(ភ្នំពេញ)៖ តាមរបាយការណ៍ចុងក្រោយ របស់ធនាគារពិភពលោក ស្តីពីស្ថានភាពសេដ្ឋកិច្ចក្នុងតំបន់ ដែលទើបចេញផ្សាយនៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៨នេះ បានលើកឡើងថា កំណើនសេដ្ឋកិច្ចនៅប្រទេសដែលកំពុងអភិវឌ្ឍន៍ ក្នុងតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វ៊ិក ត្រូវបានគេរំពឹងទុកថា នឹងបន្តរក្សាភាពរឹងមាំដដែល ហើយកំណើននេះនឹងមានដល់ទៅ ៦.៣ភាគរយ ក្នុងឆ្នាំ២០១៨។
របាយការណ៍ចុងក្រោយ របស់ធនាគារពិភពលោក ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១២ ខែមេសានេះបានឲ្យដឹងទៀតថា ការរំពឹងទុកថា សេដ្ឋកិច្ចសាកលលោកនឹងបន្តងើប ឡើងទូលំទូលាយ ហើយតម្រូវការប្រើប្រាស់ ក្នុងស្រុកនឹងនៅតែរក្សាបានភាពរស់រវើក ដែលជាមូលដ្ឋាននាំឲ្យមានការប្រមើលអនាគត នៃសេដ្ឋកិច្ចប្រកបដោយភាពវិជ្ជមានបែបនេះ។ យ៉ាងណា ក៏ដោយហានិភ័យកំពុងកើតឡើងថ្មីៗ ចំពោះស្ថិរភាព និងកំណើនប្រកបដោយចីរភាព តម្រូវឲ្យមានការយកចិត្តទុកដាក់ឲ្យបានដិតដល់។
របាយការណ៍ដែលមានចំណងជើងថា «បង្កើនសក្តានុពល» (Enhancing Potential) ជាការចេញផ្សាយខែមេសា ឆ្នាំ២០១៨នៃ បច្ចុប្បន្នភាពសេដ្ឋកិច្ចតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វ៊ិក របស់ធនាគារពិភពលោក បានគូសបញ្ជាក់ថា បើទោះជាមានការរំពឹងទុកល្អក៏ដោយ អ្នកធ្វើគោលនយោបាយ នៅក្នុងតំបន់យកល្អ គួរតែទទួលស្គាល់ ហើយរកវិធីលៃលក ដោះស្រាយជាមួយបញ្ហាប្រឈមនានា ដែលកំពុងតែលេចឡើង។
របាយការណ៍បន្ថែមទៀតថា ការយកចិត្តទុកដាក់ ចំពោះហានិភ័យរយៈពេលខ្លី ទាក់ទិនជាមួយកំណើនការប្រាក់លឿន ហួសពីការស្មាននៅក្នុងបណ្តាប្រទេសសេដ្ឋកិច្ចជឿនលឿន និងលទ្ធភាពនៃការកើនភាពតានតឹង ក្នុងការធ្វើពាណិជ្ជកម្ម តម្រូវឲ្យមានការរឹតត្បិត ផ្នែកគោលនយោបាយរូបិយវត្ថុ និងការត្រៀមបម្រុងទ្រនាប់សារពើពន្ធឲ្យធំជាងបច្ចុប្បន្ន។ ការជំរុញបង្កើនផ្នែកវិនិយោគសាធារណៈ និងឯកជន ផ្នែកកំណើនផលិតកម្ម និងផ្នែកមូលធនមនុស្ស គឺជាគន្លឹះសម្រាប់លើកកម្ពស់កំណើនសេដ្ឋកិច្ច ក្នុងរយៈពេលវែង។
បើតាមរបាយការណ៍ របស់ធនាគារពិភពលោក បានលើកឡើងថា សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា បន្តរីកចម្រើនខ្លាំងក្លា ទោះជាមាននិន្នាការថយចុះបន្តិចក្តី។ កំណើនពិតត្រូវ បានប៉ាន់ស្មានថា ថមថយចុះមកត្រឹម៦.៨ ភាគរយក្នុងឆ្នាំ ២០១៧។ បន្ទាប់ពីមានការថយល្បឿនគួរឲ្យកត់សម្គាល់ ការនាំចេញវាយនភ័ណ្ឌ និងសម្លៀកបំពាក់ បានស្ទុះឡើងវិញ។ វិស័យទេសចរណ៍ និងកសិកម្ម បានបន្តងើបឡើងតទៅទៀត។ កំណើនសេដ្ឋកិច្ចកម្ពុជាត្រូវបានព្យាករថា នឹងនៅតែមានភាពរឹងមាំ និងមានកំណើន ៦.៩ ភាគរយ នៅឆ្នាំ ២០១៨នេះ។
របាយការណ៍បានបញ្ជាក់ទៀតថា ហានិភ័យ ដែលធ្វើឲ្យប៉ះពាល់ ដល់ទស្សនវិស័យសេដ្ឋកិច្ច រួមមានភាពធ្លាក់ចុះ នៃការប្រកួតប្រជែង ក្នុងការនាំចេញដោយសារ តែការកើនឡើងនៃប្រាក់ឈ្នួលពិតឆាប់រហ័ស ហានិភ័យនានាដែល ទាក់ទងនឹងការ អូសបន្លាយនៃការរីកចម្រើនដ៏ខ្លាំងក្លា នៃវិស័យសំណង់ និងភាពមិនប្រាកដ ប្រជាដែលអាចកើតមាន ពាក់ព័ន្ធនឹងការបោះឆ្នោត៕