(កំពង់ស្ពឺ)៖ នៅព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ ២០១៨នេះ លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំគណៈប្រតិភូ ក្រសួង ចុះសួរសុខទុក្ខកងទ័ពជើងទឹក នៃបញ្ជាការដ្ឋានការពារកោះឆ្នេរ ស្ថិតនៅក្នុងឃុំអូរ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ មុនឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ។

នៅក្នុងពិធីជួបសំណេះសំណាលនេះ លោក លឹម គានហោ បានថ្លែងថា ក្នុងនាមថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់នៃក្រសួងធនធានទឹក និងឧតុនិយម ក៏ដូចជាបងប្អូនប្រជាពលរដ្ឋកម្ពុជា សូមសំដែងនូវការដឹងគុណចំពោះមេបញ្ជាការ មេបញ្ជាការរង នាយនាវី នាយនាវីរង ពលនាវីទាំងអស់ នៃបញ្ជាការដ្ឋានការពារកោះឆ្នេរ ដែលបានធ្វើពលីកម្មគ្រប់បែបយ៉ាង ដើម្បីការពារសុខសន្តិភាព សេចក្តីសុខក្សេមក្សាន្ត និងសុវត្ថិភាពរបស់ប្រជាពលរដ្ឋ ក៏ដូចជាជាតិមាតុភូមិ។

នាឱកាសនោះលោក លឹម គានហោ បានបន្តថា ដោយសារសុខសន្តិភាពនេះហើយ ទើបអាចបង្កលក្ខណៈឱ្យកម្ពុជាធ្វើការកសាង និងអភិវឌ្ឍន៍ ប្រទេសជាតិ បានរីកចម្រើនដូចសព្វថ្ងៃ ដូចនេះលោកមានការពេញចិត្តយ៉ាងខ្លាំង ចំពោះការប្តេជ្ញាចិត្តរបស់មេបញ្ជាការដែលបានលើកឡើងថា ទោះក្នុងតម្លៃណាក៏ដោយ ក៏ត្រូវតែការពារឱ្យបាននូវសុខសន្តិភាព ទប់ស្កាត់នូវរាល់ល្បិចកលនានា ក្នុងការផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់។

លោករដ្ឋមន្ត្រី បានបញ្ជាក់ថា ក្នុងនាមជាសមរភូមិក្រោយ ក៏ដូចជាសម្ព័ន្ធមេត្រីភាព លោកបានប្តេជ្ញាចិត្នៅតែបន្តការជួយឧបត្ថម្ភគាំទ្រដល់បញ្ជា ការដ្ឋានទាំងស្មារតី សម្ភារ និងថវិកា ដើម្បីជួយលើកកម្ពស់នូវជីវភាពរបស់កងទ័ព គ្រួសារកងទ័ព និងការសាងសង់នូវហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ នៅក្នុងបញ្ជាការដ្ឋានផងដែរ។

ក្នុងឱកាសនោះផងដែរ លោកមរដ្ឋមន្រ្តី ក៏បានឧបត្ថម្ភ ថវិកាចំនួន៥ម៉ឺនដុល្លារ សម្រាប់ការបន្តសាងសង់អគារស្នាក់នៅរបស់កងទ័ព, រួមជាមួយថវិកា និងគ្រឿងឧបភោគ បរិភោគ សម្រាប់រៀបចំ ពិធីបុណ្យចូលឆ្នាំថ្មី នៅក្នុងបញ្ជាការដ្ឋានរួមមាន៖ ថវិកាចំនួន៤០លានរៀល សម្រាប់ចែកជូនកងទ័ព ដោយក្នុងម្នាក់ៗ ទទួលបានថវិកា២ម៉ឺនរៀល, ស្រាបៀ១០០កេស, មី១០០កេស, ទឹកត្រី២៥យួរ, ទឹកស៊ីអ៊ីវ២៥យួរ, ទឹកសុទ្ធ១៥០កេស និងទឹកក្រូច ៥០កេស៕