទេវី សូមជួយប្រោះព្រហ្មប្រសិទ្ធិពរជ័យ សិរីមង្គល បវរសួស្តីរ វិបុលសុខគ្រប់ប្រការ ដល់គណៈអភិបាលខេត្ត ក្រុមប្រឹក្សាខេត្ត ថ្នាក់ដឹកនាំ មន្ត្រីរាជការ អ្នកមុខអ្នកការ ស្ថាប័ន អង្គភាពជុំវិញខេត្ត។
ក្នុងឱកាសនោះដែរ ក៏មានការនិមន្តព្រះសង្ឃ និងសីលវ័ន្តសីសវតី ធ្វើពិធីរាប់បាត្រ ដើមី្បឧទ្ទិសកុសលផលបុណ្យ ជូនដល់វិញ្ញាណក្ខន្ធ មាតាបិតា ជីដូនជីតា ញ្ញាតិកាទាំងប្រាំពីរសណ្តាន បុព្វការីជន និងកម្មាភិបាល យុទ្ធជន យុទ្ធនារី ដែលបានពលីក្នុងបុព្វហេតុរំដោះជាតិមាតុភូមិ និងប្រជាជនដែលបានស្លាប់ ដោយភាពអយុត្តិធម៌ ក្នុងរបបប្រល័យពូជសាសន៍ (ប៉ុលពត) ដែលបានចែកឋានទៅកាន់លោកខាងមុខ ក៏ដូចជាឧទ្ទិសកុសដល់សពលោក ព្រាប តាន់ អតីតអភិបាលខេត្តព្រះវិហារផងដែរ។
បន្ថែមពីនេះ ក៏មានការសម្តែងនូវរបាំត្រុដ៏ ដើមី្បធ្វើការបណ្តេញចេញនូវឧបឌ្រុបចង្រៃយឆ្នាំចាស់ និងទទួលយកនូវពរជ័យសិរីមង្គលឆ្នាំថ្មី ជូនដល់គណៈអភិបាលខេត្ត ក្រុមប្រឹក្សាខេត្ត ថ្នាក់ដឹកនាំ មន្ត្រីរាជការជុំវិញខេត្ត បំពេញការងារភារកិច្ចឆ្នាំថ្មី ឲ្យបានទទួលជោគជ័យ។
ជាការលើកទឹកចិត្តដល់ថ្នាកដឹកនាំ មន្ត្រីរាជការដែលបំរើការក្នុងរដ្ឋបាលខេត្តព្រះវិហារ លោកអ៊ុន ចាន់ដាបានរៀបចំពិធីសំណេះសំណាលនិងជូនថវិការដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការគ្រប់ៗរូបនិងបានធ្វើការអំពាវនាវអោយមន្ត្រីរាជការយើងត្រូវរួបរួមសាមគ្គីគ្នាដើម្បីអោយការងារក្នុងខេត្តយើងទទួលបានជោគជយ័៕