Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អាជ្ញាធរខេត្តព្រះវិហារកម្ពុជា និងខេត្តយ៉ាឡាយវៀតណាម សន្យារឹតចំណងសាមគ្គីភាព នៅតាមមូលដ្ឋានបន្ថែមទៀត

12-04-2018 14:27

(ព្រះវិហារ)៖ គណៈប្រតិភូវៀតណាមនៃខេត្តយ៉ាឡាយ ប្រទេសវៀតណាម ដឹកនាំដោយលោក ចូវ ង៉ុកទន់ អនុប្រធានលេខាបក្សកុម្មុយនីស្តវៀតណាម ខេត្តយ៉ាឡាយ និងក្រុមការងារ បានសន្យាពង្រឹងសាមគ្គីភាពបន្ថែមទៀត ចាប់តាំងពីថ្នាក់ ក្រុង ស្រុក រហូតដល់មូលដ្ឋានផ្សេងៗ ជាពិសេសការរឹតចំណងសាមគ្គីភាព មិត្តភាពរបស់យុវជនជំនាន់ក្រោយ។

ការអះអាងនេះ បានធ្វើឡើងក្នុងពេលដែល គណៈប្រតិភូវៀតណាម បានមកជូនពរក្នុងឱកាសឆ្នាំថ្មីដល់ថ្នាក់ដឹកនាំ នៃខេត្តព្រះវិហារ និងបានទទួលជួបដោយលោក អ៊ុន ចាន់ដា អភិបាលខេត្ព្រះវិហារ ព្រមទាំងថ្នាក់ដឹកនាំ មេបញ្ជាការកងរាជអាវុធហត្ថខេត្ត ស្នងការនគរបាលខេត្ត នាព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៨នេះ។

នៅក្នុងជំនួបនោះលោក អ៊ុន ចាន់ដា បានលើកឡើងថា ខេតព្រះវិហារ និងខេត្តយ៉ាឡាយ របស់ប្រទេសវៀតណាម បានរឹតចំណងសាមគ្គីភាពជាមួយគ្នាជាយូរមកហើយ ប្រជាជនខេត្តព្រះវិហារ បានទទួលផលប្រយោជន៍ជាច្រើនពីខេត្តយ៉ាឡាយ ក្នុងនោះមានទាំងវិស័យពាណិជ្ជកម្ម និងការទូតផងដែរ។

ជាមួយគ្នានេះលោក ចូវ ង៉ុកទន់ បានលើកឡើងដែរថា ប្រទេសទាំងពីរ បានស្រឡាញរាប់អានគ្នា សាមគ្គីគ្នា យោគយល់គ្នា ជាពិសេសជាប្រទេសភូមិផងរបងជាមួយគ្នា ដែលធ្លាប់បានតស៊ូជាមួយគ្នា។ លោកបានបន្តថា ខេត្តយ៉ាឡាយ នឹងបន្តការសាមគ្គីគ្នាដល់យុវជនជំនាន់ក្រោយ ហើយសម្រួលឲ្យយុវជនរវាងប្រទេសទាំងពីរ នឹងបានជួបគ្នារឹតចំណងសាមគ្គីគ្នាបន្តទៀត៕