(ភ្នំពេញ)៖ លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានអាជ្ញាធរជាតិអប្សរា រួមទាំងថ្នាក់ដឹកនាំ មន្ត្រី-បុគ្គលិកអាជ្ញាធរជាតិអប្សរាទាំងអស់ នាព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៨នេះ បានរៀបចំពិធីសូត្រមន្តលើករាសី ដោយនិមន្តព្រះសង្ឃចំនួន៧អង្គ​ មកចម្រើនព្រះបរិត្ត និងប្រគេនទេយ្យទានតាមទំនៀមទម្លាប់ព្រះពុទ្ធសាសនា ដើម្បីសុំសុខសិរីសួស្តី អបអរសាទរឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលនឹងចូលមកដល់នៅថ្ងៃ១៤រោច ខែចែត្រ ឆ្នាំច នព្វស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៨ ខាងមុខនេះ។

លោកស្រី ភឿង សកុណា បានមានមតិសំណេះសំណាល សាកសួរសុខទុក្ខដល់ថ្នាក់ដឹកនាំ មន្ត្រី និងបុគ្គលិកក្រោមបង្គាប់ទាំងអស់ ហើយបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំគ្រប់នាយកដ្ឋាន រួមទាំងមន្ត្រី-បុគ្គលិកគ្រប់រូបនៃអាជ្ញាធរជាតិអប្សរា ដែលបានលះបង់កម្លាំងកាយចិត្ត បំពេញការងារអភិរក្ស ជួសជុលសម្បត្តិវប្បធម៌ខ្មែរ បានយ៉ាងល្អ ប្រកបដោយស្មារីទទួលខុសត្រូវខ្ពស់ ក្នុងការលើកកម្ពស់តម្លៃមរតកដូនតា ដោយមិនគិតពីការនឿយហត់ និងបញ្ហាប្រឈមនានាដែលកើតឡើងក្នុងការបំពេញការងារនៅតំបន់អង្គរ។

ប្រធានអាជ្ញាធរជាតិអប្សរា ក៏បានជូនពរដល់ថ្នាក់ដឹកនាំ មន្ត្រី និងបុគ្គលិកគ្រប់រូប ឲ្យទទួលបាននូវសេចក្តីសុខចម្រើន នាឱកាសឆ្នាំថ្មី ហើយសូមឱ្យការជួបជុំនេះប្រកបដោយភាពសប្បាយរីករាយ សុខដុមរមនាក្នុងគ្រួសារ និងសុខសុវត្ថិភាព គ្រប់ពេលវេលា៕